Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសាភិបាលធនាគារជាតិនៃកម្ពុជា អរគុណដល់ IMF ដែលបន្តផ្តល់ជំនួយបច្ចេកទេស មកធនាគារជាតិនៃកម្ពុជា

10-12-2019 11:10

(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានបន្ដគាំទ្រផ្តល់ជំនួយបច្ចេកទេស មកធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍវិស័យធនាគារ ឱ្យមានការរីកចម្រើន និងរឹងមាំដូចពេលបច្ចុប្បន្ន។

ការថ្លែងអំណរគុណរបស់លោកទេសាភិបាលនេះ ធ្វើឡើងក្នុងឱកាសដែលលោក អនុញ្ញាតឱ្យលោក Vassili Prokopenko សេដ្ឋវិទូជាន់ខ្ពស់នៃនាយកដ្ឋានទីផ្សារទុន និងរូបិយវត្ថុ របស់ IMF ចូលជួបសម្តែងការគួរសម និងណែនាំលោក Clemens Bonner ជំនាញការផ្នែកស្ថិរភាពហិរញ្ញវត្ថុ ដល់ធនាគារជាតិនៃកម្ពុជា។

លោកទេសាភិបាលបានស្វាគមន៍ និងថ្លែងអំណរគុណ IMF ដែលបន្តផ្តល់ជំនួយបច្ចេកទេស មកធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍវិស័យធនាគារឱ្យមានការរីកចម្រើន និងរឹងមាំដូចពេលបច្ចុប្បន្ន។

លោកបានបន្ដថា IMF បានយកចិត្តទុកដាក់លើ ស្ថិរភាពហិរញ្ញវត្ថុនេះ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលមក ដោយសារតែស្ថិរភាពហិរញ្ញវត្ថុ ពិតជាមានសារៈសំខាន់ណាស់ ចំពោះវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចទាំងមូល។

សូមជម្រាបថា លោក Clemens Bonner នឹងចាប់ផ្ដើមបេសកកម្មរបស់ខ្លួន នៅដើមឆ្នាំ២០២០ខាងមុខនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវជំនាញសមត្ថភាព របស់មន្ត្រីធនាគារជាតិនៃកម្ពុជា ក្នុងការតាមដាន វិភាគ និងអនុវត្តគោលនយោបាយម៉ាក្រូ ប្រុងប្រយ័ត្ននានាប្រកបដោយប្រសិទ្ធភាព៕