(ភ្នំពេញ)៖ ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់អនុសាសន៍ចំនួន៤ចំណុច ជូនដល់សហព័ន្ធអតីតយុទ្ធជនអាស៊ាន ដើម្បីសម្រេចនូវ សមិទ្ធផលថ្មីៗបន្ថែមទៀត។
អនុសាសន៍ចំនួន៤របស់សម្តេចតេជោ ហ៊ុន សែន រួមមានដូចខាងក្រោម៖
១៖ សហព័ន្ធអតីតយុទ្ធជនអាស៊ានត្រូវរួមគ្នាបន្តជំរុញការលើកកម្ពស់ប្រណិតភាពជីវិត និងការពារផលប៉ះពាល់នៃអាយុកាលដែលបញ្ហាលមកពីសង្គ្រាមទៅលើសុខភាព អតីតយុទ្ធជន តាមរយៈការការពារសិទ្ធិស្របច្បាប់ ដើម្បីអត្ថប្រយោជន៍រួមរបស់អតីតយុទ្ធជនដោយសារសង្គ្រាម និងក្រុមគ្រួសាររបស់ពួកគេជាមួយនឹងការទទួលស្គាល់ផ្លូវច្បាប់នៃសមាគមអតីតយុទ្ធជន នៃបញ្ហាប្រទេសជាសមាជិកសហព័ន្ធ។
២៖ សហព័ន្ធអតីតយុទ្ធជនអាស៊ានត្រូវរួមគ្នារៀបចំគោលនយោបាយ ផែនការសកម្មភាព និងយន្តការអនុវត្តនានា ដើម្បីពង្រីកវិស័យអតីតយុទ្ធជនឱ្យបានកាន់តែទូលំទូលាយ ជាពិសេសការបន្តលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនឱ្យស័ក្តិសមទៅនឹងគុណបំណាច់របស់ពួកគេ តាមរយៈការលើកទឹកចិត្តខាងផ្នែកស្មារតីការផ្តល់កិត្តិយស ការផ្គត់ផ្គង់ដល់ជីវភាពរស់នៅឱ្យបានសមរម្យស្រប តាមស្ថានភាពនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម។
៣៖ ត្រូវបន្តលើកកម្ពស់សមត្ថភាពចំណេះដឹងឱ្យបានទូលំទូលាយដល់អតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាមនៅក្នុងតំបន់ តាមរយៈការរៀបចំជាកម្មវិធីអភិវឌ្ឍ សិក្ខាសាលាការចែកចចាយព័ត៌មាន ការផ្លាស់ប្តូរបទបិសោធន៍ ចំណេះដឹងព័ត៌មានវិទ្យា និងសកម្មភាពដទៃទៀត ដែលជាគុណប្រយោជន៍សម្រាប់សមាជិកសហព័ន្ធអតីតយុទ្ធជនអាស៊ាន។
៤៖ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ សូមបន្តចូលរួមឱ្យកាន់តែសកម្មឡើង ដើម្បីពង្រីកវិសាលភាពនៃការលើកទឹកចិត្តដល់អតីតយុទ្ធជនអាស៊ាន ការការពារសិទ្ធិរស់រានមានជីវិត សុវត្ថិភាពបុគ្គលជាមួយនឹងការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពឱ្យកាន់តែជិតស្និទ្ធ ដើម្បីបង្កើតនូវកិច្ចសហការគ្នាល្អ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដែលជាប្រយោជន៍រួមរបស់សហព័ន្ធអតីតយុទ្ធជនអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែបំពេញការងាររបស់គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធ អតីតយុទ្ធជនអាស៊ាន ដែលបានរួមគ្នាបំពេញការងារយ៉ាងសកម្មធ្វើឲ្យមហាសន្និបាត ប្រព្រឹត្តទៅប្រកបដោយខ្លឹមសារ និងរបៀបវារៈស្របតាមគោលដៅជាអាទិភាពរបស់ខ្លួន។
ក្រៅពីការផ្តល់អនុសាសន៍ទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា សមាគមអតីតយុទ្ធជនកម្ពុជា និងសហព័ន្ធអតីតយុទ្ធជនអាស៊ាន នឹងបន្តកិច្ចសហការកាន់តែជិតស្និទ្ធក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីជំនះនូវរាល់បញ្ហាប្រឈមនានា ទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនដោយសារសង្គ្រាមសំដៅរួមចំណែក សម្រេចបានគោលដៅរបស់សហព័ន្ធអតីតយុទ្ធជនអាស៊ាន គឺសន្តិភាព វិបុលភាព និងភាពសុខដុមរមនាជាមួយនឹងការលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អតីតយុទ្ធជនទាំងក្នុងតំបន់ និងនៅលើពិភពលោក៕