(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩។ ពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន មកពីបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។
នៅឆ្នាំ២០១៩នេះ កម្ពុជា ត្រូវបានទទួលធ្វើជាម្ចាស់ផ្ទះ និងជាប្រធានបន្តវេនពីប្រទេសឡាវ ក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣២ និងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ ដែលបានគ្រោងទុកទៅតាមខ្លឹមសាររបៀបវារៈនៃកិច្ចប្រជុំមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។ សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ហើយបច្ចុប្បន្នមានសមាជិកចំនួន១០ប្រទេស ដូចជាព្រុយណេដារ៉ូសាឡឹម, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សឹង្ហបុរី, ថៃ, និងវៀតណាម។
ខាងក្រោមជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩៖
សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ថ្លែងក្នុងឱកាសមហាសន្និបាតសហភ័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ ថ្ងៃអង្គារ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣, រាជធានីភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៩។
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិអន្តរជាតិ សមាជិក សមាជិកា អង្គមហាសន្និបាត ជាទីមេត្រី !
ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួមនៅក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ ដែលប្រារព្ធឡើងយ៉ាងអធិកអធមនាពេលនេះ។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណឯកឧត្តម លោកជំទាវ ប្រធាន-អនុប្រធានសហព័ន្ធអតីតយុទ្ធជនអាស៊ាន ព្រមទាំងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន នៃបណ្ណប្រទេសជាសមាជិកសហព័ន្ធ ដែលបានអញ្ជើញចូលរួមក្នុងមហាសន្និបាតដ៏មានសារៈសំខាន់នេះ ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែបំពេញការងាររបស់គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធ អតីតយុទ្ធជនអាស៊ាន ដែលបានរួមគ្នាបំពេញការងារយ៉ាងសកម្មធ្វើឲ្យមហាស ន្និបាត ប្រព្រឹត្តទៅប្រកបដោយខ្លឹមសារ និងរបៀបវារៈស្របតាមគោលដៅជាអាទិភាពរបស់ខ្លួន។
កម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនសហព័ន្ធអតីតយុទ្ធជនអាស៊ាន ស្របតាមសកម្មភាពការងារ និងគោលបំណងដែលបានគ្រោងទុក តាមរយៈ ការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អ្នកតំណាងមកពីបញ្ហាប្រទេសសមាជិក សហព័ន្ធអតីតយុទ្ធជនអាស៊ានចំពោះវិស័យអតីតយុទ្ធជន ដែលប្រទេសសមាជិកអាស៊ានទទួលស្គាល់ថា ជាផ្នែកមួយនៃកិច្ចការមនុស្សធម៌អាស៊ាន ទាំងបច្ចុប្បន្ន និងអនាគត។
ជាការពិត ប្រវត្តិអតីតយុទ្ធជនដែលបានឆ្លងកាត់សង្គ្រាម ពិតជាមានភាពស្រដៀងគ្នានៅគ្រប់បណ្តាប្រទេសនៅលើពិភពលោក ក្នុងន័យនេះក្រុមជនដែលបានធ្វើពលិកម្ម ដើម្បីជាតិមាតុភូមិរបស់ខ្លួន គឺជានិមិត្តរូបនៃស្មារតីលះបង់ខ្ពស់ជាមួយនឹងមនសិកាស្នេហាជាតិរបស់ខ្លួន ដែលត្រូវបានចារឹកទុកនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនីមួយៗ។
ជាក់ស្ដែង អតីតយទ្ធជនដោយសារសង្គ្រាមនៅកម្ពុជាបានឆ្លងកាត់នូវទុក្ខសោក និងមហាវិនាសកម្មដោយសារសង្គ្រាមជាបន្តបន្ទាប់ និងជាច្រើនជំនាន់ ចាប់ពីសង្គ្រាមឥណ្ឌូចិន ពីឆ្នាំ១៩៧០ ដល់ ១៩៧៥ និងរបបប្រល័យពូជសាសន៍ ប៉ុលពត ពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ ព្រមទាំងបន្តមានបញ្ហាប្រឈមជាច្រើនដែលកម្ពុជាត្រូវដោះស្រាយទាំង ផ្នែកសេដ្ឋកិច្ចសង្គម នយោបាយនិងការទូត ជាពិសេសការតស៊ូ ជាមួយនឹងសង្គ្រាមស៊ីវិលរាំរ៉ៃជាបន្តបន្ទាប់នៅក្នុងប្រទេស។
បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាព នៅចុងឆ្នាំ១៩៩៨ តាមរយៈការដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» កម្ពុជាទទួលបាននូវការឯកភាពទឹកដីទាំងស្រុង គ្រប់កងកម្លាំងប្រដាប់អាវុធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៃអតីតយុទ្ធជនដោយសារសង្គ្រាម បានធ្វើសមាហរណកម្មក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួយ។ នេះគឺជាមូលដ្ឋានគ្រឹះធ្វើឱ្យមានស្ថិរភាពនយោបាយ ជាមួយនឹងការនាំមកនូវសុខសន្តិភាព ពេញលេញគ្របដណ្តប់ពេញផ្ទៃប្រទេស។
ជាបន្តបន្ទាប់ កម្ពុជាបានផ្តោតការយកចិត្តទុកដាក់ និងដោះស្រាយលើបញ្ហាជាអាទិភាពសំខាន់ៗរបស់ជាតិ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា លើគ្រប់វិស័យរួមទាំងការអនុវត្តគោលនយោបាយជាតិ ស្តីពីអតីតយុទ្ធជនតាមរយៈការខិតខំប្រឹងប្រែងបង្កើនសកម្មភាពនានាលើវិស័យអតីតយុទ្ធជន សំដៅធានាដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនជាមួយក្រុមគ្រួសារ រួមមានការផ្តល់សេវាថែទាំអតីតយុទ្ធជនការគាំពារសុខភាព និងការឧបត្ថម្ភសម្ភារៈចាំបាច់ទាំងឡាយការជួយបណ្តុះបណ្ហាលវិជ្ជាជីវៈ ការដោះស្រាយការងារ មុខរបរការផ្តល់សម្បទានដីសង្គមកិច្ច ការជួយសាងសង់លំនៅឋាន ដើម្បីឱ្យពួកគេមានធនធាន ដីធ្លី មានលំនៅដ្ឋាន និងអាចប្រកបមុខរបរផ្សេងៗ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ។
ទាំងអស់នេះគឺជាប្រពៃណីដ៏ថ្លៃថ្លារបស់ប្រជាជាតិកម្ពុជា ដែលមានតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ក្នុងការជួយគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់មនសិការស្នេហាជាតិដល់យុវជនជំនាន់ក្រោយ ចំពោះអតីតយុទ្ធជនដោយសារសង្គ្រាមដែលបានលះបង់ និងពលីជីវិតក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ។
សហព័ន្ធអតីតយុទ្ធជនអាស៊ាន ដែលជាអង្គភាពមនុស្សធម៌របស់អាស៊ានបាន និងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម តាមរយៈការយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជន ក្នុងបញ្ហាប្រទេសជាសមាជិកអាស៊ានដែលជាផ្នែកមួយ នៃសកម្មភាពក្នុងក្របខ័ណ្ឌអាស៊ាន។ ដូច្នេះដើម្បីឱ្យសហព័ន្ធនេះសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងក្របខណ្ឌផែនការសកម្មភាពអាស៊ាន ខ្ញុំសូមចូលរួមចែករំលែកនូវមតិមួយចំនួនដូចខាងក្រោម៖
១៖ សហព័ន្ធអតីតយុទ្ធជនអាស៊ានត្រូវរួមគ្នាបន្តជំរុញការលើកកម្ពស់ប្រណិតភាពជីវិត និងការពារផលប៉ះពាល់នៃអាយុកាលដែលបញ្ហាលមកពីសង្គ្រាមទៅលើសុខភាព អតីតយុទ្ធជន តាមរយៈការការពារសិទ្ធិស្របច្បាប់ ដើម្បីអត្ថប្រយោជន៍រួមរបស់អតីតយុទ្ធជនដោយសារសង្គ្រាម និងក្រុមគ្រួសាររបស់ពួកគេ ជាមួយនឹងការទទួលស្គាល់ផ្លូវច្បាប់នៃសមាគមអតីតយុទ្ធជន នៃបញ្ហាប្រទេសជាសមាជិកសហព័ន្ធ។
២៖ សហព័ន្ធអតីតយុទ្ធជនអាស៊ានត្រូវរួមគ្នារៀបចំគោលនយោបាយ ផែនការសកម្មភាព និងយន្តការអនុវត្តនានា ដើម្បីពង្រីកវិស័យអតីតយុទ្ធជនឱ្យបានកាន់តែទូលំទូលាយ ជាពិសេសការបន្តលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន ឱ្យស័ក្តិសមទៅនឹងគុណបំណាច់របស់ពួកគេ តាមរយៈការលើកទឹកចិត្តខាងផ្នែកស្មារតី ការផ្តល់កិត្តិយស ការផ្គត់ផ្គង់ដល់ជីវភាពរស់នៅឱ្យបានសមរម្យស្រប តាមស្ថានភាពនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម។
៣៖ ត្រូវបន្តលើកកម្ពស់សមត្ថភាពចំណេះដឹងឱ្យបានទូលំទូលាយដល់អតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាមនៅក្នុងតំបន់ តាមរយៈការរៀបចំជាកម្មវិធីអភិវឌ្ឍ សិក្ខាសាលាការចែកចចាយព័ត៌មាន ការផ្លាស់ប្តូរបទបិសោធន៍ ចំណេះដឹងព័ត៌មានវិទ្យា និងសកម្មភាពដទៃទៀត ដែលជាគុណប្រយោជន៍សម្រាប់សមាជិកសហព័ន្ធអតីតយុទ្ធជនអាស៊ាន។
៤៖ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ សូមបន្តចូលរួមឱ្យកាន់តែសកម្មឡើង ដើម្បីពង្រីកវិសាលភាពនៃការលើកទឹកចិត្តដល់អតីតយុទ្ធជនអាស៊ាន ការការពារសិទ្ធិរស់រានមានជីវិត សុវត្ថិភាពបុគ្គលជាមួយនឹងការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពឱ្យកាន់តែជិតស្និទ្ធ ដើម្បីបង្កើតនូវកិច្ចសហការគ្នាល្អ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដែលជាប្រយោជន៍រួមរបស់សហព័ន្ធអតីតយុទ្ធជនអាស៊ាន។
ខ្ញុំសង្ឃឹមថា សមាគមអតីតយុទ្ធជនកម្ពុជា និងសហព័ន្ធអតីតយុទ្ធជនអាស៊ាន នឹងបន្តកិច្ចសហការកាន់តែជិតស្និទ្ធក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីជំនះនូវរាល់បញ្ហាប្រឈមនានា ទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនដោយសារសង្គ្រាមសំដៅរួមចំណែក សម្រេចបានគោលដៅរបស់សហព័ន្ធអតីតយុទ្ធជនអាស៊ាន គឺសន្តិភាព វិបុលភាព និងភាពសុខដុមរមនាជាមួយនឹងការលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អតីតយុទ្ធជនទាំងក្នុងតំបន់ និងនៅលើពិភពលោក។
នៅទីបញ្ចប់ ជាមួយនឹងការប្រកាសបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ នាពេលនេះ ខ្ញុំសូមជួនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា អង្គមហាសន្និបាត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សូមទទួលបាននូវសុខភាពបរិបូរណ៍ជាមួយនឹងសេចក្តីសុខ សេចក្ដីចម្រើន និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច៕