(ភ្នំពេញ)៖ កិច្ចប្រជុំពិភាក្សានៃក្រុមការងារភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-សភាពាណិជ្ជកម្មចិន (កម្ពុជា) លើកទី១ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងជាសហប្រធានក្រុមការងារ និងលោក Jing Jun ប្រធានសភាពាណិជ្ជកម្មចិន (កម្ពុជា) និងជាសហប្រធានក្រុមការងារ។
កិច្ចប្រជុំនេះរៀបចំឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ដែលជាកិច្ចប្រជុំលើកទីមួយ របស់ក្រុមការងារភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-សភាពាណិជ្ជកម្មចិន (កម្ពុជា) បន្ទាប់ពីមានការបង្កើត និងដាក់ដំណើរការនូវក្រុមការងារនេះ តាមរយៈប្រកាសលេខ ៧៧៥ សហវ.ប្រក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធ្វើឡើងក្នុងគោលបំណងពិភាក្សាការងារ និងសម្ដែងការគួរសមរវាងសមាជិកក្រុមការងារភាពជាដៃគូ អគ្គនាយកដ្ឋានពន្ធដារ-សភាពាណិជ្ជកម្មចិន (កម្ពុជា)។
លោក គង់ វិបុល បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានចូលរួមរបស់លោកប្រធានសភាពាណិជ្ជកម្មចិន (កម្ពុជា) ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ រួមជាមួយនឹងតំណាងក្រុមហ៊ុនខាងភាគីចិន ជាសមាជិកក្រុមការងារ ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ និងបានគូសបញ្ជាក់អំពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលសារពើពន្ធ និងសភាពាណិជ្ជកម្មចិន (កម្ពុជា) និងការបន្តរឹតបន្ដឹងកិច្ចសហការនេះ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការផ្ដល់សេវាជូនអ្នកជាប់ពន្ធបន្ថែមទៀត។
លោកប្រធានសភាពាណិជ្ជកម្មចិន (កម្ពុជា) ក៏បានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានពន្ធដារ ដែលជានិច្ចកាល តែងយកចិត្តទុកដាក់លើការលើកឡើងនូវសំណើ ក៏ដូចជាបញ្ហាប្រឈមនានារ បស់វិស័យឯកជននាពេលកន្លងមក។
អង្គប្រជុំបានពិភាក្សាលើចំណុចសំខាន់ៗពាក់ព័ន្ធនឹងពន្ធដារ ដែលបានលើកឡើងដោយភាគីសភាពាណិជ្ជកម្មចិន (កម្ពុជា) ដែលមាន១៥ចំណុចរួមមាន៖ ១, ការកំណត់ពន្ធឡើងវិញ ២,ការអនុវត្តពន្ធលើប្រាក់បៀវត្ស ចំពោះអត្ថប្រយោជន៍បន្ថែម លើអ្នកជាប់ពន្ធអនិវាសនជន ៣, ការកាត់កងចំណាយ ចំពោះចំណាយលើសេវាលំហែកំសាន្ត ៤, ការលើកទឹកចិត្តផ្នែកពន្ធដារចំពោះគម្រោងវិនិយោគធំៗ ៥, ការស្នើសុំអត្ថប្រយោជន៍ តាមកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ៦, ការស្នើសុំឥណទានយោងចំពោះអត្ថប្រយោជន៍ តាមកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ៧, ការពង្រឹងប្រសិទ្ធភាព នៃការធ្វើសវនកម្មពន្ធដារ ៨, ការកំណត់ពន្ធឡើងវិញ ចំពោះប្រាក់បៀវត្សនិងអត្ថប្រយោជន៍បន្ថែម របស់បុគ្គលិកអនិវាសនជន ៩, ការអនុវត្តចំពោះចំណាយបង្កើតសហគ្រាស និងការស្នើឥណទានអាករលើតម្លៃបន្ថែម ១០, ការអនុវត្តការលើកលែងអាករលើតម្លៃបន្ថែម ១១, ការអនុវត្តចំពោះប្រាក់កក់នៃភតិសន្យា ១២, ការស្នើសុំឥណទាន និងបង្វិលសងអាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ ១៣, ការអនុវត្តចំណាយ ចំពោះសហគ្រាសដែលមិនមានវិក្កយបត្រត្រឹមត្រូវ ១៤, ការអនុវត្តយន្តការលើកទឹកចិត្ត ដូចសកម្មភាពកាត់ ដេរ និងតម្រឹម របស់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ និង ១៥, ការស្នើសុំវិញ្ញបនបត្រអនុលោមភាពសារពើពន្ធ។
ឆ្លើយតបនឹងចំណុចសំខាន់ៗ ដែលបានលើកឡើងនេះ អគ្គនាយកដ្ឋានពន្ធដារបានពន្យល់ បកស្រាយបំភ្លឺយ៉ាងក្បោះក្បាយ ផ្អែកលើទិដ្ឋភាពច្បាប់ និងការអនុវត្តប្រកបដោយ លក្ខណៈបច្ចេកទេស និងបានផ្ដល់នូវដំណោះស្រាយ លើករណីមួយចំនួនដែលបានលើកឡើងនេះផងដែរ។ តាមរយៈនេះ តំណាងសភាពាណិជ្ជកម្មចិន (កម្ពុជា) បានទទួលយក និងសម្ដែងអំណរសាទរ ចំពោះការពន្យល់បំភ្លឺ និងដំណោះស្រាយដែលបានផ្ដល់ ជូនដោយអគ្គនាយកដ្ឋានពន្ធដារ ក្នុងន័យចូលរួមដោះស្រាយ ដល់បញ្ហាប្រឈមនិងមន្ទិលសង្ស័យនានា របស់វិស័យឯកជនពាក់ព័ន្ធ។
លោក គង់ វិបុល ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និត នាពេលកន្លងមក ជាមួយសភាពាណិជ្ជកម្មចិន (កម្ពុជា) តាមរយៈការរៀបចំកិច្ចប្រជុំ និងការរៀបចំសិក្ខាសាលាអប់រំផ្សព្វផ្សាយ ដល់វិស័យឯកជន ជាសមាជិកនៃសភាពាណិជ្ជកម្មចិន (កម្ពុជា)។ ម៉្យាងទៀត កិច្ចសហការដ៏ល្អប្រសើរនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការគាំទ្រ យ៉ាងពេញទំហឹង និងជំនឿទុកចិត្តរបស់រដ្ឋបាលសារពើពន្ធ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ចំពោះវិនិយោគបរទេសដែលធ្វើការវិនិយោគ នៅកម្ពុជា៕