(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩។
ពិធីបើកមហាសន្និបាតនេះធ្វើឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន មកពីបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៩នេះ កម្ពុជា ត្រូវបានទទួលធ្វើជាម្ចាស់ផ្ទះ និងជាប្រធានបន្តវេនពីប្រទេសឡាវ ក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣២ និងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ ដែលបានគ្រោងទុកទៅតាមខ្លឹមសាររបៀបវារៈនៃកិច្ចប្រជុំមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។
សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ហើយបច្ចុប្បន្នមានសមាជិកចំនួន១០ប្រទេស ដូចជាព្រុយណេដារ៉ូសាឡឹម, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សឹង្ហបុរី, ថៃ, និងវៀតណាម។
សហព័ន្ធនេះបង្កើតឡើង ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ប្រណិតភាពជីវិត ផលប៉ះពាល់នៃអាយុកាល និងផលប៉ះពាល់ដោយសារសង្គ្រាមមកលើសុខភាព និងសង្គមកិច្ចចំពោះជនរងគ្រោះដោយសារសង្គ្រាម និងផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅ ដល់បណ្ដាប្រជាជន ដើម្បីសម្រេចកិច្ចសហប្រតិបត្តិការឈានទៅរកភាពសុខដុមរមនា យុត្តិធម៌សង្គម និងសន្ដិភាព។
សហព័ន្ធនេះក៏មានបេសកកម្មផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅជាសកលនូវ ទស្សនៈស្មារតី ការលើកសរសើរ និងអត្ថប្រយោជន៍នៃបណ្ដាប្រទេសក្នុងតំបន់ និងជំរុញការពារភាពស្របច្បាប់ នៃអត្ថប្រយោជន៍អតីតយុទ្ធជនដោយសារសង្គ្រាម និងជនរគ្រោះដោយសារសង្គ្រាម ជាមួយនឹងការទទួលស្គាល់ផ្លូវច្បាប់ នៃសមាគមអតីតយុទ្ធជនបណ្ដាប្រទេសជាសមាជិកសហព័ន្ធ។
លើសពីនេះ ក៏ជំរុញការផ្លាស់ប្ដូរអតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាមក្នុងតំបន់ ដោយរៀបចំជាកម្មវិធីអភិវឌ្ឍន៍ សិក្ខាសាលា ការចែកចាយព័ត៌មានវិទ្យា និងសកម្មភាពដ៏ទៃទៀតដែលជាគុណប្រយោជន៍សម្រាប់សមាជិក ហើយសហព័ន្ធនឹងពង្រឹងវិសាលភាពនៃការលើកទឹកចិត្ត និងការចូលរួមពីថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិកនីមួយៗ ដើម្បីការពារសិទ្ធិរស់រានមានជីវិត សាមគ្គីភាព និងសុវត្ថិភាពផ្ទាល់ខ្លួន។
ចំពោះសកម្មភាព និងកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវបានទទួលស្គាល់ដោយអាស៊ានថា ជាអង្គភាពមនុស្សធម៌ ដែលបាននឹងកំពុងធ្វើសកម្មភាពដោយផ្ទាល់ជាមួយអតីតយុទ្ធជនដោយសារសង្គ្រាម និងក្រុមគ្រួសារអតីតយុទ្ធជនដោយសារសង្គ្រាម។ ជាមួយគ្នានេះ អាស៊ានបាននឹងកំពុងពិនិត្យលក្ខណៈសម្បត្តិរបស់សហព័ន្ធ ដើម្បីដាក់បញ្ចូលសហព័ន្ធអតីតយុទ្ធជនអាស៊ានជាផ្នែកមួយនៃសកម្មភាពអាស៊ាន។
ជាមួយគ្នានេះសមាជិកសហព័ន្ធអតីតយុទ្ធជនអាស៊ាន តែងតែអនុវត្តជាប្រចាំនូវគោលបំណង របស់សហព័ន្ធមានដូចជា៖ ការផ្លាស់ប្តូទស្សនកិច្ចប្រតិភូបណ្តាប្រទេសជាសមាជិក ដើម្បីស្វែងយល់ និងដកស្រង់បទពិសោធន៍អំពីការផ្តល់សេវា និងការលើកកម្ពស់ដល់អតីតយុទ្ធជន។ ប្រទេសជាសមាជិកតែងតែសហការ និងផ្តល់ការហ្វឹកហ្វឺនបំប៉នជំនាញទៅវិញទៅមកដល់អតីតយុទ្ធជន។ ប្រទេសជាសមាជិកតែងតែសហការ និងផ្តល់ការហ្វឹកហ្វឺនបំប៉នជំនាញទៅវិញទៅមកដល់អតីតយុទ្ធជន ដោយយោងតាមពិធីសារនៃការយោគយល់រវាងប្រទេស និងប្រទេសជាសមាជិក និងការផ្តល់ជំនួយឧបត្ថម្ភដោយផ្ទាល់ដល់អតីតយុទ្ធជនរវាងប្រទេសសមាជិក៕