(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំបើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំបុណ្យផ្កាប្រាក់មហាសាមគ្គី និងពិធីសិតដាវដែកកំពង់ស្វាយ ដែលនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ នៅវត្តឥន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ) ក្រោមអធិបតីភាព លោក សុខ លូ អភិបាលខេត្ត រសៀលថ្ងៃចន្ទ ១៣ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុងស្រុកនិងកងកម្លាំង។

ជាមួយគ្នានោះដែរលោក សុខ លូ បានលើកឡើងថាក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យនេះគឺដើម្បីប្រមូលបច្ច័យយកទៅកសាងរូបសំណាកដែកកំពង់ស្វាយ ដែលគ្រោងសាងសង់ឡើង នៅចំណុចផ្លូវបំបែកផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ស្ថិតនៅភូមិថ្នល់បែកឃុំត្រពាំងឫស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំ ។

លោកបានបន្តថារូបសំណាកនេះគ្រោងសាងសង់ដោយជើងទម្រសង់អំពីបេតុងដែលមានអង្កត់ផ្ចិត ៦ ម៉ែត្រ កម្ពស់ ២,៣៥ ម៉ែត្រ ចំណែកដាវសាងឡើងអំពីស្ពាន់ដែលមានបណ្ដោយ ៦,៤០ ម៉ែត្រ ទទឹង ០,៤៥ ម៉ែត្រ ទម្ងន់ ១៣០០ គីឡូក្រាម ដែលផ្សំធាតុមាស ប្រាក់ ទង់ដែង ចំនួន ១០០ គីឡូក្រាមថែមទៀត ។

ចំពោះសម្ភារៈដែលមានជាលោហៈស្ពាន់ មាស ប្រាក់ទង់ដែងគឺតាមកម្លាំងសទ្ធារបស់បងប្អូនចូលរួម ធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមឲ្យបានច្រើន​និងស្វែងរកថវិកាក្នុងការចូលរួមកសាងសិតដាវដែកកំពង់ស្វាយនេះឲ្យបានល្អមានគុណភាពទុកជាកេរ្តិ៍ដំណែលរាប់រយឆ្នាំទៅមុខ៕