(ភ្នំពេញ)៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដោយមានការសម្របសម្រួលពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវតាមចាប់ក្លោងទទួលផលចោរកម្ម ក្នុងករណីប្លន់យកម៉ូតូចំនួន២ករណីផ្ទួនៗ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យកាលពីជាង១០ថ្ងៃកន្លងទៅនោះ ពេលនេះត្រូវបានកម្លាំងទាំង២តាមចាប់ខ្លួនបាននៅឯខេត្តស្ទឹងត្រែង ក្រោយពីជនសង្ស័យបានរត់គេចទៅលាក់ខ្លួនបានជាង១០ថ្ងៃដើម្បីយកមកចាត់ការតាមផ្លូវច្បាប់។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យប្រាប់ភ្នាក់ងារព័ត៌មានFresh News ឲ្យដឹងនៅយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះថាការចាប់ខ្លួនជនសង្ស័យខាងលើនៅចំណុចភូមិត្រពាំងឬស្សី ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្ទឹងត្រែង។
ជនសង្ស័យជាមេក្លោងទទួលផលចោរកម្មខាងលើមាន ឈ្មោះវ៉ាន់ សាវឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានស្រុកកំណើត ភូមិត្រពាំងឬស្សី ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្ទឹងត្រែង មានទីលំនៅផ្ទះជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សូមរំលឹកថា កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាក្នុងករណីប្លន់ យកម៉ូតូចំនួន២ករណីផ្ទួនៗ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ។ រហូតឈានដល់ការបង្ក្រាបក្រុមចោរប្លន់ទាំងនោះបានចំនួន៣នាក់និងដកហូតម៉ូតូរបស់ជនរងគ្រោះបានត្រឡប់មកវិញផងដែរ
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ក្រុមចោរប្លន់ខាងលើនេះ បានធ្វើសកម្មភាពធាក់ និងដេញកាប់ប្លន់យកម៉ូតូពីជនរងគ្រោះ កាលវេលាម៉ោង០៣៖១៥នាទី ទាបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចផ្លូវបេតុងមុខរោងចក្រក្លេតភី ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
លោកអធិការ បានឲ្យដឹងថា ជនសង្ស័យទី១៖ឈ្មោះ មួន ភិរ័ក្ស អាយុ១៨ឆ្នាំ មុខរបររៀនជួសជុលម៉ូតូ, ទី២៖ ឈ្មោះ កែវ សុភាព អាយុ១៧ឆ្នាំ មុខរបរសិស្ស និងទី៣៖ឈ្មោះ គង់ ប៊ុនសី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ក្នុងនោះសមត្ថកិច្ចដកហូតម៉ូតូ ដែលប្លន់ពីជនរងគ្រោះ មួយគ្រឿងម៉ាក Honda C125 ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HI-0319។ ចំណែកជនរងគ្រោះមានឈ្មោះ គា សុភារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
លោក យឹម សារ៉ាន់ បានឲ្យដឹងថា ក្រោយពីក្រុមជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពប្លន់ទៅលើជនរងគ្រោះសម្រេចភ្លាមៗនោះ។ កម្លាំងរបស់លោក បានបើកប្រតិបត្តិការស្រាវជ្រាវ យ៉ាងក្តៅគគុកប្រើពេលមិនដល់៤៨ម៉ោង រហូតកំណត់មុខសញ្ញា និងបើកប្រតិបត្តិការបង្ក្រាបបានចំនួន៣នាក់ និងដកហូតម៉ូតូរបស់ជនរងគ្រោះមកវិញតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕