(ម៉ានីល)៖ កម្ពុជាបានឡើងឈរចំណាត់ថ្នាក់លេខ៧ បណ្ដោះអាសន្នវិញ ក្នុងតារាងមេដាយនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ ដោយគិតត្រឹមល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នេះ បន្ទាប់ពីដណ្ដើមបានមេដាយសរុប ៣៩គ្រឿង ក្នុងនោះមានមេដាយមាស៤, ប្រាក់៦ និងសំរឹទ្ធ ២៩។
ចំពោះការរំកិលមកឈរលេខ៧ នេះដែរ គឺក្រោយអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយមាស ១គ្រឿងកាលពីថ្ងៃមិញ ដោយកីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា ដែលនាំឲ្យមេដាយមាសកម្ពុជាកើនដល់ ៤គ្រឿង លើប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្ដែនេះគ្រាន់តែជាចំណាត់ថ្នាក់ប៉ុណ្តោះអាសន្នប៉ុណ្ណោះ ដ្បិតការប្រកួតនៅសល់ ២ថ្ងៃទៀតនៅថ្ងៃទី១០-១១ ខែធ្នូនេះ។
សរុបលទ្ធផលមកទល់ពេលនេះ ចំពោះអត្តពលិក ដែលដណ្ដើមបានមេដាយជូនជាតិរួមមាន៖
• កីឡាគុនល្បុក្កតោ(ប្រកួតកីឡា Arnis) ឈ្នះមេដាយសរុប ២០គ្រឿង(មាស ១, ប្រាក់២ និងសំរឹទ្ធ ១៧) ។
• កីឡាប៉េតង់ ឈ្នះមេដាយមាស ១(វិញ្ញាសានារី ៣នាក់) និងប្រាក់ ១(វិញ្ញាសាវាគូបុរស) ។
• កីឡាតេក្វាន់ដូ ឈ្នះមេដាយមាស ១, ប្រាក់២ និងសំរឹទ្ធ១។
• កីឡាជឺជិតស៊ូ ឈ្នះមេដាយមាស ១ (នៅមានការប្រកួតបន្ដ) ។
• កីឡាសីប៉ាក់តាក្រ ឈ្នះមេដាយប្រាក់ ១គ្រឿង ។
• កីឡាប្រដាល់គុនខ្មែរ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង ។
• កីឡាប្រដាល់សកល ឈ្នះមេដាយសំរឹទ្ធ ៥គ្រឿង
• កីឡាសូហ្វតិន្នីស ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង (នៅមានប្រកួតបន្ដ)។
• កីឡាចំបាប់ មេដាយសំរឹទ្ធ ១គ្រឿង។
• កីឡាប្រដាល់ Kick Boxing មេដាយសំរឹទ្ធ ១គ្រឿង៕