(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ និងចុះហត្ថលេខារួម លើអនុស្សារណៈយោគយល់គ្នា ស្តីពីគម្រោង «តម្លើងប្រព័ន្ធពិនិត្យ សង្កេតធាតុអាកាសស្វ័យប្រវត្តិនៅកម្ពុជា សម្រាប់បម្រើឲ្យការព្យាករ និងប្រកាសព័ត៌មានជាមុន ពីគ្រោះធម្មជាតិនៅកម្ពុជា» ដែលជាជំនួយឥតសំណង ផ្តល់ដោយរដ្ឋបាលឧតុនិយម នៃសាធារណរដ្ឋកូរ៉េ។

ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និង H.E. Mr. Jongseok KIM ប្រធានរដ្ឋបាលឧតុនិយម នៃសាធារណរដ្ឋកូរ៉េ។

ជំនួយឥតសំណង ដែលរដ្ឋបាលឧតុនិយម នៃសាធារណរដ្ឋកូរ៉េ ផ្តល់មកឲ្យក្រសួងធនធានទឹក និងឧតុនិយម នាពេលនេះ មានដូចខាងក្រោម៖

*ទី១៖តម្លើងស្ថានីយឧតុនិយមស្វ័យប្រវត្តិ ចំនួន២៧កន្លែង នៅបណ្តាខេត្តដែលពុំទាន់មានស្ថានីយឧតុនិយមគ្រប់គ្រាន់ ក្នុងការពិនិត្យសង្កេតតាមដានធាតុអាកាស ដើម្បីទទួលបានទិន្នន័យព័ត៌មានកាន់តែទូលំទូលាយ គ្រប់គ្រាន់សម្រាប់ធ្វើការព្យាករ ស្រាវជ្រាវ ធាតុអាកាស និងប្រើប្រាស់លើវិស័យដទៃៗទៀត។

*ទី២៖បំពាក់គ្រឿងបរិក្ខារឧតុនិយមមួយចំនួនទៀត សម្រាប់ទ្រទ្រង់ដល់ការព្យាករធាតុអាកាស និងប្រព័ន្ធប្រកាសជូនដំណឹងជាមុន ស្តីពីគ្រោះថ្នាក់ធម្មជាតិ ដែលកើតនៅកម្ពុជា។ ធ្វើការបញ្ជូនអ្នកបច្ចេកទេសរបស់កូរ៉េ មកជួយបណ្តុះបណ្តាលនៅក្នុងប្រទេស និងធ្វើការបណ្តុះបណ្តាលបន្ថែមនៅប្រទេសកូរ៉េ ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីឧតុនិយមកម្ពុជា ក្នុងការព្យាករធាតុអាកាសឲ្យបានកាន់តែសុក្រិត។

*ទី៣៖បន្ថែមពីនេះរដ្ឋបាលឧតុនិយមកូរ៉េ និងវិទ្យាស្ថានឧតុនិយមកូរ៉េ និងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា នឹងបន្តជជែកគ្នាពីលទ្ធភាពផ្តល់នូវគម្រោង ជំនួយឥតសំណងថ្មីៗ បន្ថែមទៀត លើការទទួលបាននូវព័ត៌មានឧតុនិយមពីផ្កាយរណបឧតុនិយមថ្មី GK-2A របស់សាធារណៈរដ្ឋកូរ៉េ ក្នុងការប្រើប្រាស់វិភាគ និងតាមដានស្ថានភាពធាតុនៅកម្ពុជា។

*ទី៤៖ភាគីទាំងពីរ ប្តេជ្ញានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យឧតុនិយមឲ្យកាន់តែរីកចម្រើនតទៅមុខទៀត៕