(កណ្តាល)៖ ប្រជាជនរស់នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ចំនួន ៣៣៥នាក់ បាននាំគ្នាផ្តិតមេដៃគោរពជូនទៅអភិបាលខេត្តកណ្តាល ដើម្បីជួយអន្តរាគមន៍ សុំរៀបចំការបោះឆ្នោតជ្រើសរើសមេភូមិស្វាយជួរសារជាថ្មី។
យោងលិខិតរបស់ប្រជាជន ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ បានសរសេររៀបរាប់ថា បន្ទាប់ពីការផ្លាស់ប្តូរមេភូមិចាស់ដាក់មេភូមិថ្មី ដោយគ្មានការបោះឆ្នោតពីក្រុមប្រឹក្សាឃុំ និងគ្មានការឯកភាពពីប្រជាជនទាំងអស់ ដែលរស់នៅក្នុងភូមិស្វាយជួរអស់រយៈពេលជាង ២ឆ្នាំមកនេះ ធ្វើឲ្យប្រជាជនក្នុងភូមិមិនសប្បាយចិត្ត ពីការដឹកនាំរបស់មេភូមិថ្មីឈ្មោះ ឃុំ ស្រីណេត ហើយបាននាំគ្នាផ្តិតមេដៃសុំដកលោកស្រីមេភូមិរូបនេះ។ ប៉ុន្តែក្រុមប្រឹក្សាឃុំកោះខែល មិនអាចធ្វើតាមសំណើរបស់ប្រជាជន ទើបបណ្តាលឲ្យប្រជាជនមានការមិនសប្បាយចិត្ត និងមានការថ្នាំងថ្នាក់រហូតមក ។
បន្ថែមលើលិខិតស្នើសុំនេះ ប្រជាជននៅបានលើកឡើងទៀតថា ពាក់ព័ន្ធនឹងស្ត្រីឈ្មោះ ឃុំ ស្រីណេត បានធ្វើជាមេភូមិស្វាយជួរ បើយោងតាមប្រភពព័ត៌មានពីក្រុមប្រឹក្សាឃុំកោះខែលមេភូមិ អនុភូមិមួយចំនួននៅក្នុងឃុំកោះខែល ប្រធានក្រុមបក្សប្រជាជន និងប្រជាជននៅក្នុងភូមិស្វាយជួរ បានឲ្យដឹងថា តំណែងមេភូមិរូបនេះកើតឡើងពីការស្នើសុំរបស់គណៈពង្រឹង។
ការលើកបន្តុបឲ្យស្រ្តីរូបនេះ ធ្វើជាមេភូមិក៏ត្រូវបានមានការជំទាស់ពីមេឃុំជាប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំភាគច្រើន ប៉ុន្តែមិនអាចទៅរួចព្រោះជាការពេញចិត្តរបស់ គណៈពង្រឹងទៅហើយ។ បច្ចុប្បន្ននេះដោយសារតែមូលហេតុ ដែលប្រជាជនមិនពេញចិត្តមេភូមិ ទើបប្រជាជនបានបង្កើតជាសហគមន៍ដោយខ្លួនឯង អភិវឌ្ឍក្នុងភូមិដោយខ្លួនឯង មិនចាំបាច់មានការដឹកនាំពីមេភូមិ ដូចជា ការស្ថាបនាផ្លូវជាច្រើនខ្សែនៅក្នុងភូមិពួកគាត់ធ្វើដោយខ្លួនឯង។
ប្រភពដដែលបានបញ្ជាក់បន្ថែមថា សព្វថ្ងៃនេះចំពោះការដឹកនាំប្រជាជនភូមិស្វាយជួរមិនពេញចិត្តតែមេភូមិឈ្មោះ ឃុំ ស្រីណេតរូបនេះទេ ចំណែកមេឃុំ និងថ្នាក់លើរហូតអភិបាលខេត្តកណ្តាល ពិសេសសម្តេចតេជោ ហ៊ុន សែន។ ប៉ុន្តែប្រសិនបើថ្នាក់លើនៅតែមិនដោះស្រាយ និងមិនរៀបចំការបោះឆ្នោតជ្រើសតាំងមេភូមិស្វាយជួរថ្មីតាមការស្នើសុំរបស់ប្រជាជនម្តងជាពីរដងនោះ បញ្ហានេះអាចធ្វើឲ្យប្រជាជនលែងមានជំនឿទុកចិត្តចំពោះថ្នាក់លើទៀត។
មិនតែប៉ុណ្ណោះ ករណីនេះអាចជះឥទ្ធិពលធ្វើឲ្យប៉ះពាល់ និងបាត់បង់ជំនឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានឃុំកោះខែលទៀតផង។
ពាក់ព័ន្ធនឹងបណ្តឹងស្នើសុំនេះ អភិបាលខេត្តកណ្តាល លោកបណ្ឌិត ម៉ៅ ភិរុណ បានប្រាប់ថា រឿងប្រជាជនមិនពេញចិត្តមេភូមិឲ្យគាត់ប្រជុំក្រុមប្រឹក្សាទៅ ដើម្បីធ្វើសេចក្តីសម្រេចចិត្តថា តើគួរដក ឬមិនគួរដកតាមនីតិវិធីដែលមានចែងនៅក្នុងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ សំខាន់លើក្រុមប្រឹក្សាជាអ្នកសម្រេច៕