(ភ្នំពេញ)៖ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ប្រកាសរកតំណាងចែកចាយទឹកដោះគោស្រស់នៅតាមខេត្ត ដើម្បីពង្រីកការចែកចាយទឹកដោះគោស្រស់ដែលផលិតដោយដៃកូនខ្មែរជាលើកដំបូងនេះ ឱ្យបានកាន់តែទូលំទូលាយថែមទៀត។

ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តដែលចង់ធ្វើជាតំណាងចែកចាយទឹកដោះគោស្រស់ពីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជតេជោសែនឫស្សីត្រឹប សូមទាក់ទងទូរស័ព្ទលេខ៖ ០៩៧ ៧១ ២៣ ៧៤៤ / ០៩៧ ៦៧ ៦០ ១៦៨ / ០៨១ ៤០០ ៩៩៨ / ០៩៧ ៩៤ ៥២ ២២៥។

សូមបញ្ជាក់ថា ទឹកដោះគោស្រស់ដែលផលិតនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ជាទឹកដោះគោស្រស់ផលិតដោយកូនខ្មែរជាលើកដំបូងនោះ បានចែកចាយនៅលើទីផ្សារអស់រយៈពេលជាច្រើនខែមកហើយ។ តែការចែកចាយនេះធ្វើឡើងតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ។

ទឹកដោះគោតេជោសែនឬស្សីត្រឹប ត្រូវបានដាក់លក់ជាមួយនឹងការរំលេចនូវពាក្យស្លោកថា «ទឹកដោះគោយើង ផលិតផលជាតិយើង»។ ពាក្យស្លោក បានបង្ហាញពីមោទនភាពចំពោះទឹកដោះគោដែលផលិតដោយដៃខ្មែរជាលើកដំបូងនេះ។

មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ដែលជាអ្នកចែកចាយទឹកដោះគោស្រស់នេះ បានគូសបញ្ជាក់ថា ទឹកដោះគោស្រស់តេជោសែនឬស្សីត្រឹប ជាទឹកដោះគោស្រស់សុទ្ធ១០០ភាគរយ មិនមានបន្ថែមសារធាតុគីមី ឬសារធាតុរក្សាទុកដែលនាំឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់នោះឡើយ។ ទឹកដោះគោនេះពោរពេញដោយប្រូតេអ៉ីន និងកាលស្យូមខ្ពស់ជួយដល់សុខភាព ជួយដល់ការលូតលាស់ បំប៉នឆ្អឹង ប្រាជ្ញាឈ្លាសវៃ។

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានគេរកឃើញជាតំបន់ឧស្សាហកម្មដែកដ៏ធំរបស់កម្ពុជាកាលពី ១ពាន់ឆ្នាំមុន។ នៅក្នុងសម័យបច្ចុប្បន្ន តំបន់នេះក៏ត្រូវបានប្រែក្លាយទៅជាតំបន់ឧស្សាហកម្មស្បៀងអាហាររបស់កម្ពុជាផងដែរ ក្នុងបំណងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

អ្នកដែលបានផឹកទឹកដោះគោស្រស់ផលិតផលរបស់ខ្មែរបានសរសើរពីរសជាតិថា ឆ្ងាញ់ជាងបណ្តាទឹកដោះគោស្រស់មួយចំនួនដែលនាំចូលពីប្រទេសជិតខាង។

មន្ត្រីដែលជាអ្នកចែកចាយទឹកដោះគោស្រស់នេះ បានអំពាវនាវប្រជាពលរដ្ឋខ្មែរឱ្យគាំទ្រនូវផលិតផលរបស់ខ្មែរ ដើម្បីជំរុញដល់ការផលិត និងឈានទៅជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការលើកទឹកចិត្តឱ្យពួកគាត់ចិញ្ចឹមគោយកទឹកដោះនេះ។

សម្រាប់តម្លៃវិញ ក៏ធូរថ្លៃជាងបណ្តាទឹកដោះគោនាំចូលផងដែរ ពោលចំណុះមួយលីត្រតម្លៃតែ ១ម៉ឺនរៀលប៉ុណ្ណោះ៕