(ភ្នំពេញ)៖ ទីបំផុត ! តុលាការក្រុងភ្នំពេញ បានប្រកាសបើកសវនាការជំនុំជម្រះ លើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖
ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលបន្ទុកចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៧៧៧ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ដែលមានជនជាប់ចោទឈ្មោះ កឹម សុខា ភេទប្រុស សញ្ជាតិខ្មែរ កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ជាប់ចោទពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ បានសម្រេចកំណត់ដាក់កាលបរិច្ឆេទ ជំនុំជម្រះលើសំណុំរឿងនេះ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៨ និង៣០នាទីព្រឹក នៅសាលសវនាការទី១ នៃសាលាដំបូងរាជធានីភ្នំពេញ។
ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បានបញ្ជូនសំណុំរឿងនេះ ទៅជំនុំជម្រះហើយ ក្រោយពីបានបិទការស៊ើបសួរ កាលពីពាក់កណ្តាលខែវិច្ឆិកា ហើយក៏ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ បានសម្រេចទាត់ចោលបណ្តឹងរបស់ ក្រុមមេធាវីលោក កឹម សុខា ដែលប្រឆាំងចំពោះការបញ្ជូនសំណុំរឿង លោក កឹម សុខា ទៅជំនុំជម្រះផងដែរ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ទើបដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវការ។ ការទទួលបានការបន្ធូរបន្ថយកាតព្វកិច្ចនៅពេលនេះ, ដោយសារជនត្រូវចោទលោក កឹម សុខា នាពេលកន្លងមកបានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។
សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម៖
ក៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ។
គ៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕