(ភ្នំពេញ)៖ នៅថ្ងៃព្រឹកចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា (កក្រក) និងសាខាកក្រក ខេត្តកណ្តាល បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០១៩ ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាប័ន្ន»។
ពិធីនេះបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោកស្រីម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កក្រក និងលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខា កក្រក ខេត្តកណ្តាល ព្រមទាំងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ-មន្ត្រី សាខា កក្រក ខេត្តកណ្តាល មន្ត្រីទីស្នាក់ការកណ្ដាល អ្នកស្ម័គ្រចិត្ត និងយុវជន កក្រក សរុបប្រមាណ៥០០នាក់ នៅទីស្នាក់ការសាខា កក្រក ខេត្តកណ្តាល។
ថ្លែងក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការស្តីទី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក ថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកម្លាំងឈានមុខរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា កម្លាំងកាយ-ចិត្តចេញពីបេះដូងមនុស្សធម៌សុទ្ធសាធក្នុងការចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត នៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា។
ជាមួយគ្នានេះ លោកស្រីបានគូសបញ្ជាក់ពីគុណតម្លៃនៃការងារស្ម័គ្រចិត្ត ហើយដែល ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត គឺជាការលើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្តក្នុងការងារមនុស្សធម៌របស់ចលនាអន្ដរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលមកដល់បច្ចុប្បន្ននេះមានសមាគមជាតិចំនួន ១៩២ប្រទេស មានអ្នកស្ម័គ្រចិត្តជាង១២លាននាក់ ជាធនធានមនុស្សដ៏មានសក្កានុពល ជាឆ្អឹងខ្នងរបស់ចលនា និងជាកម្លាំងប្រតិបត្តិករមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
ជាក់ស្តែង កាកបាទក្រហមកម្ពុជា បានពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្តបានរហូតដល់ជាង ៤ម៉ឺននាក់នៅទូទាំងប្រទេស ដែលសុទ្ធតែជាកម្លាំងមិនអាចខ្វះបាន ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុតបានទាន់ពេលវេលា និងគ្រប់ទីកន្លែង។
តំណាងអ្នកស្ម័គ្រចិត្ត២នាក់ និងយុវជនកក្រក ៣នាក់ បានថ្លែងចំណាប់អារម្មណ៍ និងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញតួនាទីជាកម្លាំងឈានមុខ ដើរតាមគំរូវីរភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមសកម្មភាពជាបន្តទៀត ក្នុងតួនាទីជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដើម្បីជាផលប្រយោជន៍នៃជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងសហគមន៍។
ដើម្បីលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តចំនួន ៣៤៣នាក់ ដែលចូលរួមក្នុងឱកាស នោះ កាកបាទក្រហមកម្ពុជា បានផ្ដល់ជូននូវបណ្ណសរសើរ និងថវិកាម្នាក់ៗចំនួន ៥០,០០០រៀល។
ដោយឡែក សាខា កក្រក ខេត្តកណ្តាល បានឧបត្ថម្ភបន្ថែម ម្នាក់ៗទទួលបាន សារុង១ អាវយឺត៥ និងថវិកា ២ម៉ឺនរៀល ។ ចំពោះយុវជន កក្រក ចំនួន ៥០នាក់ កាកបាទក្រហមកម្ពុជា បានផ្តល់ជូនក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល សៀវភៅសរសេរ ២ក្បាល និងប៊ិក ១ដើម និងថវិកា ២ម៉ឺនរៀលទៀតជារបស់ សាខា កក្រក ខេត្តកណ្តាល។
ទន្ទឹមនឹងនេះ សាខា កក្រក ខេត្តកណ្តាល ក៏បានរៀបចំអាហារសាមគ្គី ១ពេល ជូនដល់អ្នកស្ម័គ្រចិត្ត និងយុវជនទាំងអស់ដែលបានចូលរួមក្នុងពិធីនេះផងដែរ។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ធ្លាប់បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ជារៀងរាល់ឆ្នាំ ក្នុងនោះ ឆ្នាំ២០១២ និងឆ្នាំ២០១៣ ធ្វើនៅខេត្តកំពង់ធំ, ឆ្នាំ២០១៤ នៅខេត្តព្រះវិហារ, ឆ្នាំ២០១៥ នៅខេត្តព្រៃវែង, ឆ្នាំ២០១៦ នៅខេត្តស្វាយរៀង, ឆ្នាំ២០១៧ នៅខេត្តតាកែវ និងខេត្តបាត់ដំបង, ឆ្នាំ២០១៨ នៅខេត្តកំពង់ចាម និងខេត្តក្រចេះ។
សម្រាប់ឆ្នាំ២០១៩នេះ ទីស្នាក់ការកណ្តាល ចូលរួមរៀបចំការប្រារព្ធទិវានេះ នៅខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តពោធិ៍សាត់។ ដោយឡែក សាខាផ្សេងៗទៀត នឹងប្រារព្ធទៅតាមលទ្ធភាពជាក់ស្តែងរបស់ខ្លួន៕