(ភ្នំពេញ)៖ បន្ទាប់ពីសវនាការនៅរសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ សាលាឧទ្ធរណ៍ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយបដិសេធបណ្តឹងរបស់ក្រុមមេធាវី លោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបញ្ជូនសំណុំរឿង លោក កឹម សុខា ទៅជំនុំជម្រះ។
តាមសេចក្តីប្រកាសនេះ បានឱ្យដឹងថា សភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចដូចតទៅ៖
១៖ បណ្តឹងឧទ្ធរណ៍លើដីកាដំណោះស្រាយ របស់មេធាវីជនជាប់ចោទមិនអាចទទួលយកបានដោយ
យោងតាមមាត្រា២៤៩ និងមាត្រា២៦៧ និងមាត្រា ៤០៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលមិនអនុញ្ញាតឱ្យធ្វើបណ្តឹងឧទ្ធរណ៍ នឹងដីកាដំណោះស្រាយបញ្ហានជនជាប់ចោទទៅតុលាការជំនុំជម្រះបានឡើយ ។
២៖ បណ្តឹងឧទ្ធរណ៍ពីការសម្រេចបន្តការដាក់ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ សភាស៊ើប
សួរបានបដិសេធចោលដោយមានហេតុផលពាក់ព័ន្ធនឹងបទល្មើសមានលក្ខណៈធ្ងន់ធ្ងរដល់សង្គមជាតិ និងជាពិសេសសម្រាប់ធានាវត្តមាននៃដំណើរការនីតិវិធីបន្ត ដោយយោងលើមាត្រា ២៦៧ កថាខណ្ឌទី៥ និងមាត្រា២៤៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
តាមសេចក្តីប្រកាសរបស់សាលាឧទ្ធរណ៍ ដែលចេញដោយ លោក ទូច ថារិទ្ធិ អគ្គលេខាធិការ និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ បានឱ្យដឹងថា ក្នុងសវនាការមាន លោក ឃុន លាងម៉េង ប្រធានសភាស៊ើបសួរ និងប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាឧទ្ទរណ៍, លោក សួស សំអាត និង លោក យូ ប៊ុនណា ជាចៅក្រមប្រឹក្សា ដោយមានការចូលរួមដោយក្រុមមេធាវីរបស់ លោក កឹម សុខា និងមេធាវីរបស់រាជរដ្ឋាភិបាល តំណាងដោយ លោក គី តិច ផងដែរ៕