(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះកីឡាការិនី ខាន់ ចេសា បន្ទាប់ពីកញ្ញា វាយដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEA GAMES) លើកទី៣០ នៅទីក្រុងក្លាក ប្រទេសហ្វីលីពិន។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរកីឡាករ កីឡាការិនីកម្ពុជា បន្តឈ្នះមេដាយមាសនៅស៊ីហ្គេមជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមួយគ្រឿងទៀតជូនកម្ពុជា បន្ទាប់ពីបានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពិន លើវិញ្ញាសាកីឡាជឺជិតស៊ូ ក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម។ កីឡាការិនី ចេសា ដែលជាកូនខ្មែរកាត់អាមេរិក បានយកឈ្នះម្ចាស់ផ្ទះហ្វីលីពីន ទាំងប្រផិតប្រផើយ ពោលគឺមានប្រៀបទៅលើបច្ចេកទេស ខណៈមានពិន្ទុស្មើគ្នា ២-២។
កញ្ញា ខាន់ ចេសា ក៏ជាម្ចាស់មេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៨ផងដែរ៕