Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ BMW Club Asia 2019 ក្នុងទឹកដីប្រវត្តិសាស្ត្រសៀមរាប

09-12-2019 16:26

(សៀមរាប)៖ បណ្តាក្លឹបម៉ូតូ BMW និងក្លឹបរថយន្ត BMW ក្នុងតំបន់អាស៊ី បានជួបជុំគ្នាក្នុងទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ដែលកម្ពុជាត្រូវបានជ្រើសជាប្រទេសម្ចាស់ផ្ទះ នៃកិច្ចប្រជុំ BMW Club Asia 2019 ចាប់ពីថ្ងៃទី៦-១០ ខែធ្នូ ឆ្នាំ២០១៩នេះ។

លោក អ៊ុ ប៊ុនរ៉េត ប្រធានក្លឹបម៉ូតូ BMW Motorcycle Club Cambodia បានឲ្យដឹងថា BMW Club Asia បានបើកកិច្ចប្រជុំជារៀងរាល់ឆ្នាំ ដើម្បីជួបគ្នារឹតចំណងមិត្តភាព និងពិភាក្សាគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ ដោយឡែកឆ្នាំនេះកម្ពុជា ត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ BMW Club Asia 2019។

លោក អ៊ុ ប៊ុនរ៉េត បានបន្តទៀតថា «មិនខុសពីឆ្នាំមុនៗនោះទេ ក្លឹបម៉ូតូ BMW និងក្លឹបរថយន្ត BMW នៅក្នុងតំបន់អាស៊ីទាំងអស់ បានជួបជុំគ្នាដើម្បីជជែកពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសបង្កើនទំនាក់ទំនងមិត្តភាពកាន់តែល្អប្រសើរថែមទៀតរវាងប្រទេសជាសមាជិក»

បើតាមប្រធានក្លឹបម៉ូតូ BMW កម្ពុជា បានបញ្ជាក់ទៀតថា ក្នុងដំណើរទស្សនកិច្ច ក្នុងដំណើរការនៃកិច្ចប្រជុំនេះ ភាគីជាសមាជិកនៃក្លឹប BMW Club Asia ដែលបានអញ្ជើញចូលរួម បានសម្តែងការកោតសរសើរចំពោះការរៀបចំកិច្ចប្រជុំរបស់កម្ពុជា និងកោតសរសើរពីសក្តានុពលនៃវិស័យទេសចរណ៍កម្ពុជា ខណៈដែលពួកគាត់ បានអញ្ជើញទៅទស្សនាតំបន់ប្រាសាទអង្គ ភ្នំគូលែន និងតំបន់បឹងទន្លេសាបជាដើម។

ក្នុងនោះដែរ សមាជិកក្លឹប BMW Club Asia ក៏កោតសរសើរចំពោះកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍ Motorrad Angkor Festival ដែលជាព្រឹត្តិការណ៍ធំ និងមានអ្នកចូលរួមយ៉ាងច្រើនកុះករ៕