(ភ្នំពេញ)៖ លោក អៀង សុធារ៉ា ពាណិជ្ជកររូបរបស់កម្ពុជា ដែលបច្ចុប្បន្នជាស្ថាបនិកក្រុមហ៊ុនផ្កាឈូក និងជាសហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ាផងនោះ បានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួន ដោយចង់ឃើញអ្នករកស៊ីកម្ពុជា រកស៊ីដោយដើរតាមមាគ៌ាព្រះពុទ្ធសាសនា។

ថ្លែងឲ្យដឹងក្នុងកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» លោក អៀង សុធារ៉ា បានថ្លែងឲ្យដឹងថា ការរកស៊ីតាមបែបព្រះពុទ្ធសាសនា គឺជាការរកស៊ីដោយដើរតាមគន្លង របស់ព្រះពុទ្ធដែលមានន័យថា ត្រូវដើរតាមត្រៃកូដធម៌៣រួមមាន សច្ចៈ, ខន្ដី និងកត្តញ្ញូ។

លោក អៀង សុធារ៉ា បានបន្ថែមថា មាគ៌ាទាំង៣នេះ ពិតជាសំខាន់ណាស់ ដែលអ្នករកស៊ីគ្រប់រូបគួរតែប្រតិបត្តិតាម។ ជាក់ស្ដែងដូចសច្ចៈ គឺសំខាន់ខ្លាំងណាស់ ចំពោះអ្នករកស៊ីដែលត្រូវប្រកាន់ភ្ជាប់នូវភាពសច្ចៈ, ភាពស្មោះត្រង់រវាងដៃគូ, ចំណែកខន្ដីវិញ អ្នកត្រូវស៊ីត្រូវមានក្នុងខ្លួនជានិច្ច មិនថាក្នុងកាលៈទេសៈ, ក្នុងលក្ខខណ្ឌណាក៏ដោយ អ្នកត្រូវមានអត់ឱនឲ្យបានច្រើន, ដោយឡែកសម្រាប់កត្តញ្ញូវិញ រឹតតែសំខាន់ក្នុងការរួមចំណែកឲ្យអ្នករកស៊ីទាំងអស់ ទទួលបានជោគជ័យ អ្នករកស៊ីទាំងអស់ត្រូវតែមានកត្តញ្ញូ ក្នុងខ្លួនជាប់ជានិច្ច និងមិនត្រូវបំភ្លេចអ្នកដែលបានជួយយើងឡើយ។

លោកបានបញ្ជាក់ថា លើសពីនេះមិនត្រឹមតែមាគ៌ាទាំង៣នេះទេ អ្នករកស៊ីត្រូវប្រកាន់ភ្ជាប់នូវមាគ៌ាមួយចំនួនទៀត។ ជាក់ស្ដែងសម្រាប់រូបលោកផ្ទាល់ ការរកស៊ីប្រតិបត្តិមាគ៌ាខាងលើជាប់ជានិច្ច ដោយមិនរំលងមាគ៌ាណាមួយឡើយ។

លោកបានឲ្យដឹងថា «ខ្ញុំសូមអំពាវនាវដល់អ្នករកស៊ីទាំងតូចទាំងធំ ត្រៀមចាប់យកដៃគូរកស៊ីពីខាងក្រៅប្រទេសមក ត្រូវកសាងខ្លួនឲ្យបានច្បាស់លាស់ ដោយការកសាងខ្លួនទៅតាមបែបព្រះពុទ្ធសាសនា ដោយមានត្រៃកូដធម៌៣ និងកត្តាបន្ដបន្សំផ្សេងៗទៀត ដោយនាំគ្នាគិត និងប្រតបត្តិតាមគោលការណ៍ខាងលើនេះ យើងនឹងទទួលបានភាពរុងរឿង បានសេចក្ដីសុខជាក់ជាពុំខាន»

លោកបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា អ្នករកស៊ីទាំងអស់មិនថាតូចឬធំឡើយ ប្រសិនបើប្រតិបត្តិតាមអ្វី ដែលខ្ញុំបានជម្រាបជូន នោះយើងនឹងអាចជួយដល់រាជរដ្ឋាភិបាល ជួយដល់សេដ្ឋកិច្ចជាតិ, ជួយដល់សង្គមតាមរយៈការវិនិយោគិនកាន់តែច្រើនឡើងៗនៅកម្ពុជា។ អ្វីដែលសំខាន់នោះ គឺខ្ញុំចង់លឺពាក្យ ពីវិនិយោគិនបរទេសថា មករកស៊ីនៅស្រុកខ្មែរកុំភ័យព្រួយ មិនមានអ្នកបោកនោះឡើយ, មករកស៊ីស្រុកខ្មែរសុទ្ធតែមនុស្សល្អ, មករកស៊ីស្រុកខ្មែរសុទ្ធតែអ្នកនិយាយសច្ចៈជាដើម ខ្ញុំចង់លឺបែបនេះលើពិភពលោក ដើម្បីឲ្យវិនិយោគិនធំៗនៅក្រៅប្រទេស នាំគ្នាវិនិយោគនៅកម្ពុជា»

សូមជម្រាបថា បច្ចុប្បន្នលោក អៀង សុធារ៉ា ក៏បានកំពុងសហការជាមួយវិនិយោគិនបរទេសជាច្រើនគម្រោង ដោយក្នុងនោះបានវិនិយោជាមួយវិនិយោគិនជប៉ុន។ និយាយដល់រឿងវិនិយោគជាមួយជប៉ុននេះលោក អៀង សុធារ៉ា ក៏បានបង្ហាញពីកត្តាមួយចំនួនដែលជប៉ុន តែងតែយកមកអនុវត្តនៅកម្ពុជា។

លោកបញ្ជាក់ថា ការសហការគ្នាជាមួយជប៉ុន ពិតជាមានភាពងាយស្រួល ដោយជប៉ុនតែងតែមានខន្ដី, សច្ចៈ, កត្តញ្ញូ ទោះបីជាជប៉ុនមិនបានប្រកាសខ្លួនថា ជាអ្នកកាន់សាសនាព្រះពុទ្ធពិតមែន ប៉ុន្ដែតែងតែយកការប្រតិបត្តិ តាមបែបព្រះពុទ្ធសាសនា ដូចជាខន្ដី, សច្ចៈ, កត្តញ្ញូ គឺប្រកាន់ភ្ជាប់រហូត។

លោកបន្ដថា «ដើម្បីឲ្យអ្នកដទៃមានខន្ដី, សច្ចៈ, កត្តញ្ញូ ជាមួយយើង។ យើងត្រូវតែមានខន្ដី, សច្ចៈ, កត្តញ្ញូ ខ្លួនឯងសិន។ ប្រសិនបើអ្នកមានគ្រប់គ្រាន់នោះហើយ អ្នកមិនបាច់ទៅរកគេទេគេនឹងត្រឡប់ មកសហការជាមួយអ្នកមុនមិនខាន»

លោកបន្ថែមថា បើនិយាយពីការវិនិយោគិនរបស់ជប៉ុន គឺជប៉ុនជាប្រភេទមនុស្សដែលគិតមួយៗ ប៉ុន្ដែច្បាស់លាស់បើថាធ្វើគឺធ្វើ។ ប្រសិនបើយើងមានវិនិយោគិនជប៉ុនច្រើន យើងទទួលបានប្រយោជន៍២រួមមាន៖ ទី១៖ជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យទៅមុខ។ ទី២៖ បានរៀនសូត្រពីរបៀបធ្វើការនៅជប៉ុន៕