(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានគាំទ្ររបៀបវារៈសេដ្ឋកិច្ចឌីជីថល នៃព្រឹត្តិការណ៍ការយល់ដឹង អំពីនិន្នាការធុរកិច្ច និងការកសាងបណ្តាញ ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ក្រុមហ៊ុន សែលកាត ធនាគារឯកទេស វីង និង អ៊ីហ្ស៊ីខម ដែលជាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ចំណុះឲ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងចូលរួមទាំងអស់គ្នា ក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ ដែលនឹងត្រូវចូលរួមដោយថ្នាក់ដឹកនាំធុរកិច្ចកម្ពុជា ជាង១០០នាក់។
របៀបវារៈរបស់កម្មវិធី ផ្តោតសំខាន់លើការចែករំលែក អំពីនិន្នាការដែលកំពុងផ្លាស់ប្តូរអាជីវកម្មសម័យ ទំនើប ការផ្លាស់ប្តូរទីផ្សារការងារ សេវាកម្មផ្នែកឌីជីថល និងសារៈសំខាន់នៃទិន្នន័យ។
ក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ចំណុះឲ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទាំងបី សែលកាត វីង និង អ៊ីហ្ស៊ីខម នឹងធ្វើបទបង្ហាញអំពីរបៀប ដែលអាជីវកម្មរបស់ពួកគេ បានកំពុងផ្លាស់ប្ដូរ ផ្នែកឌីជីថល នៅប្រទេសកម្ពុជា ក៏ដូចជាផលិតផល និងសេវាកម្មថ្មីៗ ដែលគាំទ្រនិងជួយជំរុញប្រសិទ្ធភាព សម្រាប់ទីផ្សារសាជីវកម្ម។
លោក អៀន វ៉ាតសុន ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា និងជានាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានថ្លែងថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានជួយគាំទ្រ រដ្ឋាភិបាលអាជីវកម្ម និងប្រជាជនកម្ពុជា អស់រយៈពេលជាង២០ ឆ្នាំមកហើយ។
គូសបញ្ជាក់ថា វាគ្មិនសំខាន់ៗ ដែលមានវត្តមាន នៅក្នុងព្រឹត្តិការណ៍នេះរួមមាន៖
* ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា
* លោកស្រី Elaine Ng នាយកក្រុមហ៊ុន Management Resources Consultants Asia
* លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុនសប្បាយឌីជីថល
* លោក Joseph Telfer អ្នកគ្រប់គ្រងទូទៅនៅ Mekong Big Data
* លោក អៀន វ៉ាតសុន ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា និងក៏ជានាយកប្រតិបត្តិក្រុមហ៊ុន សែលកាត
* លោក Manu Rajan អគ្គនាយកធនាគារឯកទេស វីង
* លោកស្រី Yuni Lee Heathcote នាយិកាប្រតិបត្តិ អ៊ីហ្ស៊ីខម៕