(ភ្នំពេញ)៖ ក្នុងពេលជួបប្រជុំជាមួយ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានទទួលយកបញ្ហា៣ចំណុច ដែលលើកឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ទៅពិនិត្យ និងដោះស្រាយ។ នេះបើតាមការអះអាងរបស់ លោក ពេជ្រ ស្រស់។
បើតាម លោក ពេជ្រ ស្រស់ បញ្ហាទាំងនោះត្រូវបានរកឃើញដោយ គណបក្សយុវជនកម្ពុជា នៅពេលចុះបេសកម្មក្នុងនោះមានដូចជា៖
១៖ បញ្ហាករណីគម្រោងធ្វើទំនប់ទ្វារទឹក របស់រាជរដ្ឋាភិបាល ដែលបណ្តាលឲ្យលិចលង់ផ្ទះសម្បែង ចំការដំណាំ ផ្លូវធ្វើដំណើរក្នុងភូមិ និងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចំនួន ៣៨គ្រួសារ នៅក្នុងភូមិអូរកូនត្រុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
២៖ បញ្ហាប្រជាពលរដ្ឋចំនួន ៧០គ្រួសារ នៅក្នុងភូមិសូចាន់ខាងត្បូង និងភូមិនៀល ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ចោទក្រសួងធនធានទឹក និងឧតុនិយមថា បង្ខាំងមិនឲ្យធ្វើប្លង់កាន់កាប់ដីស្រែអាស្រ័យផល ចំនួន៧០ហិកតា។
៣៖ ផលលំបាកប្រជាពលរដ្ឋចំនួន ៥២គ្រួសារ និងអាជ្ញាធរមូលដ្ឋាន នៅក្នុងភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ចោទថា ការិយាល័យធនធានទឹក និងឧតុនិយមស្រុកបាទី បង្ខាំងមិនឲ្យក្រុមហ៊ុន អចលនទ្រព្យ ខុន សណ្តាប់ ឧបត្ថម្ភជួយកសាងផ្លូវក្រាលថ្មម៉ិច និងផ្លូវបេតុង ដែលមានប្រវែង ៩០០ម៉ែត្រ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃប្រជាពលរដ្ឋ។
ជាមួយនឹងការលើកឡើងពាក់ព័ន្ធនឹងបញ្ហាទាំងនេះ លោក ពេជ្រ ស្រស់ បានអះអាងទៀតថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ប្រតិភូគណបក្សយុវជនកម្ពុជា នឹងចុះបំពេញបេសកកម្មរកតម្រុយព័ត៌មានពិតនៅក្នុងភូមិភូមិទំនប់ ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ លើបញ្ហាបិទផ្លូវនិងរំលោភយកដីស្រែចំនួន ១០ហិកតានៃពលរដ្ឋ ០៨គ្រួសារពីសំណាក់ឈ្មោះ ឈួន ទី, សោម រ៉េ,ញាណ ម៉េត និង ណែម ច័ន្ទដារា ដែលយកតុលាការខេត្តកំពង់ស្ពឺមកគំរាមគំហែង និងមានបញ្ហាមួយចំនួនទៀតទាក់ទងនឹង ក្រសួងធានធានទឹក និងឧតុនិយមផងដែរ៕