(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់ ចំនួន២ទៀត ត្រូវបានព្រឹទ្ធសភាអនុម័តទាំងស្រុងហើយ នៅក្នុងសម័យប្រជុំ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ។
សម័យប្រជុំព្រឹទ្ធសភា បានធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៨រូប។
របៀបវារៈសម្រាប់សម័យប្រជុំនេះ គឺពិនិត្យ និងឆ្លងយោបល់លើសេចក្តីព្រាងច្បាប់៣ មានដូចជា៖
១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។
២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។
៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពី សហជីព ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦៕