(ក្រចេះ)៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាការជាតិរៀបចំការបោះឆ្នោត អញ្ជើញប្រការចូលកាន់តំណែងថ្មីរបស់ប្រធាន អនុប្រធាន លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តក្រចេះ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ ប្រធានថ្មីគឺលោកស្រី អ៊ាង សារិ និងលោក យឺន យាន ជាអនុប្រធាន ជំនួសលោក អ៊ុង ស៊ីយឿន និងលោក អ៊ីវ សុផានី ជំនួយការលេខាធិការដ្ឋានរៀបចំការ បោះឆ្នោត ។
លោក ឌឹម សុវណ្ណារុំ បានលើកឡើងថា គ.ជ.ប គឺជាស្ថាប័នឯករាជ្យដែលមានសមត្ថកិច្ចរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត ព្រមទាំងការបោះឆ្នោតផ្សេងទៀតតាមការកំណត់នៃច្បាប់។ កន្លងមក គ ជ ប បានអនុវត្តសមត្ថកិច្ចរបស់ខ្លួនដោយ ឯករាជ្យ អព្យាក្រឹត ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅ ដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯងដែលមានស្ថាប័នគជប ជាស្ថាប័នឯករាជ្យរៀបចំចាត់ចែង និងគ្រប់គ្រងការរៀបចំបោះឆ្នោត ហើយការបោះឆ្នោតមានពីរប្រភេទ គឺការបោះឆ្នោតសកលនិងការបោះឆ្នោតអសកល។
លោកបន្តថា លេខាធិការដ្ឋានគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត មានភារកិច្ចដូចខាងក្រោម៖
*ការទំនាក់ទំនងជាមួយអាជ្ញាធររាជធានីខេត្តក្រុងស្រុកខណ្ឌ និងឃុំសង្កាត់ទទួលបញ្ជីឈ្មោះប្រជាពលរដ្ឋ ដែលទទួលមរណភាព ត្រូវដកហូតជាបណ្ដោះអាសន្ននូវសិទ្ធិបោះឆ្នោត ត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត ផ្លាស់លំនៅដ្ឋាន ឬទីសំណាក់ចេញទៅឃុំសង្កាត់ផ្សេង ពីស្មៀនឃុំសង្កាត់ រៀងរាល់ ២ខែម្ដង ក្នុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតត្រូវសហការជាមួយក្រុម ចុះឈ្មោះបោះឆ្នោតនៃឃុំសង្កាត់នីមួយៗ ដើម្បីលុបឈ្មោះប្រជាពលរដ្ឋទាំងនោះចេញពីបញ្ជីបោះឆ្នោត
*ទទួលបញ្ជីឈ្មោះប្រជាពលរដ្ឋ ដែលមិនបានចុះឈ្មោះពីមុនមក ទើបដល់អាយុត្រូវបោះឆ្នោត បានផ្លាស់ប្ដូរទីលំនៅដ្ឋាន ឬទីសំណាក់ចូលថ្មីពីស្មៀនឃុំ សង្កាត់រៀងរាល់ ២ខែម្ដង *ពិភាក្សាជាមួយក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីចាត់ឲ្យក្រុមចុះឈ្មោះបោះឆ្នោត ធ្វើការចុះឈ្មោះចល័តស្របតាមបទបញ្ជា និងនីតិវិធី
*សហការជាមួយឃុំសង្កាត់ ធ្វើការប៉ាន់ស្មានចំនួនប្រជាជនក្នុងឃុំសង្កាត់ ចំនួនប្រជាពលរដ្ឋ អាយុ ១៨ឆ្នាំឡើងទៅ និងទីតាំងការិយាល័យបោះឆ្នោត ក្នុងឃុំសង្កាត់នីមួយៗ
*រាយការណ៍ជូន គ ជ ប អំពីដំណើរការចុះឈ្មោះបោះឆ្នោតម្យ៉ាងវិញទៀត ប្រធាន អនុប្រធាន ដែលចូលកាន់តំណែងថ្មីត្រូវយកចិត្តទុកដាក់ -គោរពអនុវត្តតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត បទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រមសីលធម៌សំរាប់មន្ត្រីបោះឆ្នោត និងភាគីពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោត
*ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អបើមានបញ្ហាណាមួយកើតឡើង
*ត្រូវខិតខំនាំគ្នាប្រជុំពិភាក្សារកដំណោះស្រាយ ក្នុងករណីថាពួកសមត្ថកិច្ច
*ត្រូវរាយការណ៍ជូន គ ជ ប ដើម្បីមានអនុសាសន៍ដឹកនាំ
*ត្រូវបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យបានល្អ ក្នុងភាពជាដៃគូជាមួយអាជ្ញាធរដែនដី គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លំដាប់ថ្នាក់ *ត្រូវពង្រឹងតម្លាភាពរបស់ គ ជ ប តាមរយៈការបើកទូលាយឲ្យមានការចូលរួម នឹងបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយភាគីពាក់ព័ន្ធ *ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងការបោះឆ្នោតជូនដល់សាធារណជន និងអ្នកពាក់ព័ន្ធ ទាំងអស់គ្រប់រូបភាព ធានាគុណភាពច្បាស់លាស់និងទាន់សភាពការណ៍ *ត្រូវជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្ម ពីគណបក្សនយោបាយ សមាគមអង្គការមិនមែនរដ្ឋាភិបាលជាតិអន្តរជាតិប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននិងអ្នកយកព័ត៌មានជាតិអន្តរជាតិ ក្នុងគ្រប់ដំណើរការបោះឆ្នោត និងជាពិសេសត្រូវគោរពឱ្យបាននូវគោលការណ៍សកលទាំង ៧ នៃការបោះឆ្នោតសេរីត្រឹមត្រូវនិងយុត្តិធម៌គឺ ឯករាជ្យភាព អព្យាក្រឹតភាពនិងមិនលំអៀង សុចរិតភាព តម្លាភាព ប្រសិទ្ធភាព វិជ្ជាជីវៈភាព និងភាពជាអ្នកបម្រើសេវា៕