(ភ្នំពេញ)៖ ព្រះចៅអធិការវត្តខ្មែរទាំង៨ នៅដែនដីពុទ្ធភូមិ ប្រទេសឥណ្ឌា និងនេប៉ាល់ ព្រះទេវសត្ថា ពឿយ មេត្តា តំណាងគណៈសង្ឃនាយក និងជាប្រធានសមាគមសមណនិស្សិតកម្ពុជា ព្រះចៅអធិការវត្តខ្មែរទាំង៨ នៅដែនដីពុទ្ធភូមិ បានផ្សព្វផ្សាយពីព្រឹត្តិការណ៍បុណ្យមួយចំនួនទាំងនៅក្រៅប្រទេស និងនៅក្នុងប្រទេស ដើម្បីឲ្យពុទ្ធបរិស័ទចាប់មគ្គផលតាមកម្លាំង សទ្ធាជ្រះថ្លារៀងៗខ្លួន។

ការធ្វើការផ្សព្វផ្សាយពីព្រឹត្តិការណ៍បុណ្យខាងលើនេះព្រះទេវសត្ថា ពឿយ មេត្តា បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងបរិវេណវត្តកោះមេត្តាពោធិវង្ស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ព្រះទេវសត្ថា ពឿយ មេត្តា មានថេរៈដីកាឲ្យដឹងថា វត្តខ្មែរពុទ្ធគយាគ្រោងធ្វើកម្មវិធីឆ្លងមហាកុដ្ឋិ នៅពេលឆាប់ៗនេះ បន្ទាប់ពីសាងសង់រួចកាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥កន្លងមកនេះ។ មហាកុដ្ឋិនេះមានកម្ពស់ ៣ជាន់ មាន ៥១បន្ទប់ សម្រាប់ទទួលស្វាគមន៍ពុទ្ធបរិស័ទទៅស្នាក់អាស្រ័យចន្លោះពី៤៨០នាក់ ទៅ៥០០នាក់ ដោយបានចំណាយថវិកាសាងសង់រហូតដល់ជាង ៧៥ម៉ឺនដុល្លារ។

ព្រះតេជគុណបន្តថា ចំពោះវត្តខ្មែរលុម្ពិនី ដែលជាទីស្ថានព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត្រ គឺចាប់ផ្តើមគម្រោងស្ថាបនាព្រះចូឡាមណីចេតិយក្នុងទម្រងរចនាបទខ្មែរ ដែលមានកម្ពស់៣៥ម៉ែត្រ គ្រោងចំណាយថវិកាចន្លោះពី៦០ម៉ឺនទៅ៧០ម៉ឺនដុល្លារ។ បច្ចុប្បន្នព្រះចូឡាមណីចេតិយនេះ សាងសង់បានចំនួន៧០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅពេលឆាប់ៗនេះ។

បន្ថែមពីនេះទៀតគឺគម្រោងសាងសង់ព្រះចូឡាមណីចេតិយ និងសុវណ្ណកោដ្ឋ អំពីមាសសុទ្ធចំនួន១០៨តម្លឹងដើម្បីតម្កល់ព្រះសិរីរឹកធាតុព្រះសមា្មសម្ពុទ្ធបរមគ្រូនៃយើង។ ក្នុងឱកាសនោះដែរ ព្រះតេជព្រះគុណក៏ បានផ្សព្វផ្សាយពីកម្មវិធីធម្មយាត្រាស្វែងរកបុណ្យទៅកាន់ដែនដីពុទ្ធភូមិនៅពេលឆាប់ៗនេះ ដើម្បីទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធ និងតំបន់ព្រៃហេមពាន្វក្នុងបំណងបង្កើនផល្លា និសង្ឃសម្រាប់ បច្ចុប្បន្នជាតិនិងអនាគតជាតិ។ព្រះតេជព្រះគុណបន្តថា កម្មវិធីធម្មយាត្រាមានរយៈពេល១៨ថ្ងៃទៅ ២០ថ្ងៃ ដោយម្នាក់គ្រោងចំណាយជាង១៨០០ដុល្លារ។

ព្រះតេជព្រះគុណមានសង្ឃដីកាអះអាងថា ការចូលរួមចាប់មគ្គផលទៅតាមកម្លាំងសទ្ធាជ្រះថ្លាគាំទ្របុណ្យទាំងនេះ នឹងទទួលបានអនិសង្ឃច្រើនណាស់ដោយតាមព្រះពុទ្ធអង្គសម្តែង ពីពពួកហ្វូងមនុស្សនិងទេវត្តាតាមថែរក្សា បានសេចក្តីសុខសេចក្តីចម្រើន មានជោគមានជ័យ ហើយទៅអនាគតជាតិក្លាយជាស្តេច ចក្រពត្រ អាកាសាក់ទេវត្តា៨៤០០០ពាន់ជាតិ បានទៅជាសាកាក់ទេវរាជ និងតុសិតាទេវរាជ ជាដើម។

ព្រះទេវសត្ថា ពឿយ មេត្តា បានមានសង្ឃដិកា បញ្ជាក់ផងដែរថា ពុទ្ធបរិស័ទអាចចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លា និងចុះឈ្មោះដើម្បីចូលរួមក្នុងកម្មវិធីបុណ្យខាងលើនេះ បាននៅកុដិលេខ៣៥ នៃវត្តបុទុមវតី។

អាស្រ័យដូចក្រាបបង្គំទូលថ្វាយ ប្រគេន ចំរើនពរ និងជំរាបជូនខាងលើ សូមយាង និមន្ត និងអញ្ជើញ សម្តេច ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទ ក្នុង និងក្រៅប្រទេស មេត្តាចូលរួមចាប់មគ្គផលយកផល្លានិសង្ឃតាមសទ្ឋាជ្រះថ្លារៀងៗខ្លួន៕