(ពោធិ៍សាត់)៖ លោក សោម សូរីដា អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងប្រធាន-អនុប្រធាន លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តពោធិ៍សាត់។
តាមសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតលេខ៤៦៨, ៤៦៩ គជប.សសរ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ បានសម្រេចតែងតាំងលោក គី ចាន់សុផល ជាប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តពោធិ៍សាត់ និងលោក ប៊ន ចាន់រ៉ា ជាអនុប្រធាន។ ចំណែកលោក ផាន់ វណ្ណសិទ្ធិ និងលោក ឯម ភូរីបុទ្ធិ អតីតប្រធាន-អនុប្រធាន ដែលចូលនិវត្តន៍ ត្រូវបានតែងតាំងជាជំនួយការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យប្រចាំការនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន បានវាយតម្លៃខ្ពស់ប្រកបដោយសុទិដ្ឋិនិយម ចំពោះស្មារតីដឹកនាំ គ្រប់គ្រង របស់លោក ផាន់ វណ្ណសិទ្ធិ និងលោក ឯម ភូរីបុទ្ធិ អតីតប្រធាន-អនុប្រធាន លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ ដែលបានលះបង់កម្លាំងកាយចិត្ត ខិតខំបំពេញភារកិច្ចក្នុងការទទួលខុសត្រូវខ្ពស់ មានកិច្ចសហការល្អជាមួយគណបក្សនយោបាយ អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន ធ្វើឲ្យការបោះឆ្នោតគ្រប់អាណត្តិប្រព្រឹត្តទៅដោយរលូន។ លោកចាត់ទុកការលះបង់ និងការខិតខំប្រឹងប្រែងនេះ ជាគំរូវីរភាពដ៍ឧត្តុង្គឧត្តមសម្រាប់ប្អូនៗ និងក្មួយៗជំនាន់ក្រោយ ដែលជាអ្នកបន្តវេន រៀនសូត្រតាម។
បន្ទាប់ពីពិធីប្រគល់សេចក្ដីសម្រេច និងត្រារួចមក លោក គី ចាន់សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ បានឡើងប្ដេជ្ញាចិត្ត៖ អនុវត្តឲ្យបានម៉ឹងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំរបស់គជប, គោរពគាំទ្រ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកម្មវិធីកំណែទម្រង់ការបោះឆ្នោត រចនាសម្ព័ន្ធនៃអគ្គលេខាធិការដ្ឋាន, លុបបំបាត់រាល់បាតុភាពអសកម្មទាំងឡាយដែលកើតមាន, បង្កើនកិច្ចសហប្រតិបត្តិការជាមួយសមាជិកទាំងអស់នៅក្នុងលេខាធិការដ្ឋាន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា។
មានមតិសំណេះសំណាលក្នុងឱកាសនោះលោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានប្រសាសន៍ថា នេះជាលើកទីមួយហើយ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើពិធីប្រកាសដាក់ឲ្យបញ្ចប់មុខតំណែងប្រធាន និងអនុប្រធានលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត ដោយសារការដល់អាយុចូលនិវត្តន៍របស់ពួកគាត់ ហើយបានធ្វើការតែងតាំងប្រធាន-អនុប្រធានថ្មីជំនួស ព្រោះថានៅមុនឆ្នាំ២០១៦ មន្ត្រី បុគ្គលិកបំរើការងារនៅអគ្គលេខាធិការដ្ឋានគជប និងនៅលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត គឺសុទ្ធតែមន្ត្រីកិច្ចសន្យាទាំងអស់ ហើយទើបតែត្រូវបានធ្វើសមាហរណកម្មចូលក្នុងលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌមន្ត្រីរាជការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងឆ្នាំ២០១៦កន្លងមកនេះ។
លោកបន្តទៀតថា ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍របស់ពួកគាត់ ត្រូវបានរក្សាទុកជាធនធានមនុស្ស តាមរយៈការតែងតាំងជាជំនួយការប្រចាំការនៅតាមបណ្ដាលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តនីមួយៗ។ លោកបានផ្ដាំផ្ញើរដល់ ប្រធាន និងអនុប្រធាន ដែលទើបតែងតាំងថ្មីនេះ លើកកម្ពស់សមត្ថភាពបំពេញការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ស្របតាមច្បាប់ស្ដីពីការបោះឆ្នោត ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ៕