(ព្រះសីហនុ)៖ អូរនិងប្រឡាយចំនួន៥ខ្សែនៅក្នុងក្រុងព្រះសីហនុ ដែលជាបណ្តាះបង្ហូររំដោះទឹកដ៏សំខាន់ពីការជន់លិចទៅកាន់អាងចម្រោះទឹកកខ្វក់នោះ ត្រូវអាជ្ញាធរចាប់ផ្តើមជីកកាយស្តារឱ្យជ្រៅ និងពង្រីកឱ្យកាន់តែធំ ធានាដល់ការបង្ហូរទឹកបញ្ចៀសការជន់លិចក្នុងរដូវភ្លៀង។ ការជីកកាយស្តារប្រឡាយ និងអូរនេះ គ្រោយចំណាយថវិកាប្រមាណ ១០ពាន់លានរៀល ហើយការងារនេះគ្រោងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០២០។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញរួមប្រកាសបើកការដ្ឋានស្តារអូរ និងប្រឡាយទាំង៥ខ្សែ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ។
ក្នុងពិធីបើកការដ្ឋាននាព្រឹកមិញនេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើកិច្ចការអាទិភាពក្នុង ការស្តារអូរ និងប្រឡាយធម្មជាតិទាំង៥ និងលូដែលមានស្រាប់ ហើយកំពុងទទួលរងការរំលោភយកដីចំណីអូរ និងប្រឡាយដើម្បីបើកមុខទឹក និងដោះស្រាយជំនន់ទឹកភ្លៀង ការកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និង ការពង្រីកប្រព័ន្ធលូ និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត។
នៅឆ្នាំ២០១៨ បរិមាណបញ្ចេញទឹកកខ្វក់នៅខេត្តព្រះសីហនុមានរហូតដល់ ២៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់៤៧,០០០ម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ២០២៣ និងអាចបន្តកើនរហូតដល់ ៦៤,០០០ម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ២០៣០។ រាជរដ្ឋាភិបាល កំពុងគិតគូរ លើវិធានការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ រួមទាំងការបង្ហូរទឹក និងការស្តុកទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុជាដើម។
ក្នុងរដូវវស្សាឆ្នាំ២០១៩នេះ ក្រុងព្រះសីហនុ ក៏បានរងការជន់លិចយ៉ាងខ្លាំងដោយជំនន់ទឹកភ្លៀង។ ដូច្នេះប្រតិបត្តិការស្តារអូរ និងប្រឡាយទាំង៥ខ្សែ គឺជាការរួមចំណែកដ៏សំខាន់បញ្ចៀសការជន់លិចក្នុងក្រុងព្រះសីហនុនារដូវវស្សា ខណៈដែលកំណើនប្រជាពលរដ្ឋ សំណង់អគារផ្សេងៗកំពុងកើនឡើងច្រើន។
លោកទេសរដ្ឋមន្ត្រី បានរំឭកឡើងវិញអំពីអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុញ្ញាតឱ្យប្រើប្រាស់ថវិកាសន្សំរបស់រាជរដ្ឋាភិបាល។ ជាពិសេសត្រូវអនុវត្តន៍នូវគោលការណ៍ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ក្នុងការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ក្នុងខេត្តព្រះសីហនុ។
លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ អំពីសារសំខាន់នៃសក្តានុពលពីធម្មជាតិរបស់ខេត្តព្រះសីហនុ ដែលមានតំបន់ឆ្នេរ ព្រៃធម្មជាតិស្រស់ត្រកាល អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ វិនិយោគិន បង្កើតការងារធ្វើ និងបានលើកឡើងពីការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ជាក់ស្តែងកាល ពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុចំនួន ៣៤ខ្សែ ប្រវែងជាង ៨៤គីឡូម៉ែត្រ ដែលផ្លូវទាំងនេះមានគុណភាពរឹងមាំ និងសោភ័ណភាពអាចបម្រើឱ្យវិស័យទេសចរណ៍។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការពង្រីកកំពង់ផែទឹកជ្រៅអាចដឹក ជញ្ជូនកាន់តែមានភាពងាយស្រួល ឱ្យនាវាធុនធំចេញចូល ធ្វើឱ្យតម្លៃដឹកជញ្ជូនកាន់តែថោក ការជំរុញការ កសាងពង្រីកព្រលានយន្តហោះអន្តរជាតិ អាចឱ្យយន្តហោះប្រភេទធុនធំចុះចតបានងាយស្រួល ដើម្បីបម្រើសេវាតាមផ្លូវអាកាសកាន់តែមានភាពងាយស្រួល និងគម្រោងកសាងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ដែលគ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ខាងមុខ៕