(ភ្នំពេញ)៖ គណៈបញ្ជាការដឹកនាំអនុវត្តផែនការសកម្មភាព បង្ការ ទប់ស្កាត់ បង្ក្រាបអំពើលួច ឆក់ នៅរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំវាយតម្លៃសភាពការណ៍បទល្មើស លួច ឆក់ ប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្ដ។
កិច្ចប្រជុំនេះដឹកនាំដោយនាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍, ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស វិទ្យាសាស្ដ្រ, អនុប្រធានសេនាធិការ, អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ម, ស្នងការរងទទួលផែនព្រហ្មទណ្ឌ, នាយការិយាល័យជំនាញ និងអធិការខណ្ឌទាំង១៤។
យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ប្រធានលេខាធិការដ្ឋាន នៃគណៈបញ្ជាការដឹកនាំការអនុវត្តផែនការសកម្មភាព បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ខែវិច្ឆិកា ដោយមានការខិតខំប្រឹងប្រែងពីកងកម្លាំងគ្រប់អង្គភាពទាំងអស់ បានចំនួន៥២ករណី ចាប់បានជនសង្ស័យ៧០នាក់ ស្មើ៩៦ភាគ។
ក្នុងនោះ បទល្មើសលួច ២៦ករណី លើ២៨ករណី, បទល្មើសឆក់ ២៦ករណី លើ២៦ករណី។ ដោយឡែក ករណីនៅសេសសល់ មានចំនួន២ករណី គឺខណ្ឌជ្រោយចង្វារ ១ករណី និងខណ្ឌកំបូល ១ករណី។ ជាការកត់សម្គាល់ ជនសង្ស័យបង្ក្រាបបានក្រោយពីធ្វើតេស្ដធ្លាប់ប្រើសារធាតុញៀន មាន៥៣នាក់ ស្មើនឹង៧៦ភាគរយ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានដាក់បទបញ្ជាឲ្យកងកម្លាំងពាក់ព័ន្ធ និងតាមបណ្ដាខណ្ឌត្រូវបង្កើនការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស ឲ្យប្រុងប្រយ័ត្នរក្សាទ្រព្យសម្បត្តិ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការវែកមុខ មុខសញ្ញាសង្ស័យជាដើម។
លើសពីនេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ក៏បានជំរុញឲ្យខិតខំពង្រឹងការងារគ្រប់គ្រងមុខសញ្ញា និងនីតិវិធី កសាងសំណុំរឿងដើម្បីមានភ័ស្ដុតាងរឹងមាំ ដាក់បន្ទុកផ្ដន្ទាទោសឲ្យបានកម្រិតខ្ពស់ (បទឧក្រិដ្ឋ) ស្របតាមក្រមព្រហ្មទណ្ឌ និងត្រូវពិនិត្យឡើងវិញករណីមុខសញ្ញាឆក់ ដែលត្រូវបានដោះលែង ហើយធ្វើសកម្មភាពឡើងវិញ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំមានវិធានការបន្ដ។
អ្វីដែលនាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានសង្កត់ធ្ងន់ដល់កងកម្លាំងជំនាញព្រហ្មទណ្ឌនោះ គឺបង្កើនការល្បាតក្នុងភូមិសាស្ដ្រងាយរងគ្រោះ ដើម្បីបង្ការ និងឈានដល់ការបង្ក្រាបជនដៃដល់ដែលប្រព្រឹត្តបទល្មើសយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕