(ភ្នំពេញ)៖ ក្រុមហ៊ុន សាន់ដារ៉ា គឺជាក្រុមហ៊ុននាំចូលគ្រឿងអលង្កា លំដាប់ថ្នាក់អន្តរជាតិមួយ ក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នបានដំណើការ និងពង្រីកសាខារហូតដល់ទៅ៧ទីតាំង ក្នុងទីក្រុងភ្នំពេញ ស្របពេលនឹងរដូវកាលបុណ្យណូអែលនេះ។
ត្រឹមតែរយៈពេលមួយឆ្នាំ ក្រោយពីការបើកដំណើការជាផ្លូវការ នូវហាងលក់គ្រឿងអលង្កា PANDORA និងហាងលក់នាឡិកាដៃ BERING នៅសាខា Aeon Mall សែនសុខរួចមក ក្រុមហ៊ុនសាន់ដារ៉ា ក៏បានបញ្ចប់ជាស្ថាពរ នូវគម្រោងកែលំអរហាងរបស់ខ្លួន ដែលមានទីតាំងនៅ Exchange Square ផងដែរ។
ក្រុមហ៊ុន សាន់ដារ៉ា បានចាប់ផ្តើមដំណើរការដំបូង ដោយបានបើកហាងលក់គ្រឿងអលង្កាប្រណិតម៉ាក PANDORA តែមួយសាខាប៉ុណ្ណោះ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។ ដោយទទួលបានការគាំទ្រពីសំណាក់អតិថិជន ក្រុមហ៊ុនក៏បានពង្រីកសាខា៥ទីតាំងបន្ថែមទៀត ក្នុងនោះ រួមមានហាងលក់នាឡិកាដៃ BERING និង ហាងលក់គ្រឿងអលង្កា PANDORA ផ្សារទំនើបអូឡាំព្យា។
កញ្ញា ប៊ុន កុលសាលីតា ប្រធានគ្រប់គ្រងម៉ាក PANDORA និង BERING បានឲ្យដឹងថា «ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលទទួលបានការគាំទ្រកាន់តែច្រើនឡើង ពីសំណាក់អតិថិជន នូវការបញ្ចេញខូឡិកសិនថ្មីរបស់យើង ហើយពួកយើងបានត្រៀមរួចជាស្រេច ក្នុងការផ្តល់នូវអ្វីដែលថ្មី ដើម្បីបំពេញតម្រូវការអតិថិជន ជាពិសេសសម្រាប់ឱកាសបុណ្យណូអែលខាងមុខនេះ ដោយយើងបានដឹងច្បាស់ថា អតិថិជនកំពុងតែមានតម្រូវការ ក្នុងការស្វែងរកកាដូសម្រាប់មនុស្សជាទីស្រលាញ់របស់ពួកគេ»។
កញ្ញា ប៊ុន កុលសាលីតា បន្ដទៀតថា ជាការពិតណាស់អតិថិជនយើងទាំងអស់ ប្រាកដជាមានភាពរីករាយ ព្រោះថា នៅក្នុងឆ្នាំនេះដែរ PANDORA បានមានការតែទម្រង់ជាមួយការបញ្ចេញ នូវខូឡិកសិនថ្មីរបស់ខ្លួន ទូទាំងពិភពលោក។ PANDORA គឺជាម៉ាកគ្រឿងអលង្ការប្រណិត លំដាប់ថ្នាក់លេខមួយក្នុងពិភពលោក ដែលបច្ចុប្បន្ន មានវត្តមានជាងមួយរយប្រទេស និងមានទីតាំងលក់រហូតដល់ទៅ ២,៤០០ ហាងនៅជុំវិញពិភពលោក។
ប្រធានគ្រប់គ្រងដដែលរូបនេះ បានបន្ថែមថា លើសពីនេះទៅទៀត នាពេលថ្មីៗនេះ ក្រុមហ៊ុនសាន់ដារ៉ា បានឈានជើងចូលប្រឡូក ក្នុងវិស័យផលិតផលថែរក្សាសម្រស់ ដំណើរការផលិតផលថែរក្សាសម្ភស្ស និងកំពុងតែងសម្រិតសម្រាំង យកនូវផលិតផលដែលមានគុណភាព និងតម្លៃសមរម្យ ដើម្បីបំពេញតំម្រូវការទីផ្សារបច្ចុប្បន្ន ដែលកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័ស៕