(ភ្នំពេញ)៖ ក្នុងរបាយការណ៍បានបង្ហាញថា កញ្ចប់ថវិកាសម្រាប់ការងារប្រយុទ្ធនឹងជំងឺអេដស៍ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មាននិន្នាការថយចុះគួរឱ្យកត់សម្គាល់ ជាពិសេសថវិកាពីដៃគូអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ ថវិកាជាតិមាននិន្នាការកើនឡើងបន្តិចម្តងៗ តែមិនទាន់ឆ្លើយតបបានទាំងស្រុងនៅឡើយទេ។ ជាការពិត នៅក្នុងដំណាក់កាល នៃការបញ្ចប់អេដស៍នេះ កម្ពុជានៅតែត្រូវការជំនួយជាចាំបាច់ ពីដៃគូអភិវឌ្ឍន៍នៅឡើយ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបង្កើនថវិកាជាតិ ដើម្បីបំពេញគម្លាត និងតម្រូវការរបស់យើងក៏ដោយ។

ការប្រកាសឲ្យដឹងបែបនេះ គឺត្រូវបានធ្វើឡើង ក្នុងកិច្ច ប្រជុំផ្សព្វផ្សាយស្តីពីរបាយការណ៍អង្កេតថ្នាក់ជាតិ លើកទី៦ ស្តីពីការចំណាយក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០១៦-២០១៧ ក្រោមអធិបតីលោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារសាន់វ៉េ ដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានសហការជាមួយកម្មវិធីរួមអង្គការសហប្រជាជាតិ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ (UNAIDS) និង USAID/HP+ ។ ក្នុងនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងក្រសួង ស្ថាប័នជាតិ អន្តរជាតិដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងក្រុមប្រជាជនគន្លឹះជាច្រើននាក់ចូលរួម។

របាយការណ៍អង្កេត គឺជាឧបករណ៍មួយនៅក្នុងការត្រួតពិនិត្យ និងវាយតម្លៃថ្នាក់ជាតិ ក៏ដូចជាការវាស់ស្ទង់ និងតាមដានការចំណាយលើការងារអេដស៍ នៅទូទាំងប្រទេស ដើម្បីធ្វើរបាយការណ៍ជូនស្ថាប័នជាតិ ដៃគូអភិវឌ្ឍន៍ និងក្នុងកម្មវិធីអង្គការសហប្រជាជាតិផងដែរ។

របាយការណ៍បានបង្ហាញថា កញ្ចប់ថវិកាសម្រាប់ការងារប្រយុទ្ធនឹងជំងឺអេដស៍ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មាននិន្នាការថយចុះគួរឱ្យកត់សម្គាល់ ជាពិសេសថវិកាពីដៃគូអភិវឌ្ឍន៍។ ក្នុងនោះថវិកាថយចុះពីចំនួន ៥៨,១លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១០ មកត្រឹម៣១,៥លានដុល្លារអាម៉រិក ក្នុងឆ្នាំ២០១៦ និង៣៤,៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧។ ទន្ទឹមនឹងនេះ ថវិកាជាតិមាននិន្នាការកើនឡើងបន្តិចម្តងៗ តែមិនទាន់ឆ្លើយតបបានទាំងស្រុងនៅឡើយទេ។ ជាការពិត នៅក្នុងដំណាក់កាលនៃការបញ្ចប់អេដស៍នេះ កម្ពុជានៅតែត្រូវការជំនួយជាចាំបាច់ ពីដៃគូអភិវឌ្ឍន៍នៅឡើយ បើទោះបីជារាជ រដ្ឋាភិបាលកម្ពុជា បាននិងកំពុងបង្កើនថវិកាជាតិ ដើម្បីបំពេញគម្លាត និងតម្រូវការរបស់យើងក៏ដោយ។

នៅក្នុងឱកាសបើកកិច្ចប្រជុំផ្សព្វផ្សាយនេះ លោកទេសរដ្ឋមន្រ្តី អៀង មូលី បានលើកឡើងពីសារៈសំខាន់នៃរបាយការណ៍អង្កេត។ ក្នុងនោះរបាយការណ៍បានពិពណ៌នាពីលំហូរធនធាន ដែលបានចំណាយក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ពីប្រភពដើមធនធានដល់ប្រជាជន ដែលទទួលបានអត្ថប្រយោជន៍ ពីកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍។ ជាមួយគ្នានេះ របាយការណ៍ក៏ជួយថ្នាក់ដឹកនាំ ឱ្យធ្វើការសម្រេចចិត្ត ដោយឈរលើព័ត៌មានយុទ្ធសាស្ត្រ និងអនុញ្ញាតឱ្យប្រទេសកម្ពុជា ប្រមូលធនធានប្រកបដោយគណនេយ្យភាពកាន់តែខ្លាំង និងអនុវត្តកម្មវិធីកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលជាងមុន។

ចំពោះជោគជ័យក្នុងការឆ្លើយនឹងមេរោគអេដស៍ និងជំងឺអេដស៍ លោកទេសរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា ដោយសារសរសរស្តម្ភបី ៣រួមមាន៖

*ទី១៖ ភាពជាអ្នកដឹកនាំ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ជាទីបំផុត ដោយបានប្រគល់ភារកិច្ចជូន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាអ្នកដឹកនាំផ្ទាល់។ ទស្សនវិស័យនៃផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ អាចអនុវត្តទៅបាន ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។
*ទី២ ៖ ភាពជាដៃគូ៖ រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងក្រុមប្រជាជនគន្លឹះ បាននិងកំពុងធ្វើការរួមគ្នាឆ្លើយតប ជាពហុវិស័យដែលជាគន្លឹះជោគជ័យរបស់យើង។
*ទី៣ ៖ ការវិនិយោគ៖ ការវិនិយោគក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍របស់យើងបានចាប់ផ្តើមទាន់ពេលវេលា គ្រប់ជ្រុងជ្រោយ និងពហុវិស័យ រហូតដល់ពេលបច្ចុប្បន្ន ដែលជាដំណាក់កាលអន្តរកាល ឈានទៅរកភាពជាម្ចាស់ប្រទេសនៃការឆ្លើយតប ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់។

នៅទីបញ្ចប់ លោកទេសរដ្ឋមន្រ្តីបានប្រកាសជាឧឡារឹកឱ្យប្រើប្រាស់ជាផ្លូវការនូវ «របាយការណ៍ស្តីពីការចំណាយ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់ឆ្នាំ២០១៦-២០១៧»៕