(ភ្នំពេញ)៖ លោក Rick Davidson អ្នកជំនាញវិស័យអចលនទ្រព្យ និងការធ្វើម៉ាកយីហោ របស់ក្រុមហ៊ុនអចលនទ្រព្យ Century 21 Real Estate ដែលជាក្រុមហ៊ុនល្បីល្បាញលើពិភពលោករបស់អាមេរិក បានចូលរួមចែករំលែកចំណេះដឹងពីជំនាញអចលនទ្រព្យជាលើដំបូង ដល់សហគ្រិននៅកម្ពុជា បន្ទាប់ពីសង្កេតឃើញសក្តានុពលខ្ពស់ ក្នុងការអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា។
លោក Rick Davidson បានចំណាយពេលពេញ៣ទសវត្សរ៍ក្នុងអាជីពលើវិស័យអចលនទ្រព្យ និងការអភិវឌ្ឍន៍យីហោរបស់ក្រុមហ៊ុន Century 21 ហើយការចែករំលែកពីចំណោះដឹងនេះ បានផ្តោតលើប្រធានបទ «គន្លឹះនៃភាពជោគជ័យក្នុងការកសាងម៉ាកយីហោ Century 21 Everest»។
បើតាមលោកស្រី ហ្គ្រែស រចនី ហ្វង់ អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia បានឱ្យដឹងថា ការចែករំលែកចំណេះដឹងនេះ គឺជាឱកាសកម្រសម្រាប់អ្នកមានអាជីពជាភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា ហើយអ្នកជំនាញនៅកម្ពុជា ទទួលបានចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគេ និងដើម្បីប្រើប្រាស់ជាទុនសម្រាប់កសាងម៉ាកយីហោក្រុមហ៊ុនឲ្យកាន់តែទទួលបានទំនុកចិត្ត ខ្លាំងពីសាធារណជន។
លោកស្រីបានបន្តថា ម៉ាកយីហោក្រុមហ៊ុន Century 21 Real Estate គឺជាម៉ាកយីហោក្រុមហ៊ុនអចលនទ្រព្យដ៏គួរឲ្យទុកចិត្ត និងរឹងមាំ និងតែងមានការអភិវឌ្ឍន៍ជារៀងដរាប។ ក្នុងនាមជាអ្នកជំនាញជាន់ខ្ពស់ លោក Davidson តែងចែករំលែកពេលវេលាដ៏មមាញឹករបស់លោក ដើម្បីធ្វើចែករំលែកចំណោះដឹង ដល់ភ្នាក់ងារអចលនទ្រព្យ នៅតាមប្រទេសដែលមានសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យរីកចម្រើនខ្លាំង។ ដូច្នេះវត្តមានរបស់លោកនៅកម្ពុជានាពេលនេះ គឺបានឆ្លុះបញ្ជាំងពីការរីកចម្រើន នៃវិស័យអចលនទ្រព្យរបស់យើង ហើយលោកប្រាកដជាសម្លឹងឃើញឱកាស ឬសក្តានុពលល្អណាមួយ ពីការរីកចម្រើននៃវិស័យអចលនទ្រព្យកម្ពុជាមិនខាន។
លោកស្រីបានបញ្ជាក់ទៀតថា លោក Davidson ត្រូវបានចាត់បញ្ចូលក្នុងបញ្ជីអ្នកមានឥទ្ធិពលខ្លាំង នៅក្នុងវិស័យអចលនទ្រព្យ Inman’s Real Estate Influencers របស់សារព័ត៌មានអចលនទ្រព្យ Inman នៅចន្លោះពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៧។ រហូតដល់ឆ្នាំ២០១៧ លោកត្រូវបានផ្ទេរតួនាទីទៅជាប្រធានក្រុមហ៊ុន Everest Group ដែលជាក្រុមហ៊ុនមេរបស់ Century 21 Everest-Troop Real Estate ដែលមានការិយាល័យ១៧ នៅរដ្ឋ Utah និងរដ្ឋ California សហរដ្ឋអាមេរិក ហើយបានធ្វើឲ្យ Century 21 Everest ក្លាយជាក្រុមហ៊ុនអចលនទ្រព្យលេខ១លើពិភពលោកនៅឆ្នាំ ២០១៩ នេះ។
លោកស្រី រចនី ហ្វង់ បញ្ជាក់ថា ការជ្រើសរើសក្រុមហ៊ុនដែលមានម៉ាកយីហោល្បីល្បាញ និងមានបណ្តាញជុំវិញពិភពលោកដូចជា Century 21នឹងជួយឲ្យអាជីវកម្មកាន់តែប្រសើរឡើង ហើយយើងនឹងពង្រីកការិយាល័យ Century 21 ឲ្យបាន៣៨ ការិយាល័យនៅតាមរាជធានី និងខេត្តទាំង២៥ នៅកម្ពុជានៅឆ្នាំ២០២០ ខាងមុខនេះ ដោយយើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់យោបល់ល្អៗ ដល់ការិយាល័យ Franchise Century 21 ថ្មី ដោយទទួលបានកិច្ចសហការផ្តល់ប្រឹក្សាយោបល់ពីស្នាក់ការ Century 21 ពីសឹង្ហបុរី ជប៉ុន តៃវ៉ាន់ និងចិនជាដើម»។
លោកស្រីបន្តថា ក្រុមហ៊ុន Century 21 Cambodia ដែលមានលោក គុយ វ៉ាត ជាប្រធានក្រុមប្រឹក្សាភិបាល មានទីប្រឹក្សាជំនាញៗជាច្រើនសម្រាប់ផ្តល់យោបល់ និងយុទ្ធសាស្រ្តសម្រាប់ទីផ្សារអចលនទ្រព្យ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទីផ្សារក្នុងប្រទេសអាស៊ី៕