(ម៉ានីល)៖ គិតត្រឹមថ្ងៃទី០៨ ខែធ្នូនេះ កម្ពុជាបានកើនមេដាយដល់ ៣៥គ្រឿងហើយ(មាស ៣, ប្រាក់ ៦ និងសំរឹទ្ធ ២៦) នៅក្នុងការប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន បន្ទាប់ពីដណ្ដើមបានមេដាយ ៨គ្រឿងបន្ថែមថ្ងៃនេះ រួមមានមេដាយមាស ១, ប្រាក់ ២ និងសំរឹទ្ធ ៥ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន នាយបេសកកម្មកីឡាស៊ីហ្គេមរបស់កម្ពុជា ។
ចំពោះមេដាយ ទើបដណ្ដើមបានថ្ងៃនេះ រួមមានវីរកីឡាការិនី ស៊ន សៀវម៉ី បានការពារមេដាយមាសលើប្រភេទទម្ងន់ ៧៣គីឡូក្រាមរបស់ខ្លួនបានសម្រេចជាថ្មី បន្ទាប់ពីវាយកឈ្នះដាច់ពិន្ទុលើកីឡាការិនីវៀតណាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្ដយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ដើម្បីគ្រងមេដាយមាស ២ឆ្នាំជាប់គ្នា ដ្បិតកាលពីឆ្នាំ២០១៧ នាងក៏ឈ្នះមេដាយមាស នៅម៉ាឡេស៊ីដែរ ។
រីឯមេដាយប្រាក់ ២ គ្រឿងទៀត ក៏ដណ្ដើមបានដោយកីឡាការិនីតេក្វាន់ដូកម្ពុជាដែរ រួមមានកីឡាការិនី ឈឿង អាលីហ្សា ដែលប្រកួតចាញ់កីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ១២-៣ពិន្ទុ និងកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ប កាសាន់ទ្រេនីកូល បានប្រកួតចាញ់កីឡាការិនីវៀតណាម ដោយលទ្ធផល ១១-៩ពិន្ទុ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។ រីឯមេដាយសំរឹទ្ធ ៥គ្រឿងទៀត ដណ្ដើមបានដោយអត្តពលិកកីឡាប្រដាល់សកលកម្ពុជា ។
សរុបមេដាយ និងអត្តពលិក ដណ្ដើមបានមេដាយជូនជាតិ ពីព្រឹត្តិការណ៍កីឡាប្រចាំតំបន់ SEA Games 2019 នៅហ្វីលីពីន គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះរួមមាន៖
• កីឡាគុនល្បុក្កតោ(ប្រកួតកីឡា Arnis) ឈ្នះមេដាយសរុប ២០គ្រឿង(មាស ១, ប្រាក់ ២ និងសំរឹទ្ធ ១៧) ។
• កីឡាប៉េតង់ ឈ្នះមេដាយមាស ១(វិញ្ញាសានារី ៣នាក់) និងប្រាក់ ១(វិញ្ញាសាវាគូបុរស) ។
• កីឡាតេក្វាន់ដូ ឈ្នះមេដាយមាស ១ (ស៊ន សៀវម៉ី) និងមេដាយប្រាក់ ២ គ្រឿង ។
• កីឡាសីប៉ាក់តាក្រ ឈ្នះមេដាយប្រាក់ ១គ្រឿង ។
• កីឡាប្រដាល់គុនខ្មែរ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង ។
• កីឡាប្រដាល់សកល ឈ្នះមេដាយសំរឺទ្ធ ៥គ្រឿង
• កីឡាសូហ្វតិន្នីស ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង ។
ប៉ុន្ដែការប្រកួតមិនទាន់បញ្ចប់នោះទេ ពោលគឺនៅសល់ ៣ថ្ងៃទៀត ហើយកម្ពុជាក៏រំពឹងនឹងដណ្ដើមបានមេដាយបន្ថែមផងដែរ ពិសេសកីឡាជឺជិតស៊ូ និងកីឡាចំបាប់ ដែលស្ថិតក្នុងបញ្ជីកីឡាមានសក្ដានុពល និងរំពឹងឈ្នះមេដាយមាសជូនជាតិបន្ថែមទៀតផង ៕