(ម៉ានីល)៖ កីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាស ១គ្រឿង នៅព្រឹត្តិការណ៍កីឡា SEA Games 2019 ក្រោយយកឈ្នះគូប្រជែងម្ចាស់ផ្ទះហ្វីលីពីននៅមុននេះបន្តិច។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
កញ្ញា ស៊ន សៀវម៉ី ជាអតីតម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ក្នុងប្រភេទទម្ងន់៧៣គីឡូក្រាម។ ដូច្នេះការឈ្នះមេដាយមាសក្នុងការប្រកួតនៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩នេះ ជាជ័យជម្នះការពារបាននូវតំណែងជាម្ចាស់មេដាយមាស។
ជាមួយគ្នានេះមិត្តរួមជាតិ កីឡាការិនីតេក្វាន់ដូ ឈឿង អាលីហ្សា បានប្រកួតចាញ់កីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ដោយពិន្ទុ ១២ទល់នឹង៣ នៅវគ្គផ្តាច់ព្រ័ត្រ បានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ។ ឯកីឡាការិនីកូនកាត់ ថិប កាសាន់ទ្រេនីកូល បានត្រឹមមេដាយប្រាក់ ១ ដូចគ្នា ក្រោយចាញ់កីឡាការិនីវៀតណាម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ ចំពោះមេដាយបណ្ដោះអាសន្ន និងអត្តពលិក ដែលកម្ពុជាដណ្ដើមបានព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនមានចំនួន ៣៥គ្រឿង (មាស៣, ប្រាក់៦ និងសំរឹទ្ធ២៦)៕