(ម៉ានីល)៖ កីឡាការិនីតេក្វាន់ដូឆ្នើមរបស់កម្ពុជា កញ្ញា ស៊ន សៀវម៉ី បានឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ក្រោយផ្តួលកីឡាករិនីវៀតណាម ក្នុងព្រឹត្តិការេណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពិននៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩នេះ។
ក្រៅពីកញ្ញា ស៊ន សៀវម៉ី នៅមានកីឡាការិនីតេខ្វាន់ដូឆ្នើមរបស់កម្ពុជាពីររូបទៀត គឺកីឡាករិនី Cassandre tubbs និងកីឡាការិនី ឈឿង អាលីហ្សា ក៏បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រផងដែរ បន្ទាប់ពីយកឈ្នះគូប្រកួតរៀងៗខ្លួន។
សូមបញ្ជាក់ថា វីរកីឡាការិនី ស៊ន សៀវមុី បានយកឈ្នះកីឡាការិនីវៀតណាម ដោយលទ្ធផល ២៥-១ពិន្ទុ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីបន្តឱកាសឡើងទៅការពារមេដាយមាសជាថ្មី លើវិញ្ញាសាទម្ងន់ ៧៣គីឡូក្រាម។
ចំណែកកីឡាការិនីកូនកាត់ Cassandre tubbs វិញ បានយកឈ្នះកីឡាការិនីឥណ្ឌូណេស៊ី ដោយលទ្ធផល១៧-១០ពិន្ទុ ក្នុងវិញ្ញាសា ៦២គីឡូក្រាម។ កីឡាការិនី ឈឿង អាលីហ្សា បានយកឈ្នះកីឡាការិនីទីម័រខាងកើត ដោយលទ្ធផល ១៧-៩ពិន្ទុ ក្នុងទម្ងន់ក្រោម ៥៧គីឡូក្រាម។
គិតត្រឹមរសៀលថ្ងៃអាទិត្យនេះ ចំពោះមេដាយបណ្ដោះអាសន្ន និងអត្តពលិក ដែលកម្ពុជាដណ្ដើមបានព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីនមានចំនួន ២៧គ្រឿង(មាស២, ប្រាក់ ៤ និងសំរឹទ្ធ ២១) មានដូចជា៖
• កីឡាគុនល្បុក្កតោ ប្រកួតកីឡា Arnis ដណ្ដើមបានមេដាយសរុប ២០គ្រឿង(មាស ១, ប្រាក់ ១ និងសំរឹទ្ធ ១៧) ។
• កីឡាប៉េតង់ ឈ្នះមេដាយ ២គ្រឿង(មាស ១ និងប្រាក់ ១) ។
• កីឡាសីប៉ាក់តាក្រ ឈ្នះមេដាយប្រាក់ ១ គ្រឿង ។
• កីឡាប្រដាល់គុនខ្មែរ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង (នៅមានការប្រកួតបន្ដ) ។
• កីឡាសូហ្វតិន្នីស ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង (នៅមានការប្រកួតបន្ដ) ៕