(ភ្នំពេញ)៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំ និងដំណើរកម្សាន្ត ប្រចាំឆ្នាំ២០១៩ នៅខេត្តសៀមរាប ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ហើយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមមេធាវីបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ២០១៩ ក្រោមប្រធានបទស្តីពី «ការរៀបចំផែនការអភិវឌ្ឍន៍ខ្លួន ឆ្នាំ២០២០» នៅសណ្ឋាគារ រីជឹនស៊ី អង្គរ ។
លោកមេធាវី លី រដ្ឋធី ប្រធានក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងក្នុងឳកាសនៃការបើកកិច្ចប្រជុំខាងលើថា ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ត្រូវបានបង្កើតឡើងនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ដែលរហូតមកដល់ពេលនេះ គឺមានរយៈពេលជិតប្រាំឆ្នាំមកហើយ ។
ក្នុងរយៈពេលជិតប្រាំឆ្នាំមកនេះ ក្រុមមេធាវី បានរៀបចំកិច្ចប្រចាំឆ្នាំចំនួន ៤លើក រួមទាំងឆ្នាំនេះ ក្នុងនោះលើកទី១ និងលើកទី២ ត្រូវបានរៀបចំនៅខេត្តសៀមរាប លើកទី៣ នៅខេត្តមណ្ឌលគីរី ហើយសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ សម្រាប់ឆ្នាំ២០១៩នេះ ក៏ប្រព្រឹត្តទៅនាខេត្តសៀមរាបផងដែរ ។
កិច្ចប្រជុំប្រឆ្នាំ គឺជាសកម្មភាពមួយដ៏សំខាន់របស់ក្រុមមេធាវី ក្នុងការឆ្លុះបញ្ចាំងនូវចំនុចខ្លាំង ចំនុចខ្សោយ កាលានុវត្តនភាព រួមទាំងកត្តារារាំង ក្នុងការបំពេញការងាររបស់ក្រុមមេធាវី ហើយដែលលទ្ធផលនៃការឆ្លុះបញ្ចាំងទាំងនោះ បានផ្តល់នូវធាតុចូលដ៏មានសារៈសំខាន់ សម្រាប់ក្រុមមេធាវីរៀបចំនូវផែនការ ក៏ដូចជា យុទ្ធសាស្រ្តរបស់ខ្លួន ក្នុងការបំពេញភារៈកិច្ចឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
លោកមេធាវី លី រដ្ឋធី បានបន្ថែមទៀតថា ក្នុងរយៈពេលជិតប្រាំឆ្នាំមកនេះ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានការរីកចម្រើនលើគ្រប់ផ្នែក ដោយបានវិវត្តន៍ខ្លួនពីការចាប់ផ្តើមដែលមានមេធាវីចំនួន ០២ រូប និងសមាជិកចំនួន ០៥ រូប សរុបចំនួន ០៧ រូប រហូតមានមេធាវីចំនួន ០៨ រូប សមាជិក-សមាជិកា ២០ រូប សរុបទាំងអស់ ២៨ រូប នាពេលបច្ចុប្បន្ន ។
ពីការិយាល័យជួលដែលមានទំហំចំនួន ១១០ ម៉ែត្រក្រឡា មកជាអគារការិយាល័យផ្ទាល់ខ្លួនដែលមានកំពស់ ៣ជាន់ និងមានផ្ទៃក្រឡាប្រើប្រាស់សរុបចំនួនប្រហាក់ប្រហែល ៥០០ ម៉ែត្រឡា ។ លើសពីនេះទៅទៀត ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក៏នឹងមានផែនការសាងសង់អគារការិយាល័យថ្មីរបស់ខ្លួន ដែលមានឈ្មោះថា អគារ ស៊ី អាយ ស៊ី (C.I.C Tower) ដែលនឹងត្រូវសាងសង់ឡើងលើទំហំផ្ទៃដី ៦០០ ម៉ែត្រក្រឡា ដែលត្រូវបានរចនាជាប្រភេទអគារការិយាល័យពាណិជ្ជកម្មបែបទំនើប ដោយមានកំពស់ ១២ ជាន់ ។
អគារការិយាល័យថ្មីនេះ នឹងផ្តល់នូវផ្ទៃក្រឡាប្រើប្រាស់សរុបប្រមាណ ៥,៥០០ ម៉ែត្រក្រឡា បែងចែកជា ទីកន្លែងបដិសណ្ឋារកិច្ច ហាងកាហ្វេ ការិយាល័យធ្វើការ សាលប្រជុំ និងបន្ទប់ស្នាក់នៅជា លក្ខណៈផេនហៅ (Penthouse) ។ សម្រាប់ដំណើរការសាងសង់អគារការិយាល័យថ្មីរបស់ក្រុមមេធាវី ស៊ី អាយ ស៊ី នេះ នឹងត្រូវចាប់ផ្តើមក្នុងឆ្នាំ២០២០ ដោយប្រើប្រាស់ពេលវេលាសាង់សង់ពី ២៤ខែ ទៅ ៣០ខែ ក្នុងគម្រោងថវិកាប្រមាណជា ២លាន ៥ សែន ដុល្លារអាមេរិក ។ ជាមួយគ្នានេះ ចំពោះការងារផ្តល់សេវាកម្មរបស់ក្រុមមេធាវី ត្រូវបានពង្រីកជាច្រើនផ្នែក និង វិស័យដែលទាក់ទងនឹងសេវាកម្មច្បាប់ ដែលបានទាក់ទាញនូវការងារ និងអតិថិជនជាច្រើន ទាំងអតិថិជនជាតិ និងអន្តរជាតិ ។
សម្រាប់ការងារសេវាកម្មច្បាប់ដែលសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនដៃគូ ក្រុមមេធាវីទទួលបាននូវក្រុមហ៊ុនដៃគូរថ្មីៗជាបន្តបន្ទាប់ ដែលក្រុមហ៊ុនដៃគូរទាំងនោះ សុទ្ធតែជា ប្រភេទក្រុមហ៊ុនវិនិយោគដែលមានទំហំទឹកប្រាក់ច្រើន មានលក្ខណៈស្តង់ដារការងារ ក៏ដូចជាដំណើរការអាជីវកម្មយូរអង្វែង ។ ការរីកចំរើនដែលរៀបរាប់ទាំងអស់ខាងលើនេះគឺ កើតចេញតាមរយៈនៃការខិតខំប្រឹងប្រែងរបស់ក្រុមមេធាវី ដែលមានការចូលរួមចំណែកយ៉ាងសកម្ម និងមិនអាចខ្វះបានពីសំណាក់មេធាវី ប្រធានផ្នែក និងសមាជិក សមាជិកាទាំងអស់ ។
មេធាវី ប្រធានផ្នែក សមាជិក សមាជិកានៃក្រុមេធាវី សុទ្ធតែមានសមត្ថភាព បទពិសោធន៍ និងការតាំងចិត្តខ្ពស់ក្នុងការបំពេញការងារជូនអតិថិជន ក៏ដូចជាក្រុមមេធាវី ប្រកបដោយក្រមសីលធម៌ ។ ការបំពេញការងារជាក្រុម ការចែករំលែក និងការជួយគ្នាទៅវិញទៅមក គឺជាយន្តការយ៉ាងសំខាន់របស់ក្រុមមេធាវី និងជាកត្តារុញច្រានឲ្យក្រុមមេធាវីបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល ។
យ៉ាងណាមិញ តាមរយៈនៃការវិវត្តន៍ឥតឈប់ឈរនៃវិស័យសេដ្ឋកិច្ច សង្គម ការអប់រំ និង សកលភាវូបនីយកម្ម រួមទាំងទំនើបកម្មផ្នែកបច្ចេកវិទ្យាជាដើម តម្រូវឲ្យមេធាវី ប្រធានផ្នែក សមាជិក សមជិកាទាំងអស់ ត្រូវបន្តខិតខំអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត ដើម្បីរុញច្រានក្រុមមេធាវីឆ្ពោះទៅរកគោលដៅ ដែលបានកំណត់ទុក ។
ហេតុដូច្នេះហើយ បានជាកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ របស់ក្រុមមេធាវីនាពេលនេះ ផ្តោតសំខាន់លើការរៀបចំផែនការអភិវឌ្ឍន៍ខ្លួន សម្រាប់ឆ្នាំ២០២០ របស់មេធាវី ផ្នែក និងសមាជិកសមាជិកា ដែលជាធាតុចូលយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ខ្លួនរបស់ក្រុមមេធាវី សម្រាប់ឆ្នាំ ២០២០ ក៏ដូចជាផែនការរយៈពេល ០៣ ឆ្នាំរបស់ក្រុមមេធាវី ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ នេះជាការបញ្ជាក់បន្ថែមរបស់លោកប្រធានក្រុមមេធាវី ។
បន្ទាប់ពីមានមតិស្វាគមន៍ និងបើកកម្មវិធីរបស់ប្រធានក្រុមមេធាវីខាងលើ កិច្ចប្រជុំបានដំណើរដោយមានរបៀបវារៈជាបន្តបន្ទាប់ ដូចជារបាយការណ៍រយៈពេល ១១ ខែ ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ផ្នែកទាំង ០៤ របស់ក្រុមមេធាវី រួមមាន ផ្នែករដ្ឋបាល ផ្នែកសេវាកម្មច្បាប់ ផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ រួមទាំងផ្នែកអធិការកិច្ច និងវិន័យ ។
បន្ទាប់មក ការបែងចែកក្រុមពិភាក្សា ដើម្បីឆ្លុះបញ្ចាំងលើសកម្មភាពការងាររបស់ក្រុមមេធាវី ដោយប្រើប្រាស់នូវឧបករណ៍ SWOT & BEEM ។ សម្រាប់ដំណើរការបន្ទាប់នៃកិច្ចប្រជុំ គឺការបង្ហាញអំពីផែនការអភិវឌ្ឍន៍ខ្លួនរបស់ផ្នែកទាំងបួន និងផែន ការអភិវឌ្ឍន៍ខ្លួនរបស់មេធាវី ប្រធានផ្នែក និងសមាជិក សមាជិកាទាំងអស់របស់ក្រុមមេធាវី សម្រាប់ឆ្នាំ២០២០៕