(ភ្នំពេញ)៖ លោក ថេង សុថុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌចំការមន នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ បានចុះជួបសំណេះសំណាល ជាមួយសមាជិកសមាជិកាបក្សជាង២០០នាក់ ចំណុះឲ្យគណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ក្នុងពិធីនេះដែរ លោក ថេង សុថុល បានថ្លែងទៅកាន់សមាជិកសមាជិកា គណបក្សដូច្នេះថា ប៉ុន្មានអាណត្តិកន្លងទៅនេះ មានតែគណបក្សប្រជាជនតែមួយប៉ុណ្ណោះ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស បោះឆ្នោតឈ្នះគ្រប់អាណត្តិ ដើម្បីដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចំរើន លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយក៏ជាគណបក្សការពាររបបជារានិយមបានរឹងមាំបំផុត ការពារសន្តិភាព ស្ថេរភាពនយោបាយ មិនឲ្យបរទេសចូលមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ប្រទេសបានជាដាច់ខាត។
ជាមួយគ្នានេះដែរ លោក ថេង សុថុល បានសង្កត់ធ្ងន់ថា ក្រោយថ្ងៃជ័យជំនះ៧មករា មានតែគណបក្សប្រជាជនទេ ដែលដឹកនាំប្រទេសតាំងពីបាតដៃទទេ រហូតទទួលបានសន្តិភាពទូទាំងប្រទេសមានការអភិវឌ្ឍន៍ រីកចម្រើនឥតឈប់ឈរ និងទទួលបានការគាំទ្រពីអន្តរជាតិ។ សមិទ្ធិផលជាច្រើន ដែលកើតក្រោយថ្ងៃ ជ័យជំនះ៧មករា ត្រូវបានថែរក្សាទុក និងបន្តអភិវឌ្ឍន៍សមិទ្ធិផលថ្មីៗជាច្រើនទៀតរួមមានផ្លូវស្ពានអាកាស ស្ពានឆ្លងកាត់ទន្លេ ផ្លូវក្រោមដីអាគារពាណិជ្ជកម្មខ្ពស់ៗលំដាប់អន្តរជាតិផ្សារទំនើប និងសមិទ្ធិផលថ្មីៗជាច្រើនទៀតនិងបន្តកើតមានឡើងនៅទូទាំងប្រទេស។ មានគណបក្សប្រជាជនកម្ពុជា ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើនឥតឈប់ឈរ រួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយអោយបានរឹងមាំ ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
លោកប្រធានបក្សខណ្ឌ បានបន្តថា សូមឲ្យសមាជិកក្រុមបក្ស ត្រូវមានកិច្ចសហការល្អ ជាមួយប្រជាពលរដ្ឋចុះសួរសុខទុក្ខតាមមូលដ្ឋាន និងសាកសួរពីតម្រូវការរបស់ពួកគាក់ ដើម្បីយកមកពិចារណារនិងដោះស្រាយ។ ជាមួយគ្នានេះដែរ ត្រូវរួមគ្នាអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ឲ្យបានប្រសើរឡើង ដើម្បីឲ្យមូលដ្ឋានយើងមានសន្តិសុខល្អ ប្រជាពលរដ្ឋរស់នៅមានក្តីសុខមិនព្រួយបារម្ភពីសុវត្ថិភាព។
ជាមួយគ្នានោះ លោក ថេង សុថុល ក៏បានអំពាវនាវដល់សមាជិកក្រុមបក្ស ណែនាំដល់ប្រជាពលរដ្ឋ ដែលត្រូវការសេវាសាធារណៈផ្សេងៗ សូមអញ្ជើញទៅទទួលសេវាដោយផ្ទាល់នៅរដ្ឋបាលខណ្ឌ តាមរយៈ ច្រកចេញចូលតែមួយ ដើម្បីកាត់បន្ថយការពឹងពាក់អ្នករត់ការ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋចំណាយថវិកាច្រើន ហើយចេះតែបន្ទោសថា អាជ្ញាធរយកលុយច្រើន តែការពិតពួកអ្នករត់ការជាយកពីបងប្រជាពលរដ្ឋ។
លោក ហែម សុផាត ប្រធានបក្សសង្កាត់ផ្សារដើមថ្កូវ បានរាយការណ៍ពីរចនាសម្ព័ន្ឋ សង្កាត់ក្នុងនោះ គណៈកម្មាធិការបក្សមានសមាជិក២៧នាក់ សមាជិកអចិន្ត្រៃយ៍ ៩នាក់, គណៈសាខាបក្សភូមិ ចំនួន៧, អនុសាខាបក្ស ចំនួន ១១ និងក្រុមបក្ស ចំនួន ២៤៩បក្ស។ ប្រជាជនចុះឈ្មោះផ្លូវការ ឆ្នាំ២០១៨ ចំនួន៨,៤៣៧នាក់៕