(ត្បូងឃ្មុំ)៖ ការចាក់បញ្ចាំងភាពយន្តរបស់ចិនតាមរយៈរថយន្តចល័ត ដែលរៀបចំដោយស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទៅដល់ខេត្តត្បូងឃ្មុំហើយ នៅរាត្រីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ដោយបានដាក់បញ្ចាំងខ្សែភាពយន្តខ្នាតធំបង្ហាញពីវប្បធម៌ ប្រពៃណីរបស់ចិន និងកម្ពុជា។ ការដាក់បញ្ចាំងខ្សែភាពយន្តនេះ បានធ្វើឡើងនៅសួនច្បារមាត់ទន្លេសិប្បនិមិត្ត នៃរដ្ឋបាលខេត្តត្បូងឃ្មុំ។
លោក កង ច័ន្ទីរិទ្ធិ ប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កម្មវិធីនេះពិតជាមានសារៈសំខាន់សម្រាប់ប្រជាជន ពិសេសយុវជនឲ្យកាន់តែយល់ច្បាស់ពីប្រពៃណី ទំនៀមទម្លាប់របស់ប្រទេសទាំងពីរកម្ពុជា-ចិន ដែលបានរឹតចំណងសាមគ្គីដ៏ល្អជាយូរមកហើយនោះ។
ជាមួយគ្នានោះ លោក រតនា រ៉ាយុទ្ធ ដែលជាអ្នកដឹកនាំក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តចិនខ្មែរលើកទី៤នេះ បញ្ជាក់ថា ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤នេះ ធ្វើឡើងស្របពេលរដ្ឋាភិបាលប្រទេសចិន និងកម្ពុជា ចាត់ទុកជាឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាជួយជំរុញឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សិល្បៈ ភាពយន្តរវាងកម្ពុជា និងចិនឱ្យកាន់តែស៉ីជម្រៅ និងមានចំណងមេត្រីភាពកាន់តែរឹងមាំមួយកម្រិតទៀត។
គួររម្លឹកថា ព្រឹត្តិការណ៍ដំណើរការចាក់បញ្ចាំងភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើម នេះបានចប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៦មកម្ល៉េះ។ ការចាក់បញ្ចាំងនេះរៀបចំដោយក្រុមការងារ ចាក់បញ្ចាំងភាពយន្តមកពីវិទ្យុមិត្តភាពកម្ពុជា-ចិន និងបានធ្វើដំណើរទៅកាន់ ២០រាជធានី-ខេត្ត នៃប្រទេសកម្ពុជា ដោយបានធ្វើដំណើរ ដល់ទីជនបទដាច់ស្រយាល សហគមន៍ សាលារៀន បន្ទាយយោធា និងតំបន់សេដ្ឋកិច្ចពិសេសជាដើម ព្រមទាំងបានចាក់បញ្ចាំងនូវភាពយន្តចិន-ខ្មែរ ដ៏ឆ្នើមមួយចំនួនដែលមានប្រជាជនលើសពី ១០ម៉ឺននាក់បានចូលរួមទស្សនា។
ភាពយន្តដែលបានចាក់បញ្ចាំងនៅខេត្តត្បូងឃ្មុំ មានរឿងអ្នកចម្បាំងចចកជាភាពយន្តចិន និងរឿងខ្មែរមានចំណងជើងថា លោកឪពុក៕