(ភ្នំពេញ)៖ ជាទូទៅបុគ្គលម្នាក់ៗត្រូវបានធានាចំពោះសិទ្ធិ សេរីភាពពេញលេញ ដោយច្បាប់រ៉ាប់រងមិនឱ្យមានការបំពាន ឬដកហូតដោយបង្ខំ ឬដោយខុសច្បាប់ណាមួយឡើយ ។
ច្បាប់ការពារជីវិត កិត្ដិយស និងសេចក្ដីថ្លៃថ្នូរបស់ប្រជាពលរដ្ឋ រាល់ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនបុគ្គលណាមួយនឹងអាចអនុវត្ដទៅកើត លុះត្រាណាតែអនុវត្ដត្រឹមត្រូវតាមច្បាប់ ។ ហេតុដូចនេះ តើការធានារបស់ច្បាប់ចំពោះជនដែលត្រូវបានចាប់ខ្លួន ឬឃាត់ខ្លួន មានសិទ្ធិអ្វីខ្លះនោះ?
នៅក្នុងសប្ដាហ៍នេះ ក្រុមមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សហការជាមួយ អង្គភាពព័ត៌មាន FRESH NEWS សូមលើកយកប្រធានបទស្ដីពី «សិទ្ធិរបស់ជនល្មើស និងជនសង្ស័យនៅពេលឃាត់ខ្លួន» មកធ្វើការចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ៖
យោងតាមច្បាប់កម្ពុជា ជនណាក៏ដោយដែលត្រូវបានមន្ត្រីនគរបាលយុត្ដិធម៌ ចាប់ខ្លួន ឬឃាត់ខ្លួន មានសិទ្ធិមួយចំនួនដើម្បីការពារខ្លួន ដែលសិទ្ធិទាំងនោះជាសិទ្ធិសំខាន់ និងមិនត្រូវបានបំពាន ឬដកហូតបាននោះឡើយ ។ នៅពេលជនល្មើសត្រូវបានចាប់ខ្លួន ឬជនសង្ស័យត្រូវបានមន្រ្ដីនគរបាលយុត្ដិធម៌ធ្វើការឃាត់ខ្លួន ជនល្មើស និងជនសង្ស័យនោះ មានសិទ្ធិមួយចំនួនដូចជា៖
១. សិទ្ធិដឹងពីមូលហេតុចាប់ ឬឃាត់ខ្លួន៖ នៅពេលឃាត់ខ្លួនបុគ្គលណាម្នាក់ មន្ត្រីនគរបាលយុត្ដិធម៌ត្រូវឱ្យដំណឹងជាបន្ទាន់ចំពោះសេចក្ដីសម្រចរបស់ខ្លួន ប្រាប់ឱ្យដឹងពីមូលហេតុនៃសេចក្ដីសម្រេចឃាត់ខ្លួន សិទ្ធិមានជំនួយមេធាវី និងសិទ្ធិមានអ្នកបកប្រែ ជាអាទិ៍ ។
២. សិទ្ធិមានជំនួយមេធាវី៖ ក្រោយពេលចាប់ខ្លួន ឬឃាត់ខ្លួន រយៈពេល ២៤ ម៉ោង កន្លងផុតទៅគិតចាប់ពីពេលផ្ដើមចាប់ខ្លួន ឬឃាត់ខ្លួន ជនសង្ស័យមានសិទ្ធិជួបសន្ទនាជាមួយមេធាវី ឬជនណាម្នាក់ដែលខ្លួនជ្រើសរើស កុំឱ្យតែជននោះមានពាក់ព័ន្ធនឹងរឿងជាមួយ ។ ក្នុងករណីនេះ មេធាវី ឬជនដែលបានចូលជួបសន្ទនានោះ អាចទទួលបានការជូនដំណឹងតាមគ្រប់មធ្យោបាយ និងជាបន្ទាន់ ហើយមានសិទ្ធិចូលនៅកាន់ទីកន្លែងឃាត់ខ្លួន ដើម្បីទាក់ទងសន្ទនាជាមួយបុគ្គលសាម៉ីខ្លួនបាន ៣០ នាទី ក្នុងលក្ខខណ្ឌធានាការសម្ងាត់នៃការសន្ទនា ។
៣. សិទ្ធិមិនត្រូវបានឃាត់ខ្លួនហួសរយៈពេលកំណត់៖ ជនណាម្នាក់មិនត្រូវបានឃាត់ខ្លួនហួសរយៈពេលដែលបានកំណត់ដោយច្បាប់ដោយគ្មានចំណាត់ការនីតិវិធីចោទប្រកាន់ណាមួយឡើយ ដោយនៅក្នុងនោះចំពោះនីតិជន (ជនដែលមានអាយុ១៨ ឆ្នាំឡើងទៅ) មិនអាចត្រូវបានឃាត់ខ្លួនលើសពី ៤៨ ម៉ោង អាចពន្យាបាន ២៤ ម៉ោង ។ ចំពោះអនីតិជនដែលមានអាយុ ១៤ ទៅ១៦ ឆ្នាំ ចំពោះបទឧក្រិដ្ឋមិនត្រូវហួសរយៈពេល ៣៦ ម៉ោង ចំពោះបទជ្ឈឹម មិនត្រូវលើស ២៤ ម៉ោង ឬឯអនីតិជនដែលមានអាយុ ១៦ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំវិញ នៅក្នុងករណីបទឧក្រិដ្ឋមិនឱ្យលើស ៤៨ ម៉ោង និងករណីបទមជ្ឈឹម មិនឱ្យលើសពី ៣៦ ម៉ោងឡើយ ។
៤. សិទ្ធិមានជំនួយពីគ្រូពេទ្យ៖ ព្រះរាជអាជ្ញា ឬមន្ត្រីនគរបាលយុត្ដិធម៌ មានសិទ្ធិសុំឱ្យគ្រូពេទ្យមកពិនិត្យជនដែលត្រូវបានឃាត់ខ្លួនបានគ្រប់ពេលវេលា ។ គ្រូពេទ្យផ្ទៀងផ្ទាត់មើលថាតើស្ថានភាពសុខភាពរបស់ជនដែលត្រូវបានឃាត់ខ្លួននោះ សមស្របនឹងការឃាត់ខ្លួនដែរ ឬទេ ។ ប្រសិនបើគ្រូពេទ្យពិនិត្យឃើញថា ស្ថានភាពសុខភាពរបស់បុគ្គលនោះពុំសមស្របនឹងការឃាត់ខ្លួននោះទេ មន្រ្ដីនគរបាលយុត្ដិធម៌ត្រូវជូនដំណឹងជាបន្ទាន់ដល់ព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញាអាចចុះមកទីកន្លែងនោះដោយផ្ទាល់ដើម្បីត្រួតពិនិត្យពីលក្ខខណ្ឌនៃការឃាត់ខ្លួន ។
៥. អនីតិជនដែលត្រូវបានឃាត់ខ្លួន៖ កាលណាជនដែលត្រូវបានឃាត់ខ្លួនជាអនីតិជន មន្ត្រីនគរបាលយុត្ដិធម៌ត្រូវជូនដំណឹងគ្រប់មធ្យោបាយ ដល់ឪពុកម្ដាយ ដល់អ្នកតំណាងស្របច្បាប់ ឬដល់អ្នកទទួលភារកិច្ចលើអនីតិជននោះ ។
៦. សិទ្ធិរក្សាភាពស្ងៀមស្ងាត់៖ ជនដែលត្រូវបានឃាត់ខ្លួនមានសិទ្ធិរក្សាភាពស្ងៀមស្ងាត់ មិនឆ្លើយនូវសំណួររបស់មន្ត្រីនគរបាលយុត្ដិធម៌បាន រហូតចាំដល់មានជំនួយពីមេធាវី ហើយគ្មាននណាម្នាក់អាចបង្ខំឱ្យឆ្លើយបានឡើយ។
៧. សិទ្ធិមិនឆ្លើយសារភាព៖ ជនដែលត្រូវបានចាប់ខ្លួន ឬឃាត់ខ្លួនមិនត្រូវឆ្លើយអ្វីដែលខ្លួនមិនបានប្រព្រឹត្ដនោះទេ ឬអាចឆ្លើយ ឬមិនឆ្លើយសារភាពរហូតដល់មានមេធាវីការពារសិទ្ធិ ដោយគ្មាននរណាម្នាក់អាចបង្ខំឱ្យុសារភាពថាបានប្រព្រឹត្ដបទល្មើសណាមួយដោយការគំរាមកំហែង ការវាយដំ ធ្វើទារុណកម្ម ណាមួយនោះឡើយ ។ រាល់ការសារភាពដែលកើតចេញពីការបង្ខំតាមផ្លូវកាយក្ដី ផ្លូវចិត្ដក្ដី ការគំរាមកំហែង ការវាយដំ ធ្វើទារុណកម្ម មិនត្រូវចាត់ទុកជាភស្ដុតាងនៃពិរុទ្ធភាពទេ ។
៨. សិទ្ធិត្រូវបាននាំខ្លួនទៅតុលាការ៖ ក្រោយការឃាត់ខ្លួន ជនល្មើស និងជនសង្ស័យ ត្រូវតែមានការចោទប្រកាន់ ឬទទួលបានការបញ្ជូនទៅតុលាការឆាប់រហ័សតាមដែលអាចធ្វើទៅបាន ។ ហើយតុលាការត្រូវធ្វើការពិនិត្យពីនិយ័តភាពនៃនីតិវិធីរបស់មន្រ្ដីនគរបាលយុត្ដិធម៌ក្នុងការចាប់ខ្លួន ឬឃាត់ខ្លួននោះ បានធ្វើឡើងត្រឹមត្រូវតាមច្បាប់ដែរឬទេ? និងសម្រេចចំណាត់ការនីតិវិធីឱ្យបានឆាប់រហ័យ និងធានាដល់សិទ្ធិទទួលបានការជំនុំជម្រះក្ដីដោយយុត្ដិធម៌ចំពោះជនជាប់ចោទនោះផងដែរ។
៩. សិទ្ធិប្ដឹងនឹងការបដិសេធផ្សេងៗរបស់មន្រ្ដីនគរបាលយុត្ដិធម៌៖ ប្រសិនបើសិទ្ធិណាមួយដែលច្បាប់បានធានាចំពោះជនល្មើស ឬជនសង្ស័យនៅពេលឃាត់ខ្លួនត្រូវបានបំពាន ឬបដិសេធដោយមន្រ្ដីនគរបាលយុត្ដិធម៌ ជននោះអាចប្ដឹងអំពីការបំពាន ឬតវ៉ានឹងការបដិសេធនោះដោយផ្ទាល់ ឬតាមរយៈមេធាវីរបស់ខ្លួន ទៅដល់ស្ថាប័នអយ្យការ ឬចៅក្រមស៊ើបសួរ ឬក៏តុលាការដែលមានសមត្ថកិច្ចបាន។
សរុបមកនូវរាល់ការចាប់ខ្លួន ឬឃាត់ខ្លួនចំពោះជនល្មើស ឬជនសង្ស័យ មន្រ្ដីនគរបាលយុត្ដិធម៌ និងព្រះរាជអាជ្ញាត្រូវគោរពនូវសិទ្ធិជាមូលដ្ឋានសំខាន់ខាងលើនេះ ហើយបើមានការបំពានណាមួយ ជនល្មើស ឬជនសង្ស័យ អាចធ្វើការប្ដឹងតវ៉ាបានគ្រប់ពេលវេលាផងដែរ។
រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក រ៉ាត់ ចាន់ធី ជំនួយការផ្នែកច្បាប់នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕