(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ប្រធានស្តីទីនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ បានដឹកនាំថ្នាក់ដឹកនាំគណៈកម្មាធិការនាយក ពុទ្ធិកសមាគមកម្ពុជរដ្ឋ ចូលរួមដង្ហែផ្កា និងថ្វាយសាររំលែកទុក្ខ គោរពព្រះវិញ្ញាណខ័ន្ធ ព្រមទាំងប្រារព្ធពិធីសង្ឃទានឧទ្ទិសព្រះរាជកុសល ថ្វាយដល់ព្រះបរមសព សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសល សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានថេរសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះ បានធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩ នៅព្រះវិហារ តម្កល់ព្រះមរមសព វត្តសន្សំកុសល រាជធានីភ្នំពេញ។
ថ្នាក់ដឹកនាំគណៈកម្មាធិការនាយក ពុទ្ធិកសមាគមកម្ពុជរដ្ឋ រួមមាន៖
*លោក អ៉ិត ប្រាង្គ អនុប្រធានអចិន្រ្តៃយ៍
*លោកស្រី មែន នារីវុឌ្ឍី ហូ សិទ្ធី អនុប្រធាន
*លោក ម៉ាន យ៉ាន អគ្គលេខាធិការរង
*និងលោក លោកស្រី លោកឧកញ៉ា ជាសមាជិកសមាជិកា ជាច្រើនទៀត។
សូមបញ្ជាក់ថា សម្តេចព្រះធម្មលិខិត លាស់ ឡាយ បានទទួលព្រះអនិច្ចធម្ម (សុគត) នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដោយព្រះជរាពាធក្នុងព្រះជន្ម ១០៦ព្រះវស្សា៕