(ភ្នំពេញ)៖ មជ្ឈមណ្ឌលឯកសារកម្ពុជា បានជូនជាដំណឹងថា ខ្លួនបានទទួលអំណោយជាបណ្ណសារដ៏វិសេសវិសាលពីលោកអគ្គរាជទូត ហូលីយ៉ូ អេ. ហេលដ្ត្រែស អតីតរាជលេខាផ្ទាល់ និងជាអ្នកសរសេរជីវប្រវត្តិរបស់អតីតព្រះមហាវីរក្សត្រព្រះបាទ នរោត្តម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា, អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសិក្សាអំពីទស្សនវិជ្ជា ប្រវត្តិសាស្ត្រ និងអន្តរជាតិ នៃសាកលវិទ្យាល័យម៉ូណាស និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានស្លឹករឹត/ មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងរាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលអង្គភាពទទួលបាននៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា បណ្ណសារជាអំណោយនេះ រួមមាន៖ ឯកសារផ្ទាល់ខ្លួនរបស់អគ្គរាជទូត ហេលដ្ត្រែស ស្តីអំពីប្រទេសកម្ពុជា ប្រទេសចិន និងតំបន់អាស៉ីអាគ្នេយ៍ ដែលត្រូវបានចងក្រងតាមរយៈការងារស្រាវជ្រាវក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមក។
ឯកសារទាំងនេះ រួមបញ្ចូលនូវ សៀវភៅប្រើប្រាស់រួច, CDs, Picture Frames និង Research Papers ស្តីពីប្រវត្តិសាស្ត្រកម្ពុជាសហសម័យរាប់រយពាន់ឯកសារ ប្រមែប្រមូលមកពីប្រទេសអូស្ត្រាលី ប្រទេសអង់គ្លេស ប្រទេសកាណាដា ប្រទេសបារាំង ប្រទេសន័រវែស ប្រទេសស៊ុយអែត និងប្រទេសស្វីស។ សរុបមក បណ្ណសារនេះ រួមផ្សំនូវឯកសារនិងសម្ភារប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលមានទម្ងន់ប្រមាណ ១តោន និង ៥៨០គីឡូក្រាម។
ឆ្លើយតបទៅនឹងអំណោយនេះ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា គឺលោក ឆាំង យុ បានលើកឡើងថា៖ «ការចងក្រងឯកសារ គឺបម្រើដល់គោលបំណងក្នុងការរក្សាតម្លាភាព និងការដាក់ឲ្យទទួលខុសត្រូវ ដោយសារមូលហេតុនេះ យើងមិនត្រឹមតែត្រូវទទួលស្គាល់អំណោយនេះ ជាការចូលរួមចំណែកនៅក្នុងការអប់រំ និងការសិក្សាស្រាវជ្រាវរបស់កម្ពុជាតែប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជា ការចូលរួមចំណែកនៅក្នុងលទ្ធិប្រជាធិបតេយ្យ និងវប្បធម៌ដែលមានប្រជាជនជាអ្នកដឹកនាំ»។
មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងធ្វើឲ្យឯកសារជាអំណោយនេះទៅជាឯកសារឌីជីថល និងតម្កល់ច្បាប់ចម្លងនៃឯកសារទាំងនេះ នៅបណ្ណាល័យ/ មជ្ឈមណ្ឌលស្រាវជ្រាវតាមបណ្តាខេត្តទាំង៦ ដែលមជ្ឈមណ្ឌលឯកសារកម្ពុជាកំពុងធ្វើប្រតិបត្តិការ ដោយមានការរួមសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។ គោលបំណងនៃបណ្ណាល័យ និងមជ្ឈមណ្ឌលស្រាវជ្រាវទាំង៦ គឺដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្រៀនអំពីប្រវត្តិសាស្ត្រកម្ពុជាសហសម័យ ជាពិសេសប្រវត្តិសាស្ត្រនៅក្នុងអំឡុងសម័យកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត។
បន្ថែមទៅលើអំណោយនេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា អគ្គរាជទូត ហេលដ្ត្រែស បានបោះពុម្ពសៀវភៅសំខាន់ៗមួយចំនួនថែមទៀតផង។ រួមសហការជាមួយនឹងមជ្ឈមណ្ឌលឯកសារកម្ពុជា អគ្គរាជទូត ហេលដ្ត្រែស បានបញ្ចប់សៀវភៅមួយក្បាលស្តីពី ប្រវត្តិសាស្ត្រនៃមិត្តភាពរវាងអតីតព្រះមហាវីរក្សត្រព្រះបាទ នរោត្តម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា និងប្រធានាធិបតី ជូ អេនឡាយ នៃសាធារណរដ្ឋប្រជាមានិតចិន និងបញ្ចប់ការបកប្រែសៀវភៅកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ដែលទ្រង់លិខិតនៅក្នុងអំឡុងព្រះរាជដំណើរ ទៅកាន់តំបន់រំដោះក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៧៣។
បច្ចុប្បន្ន អគ្គរាជទូត ហេលដ្ត្រែស កំពុងធ្វើការស្រាវជ្រាវសៀវភៅមួយក្បាល ស្តីពីរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា (១៩៧០-១៩៧៦)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
មជ្ឈមណ្ឌលឯកសារកម្ពុជា មានការដឹងគុណយ៉ាងពន់ពេក និងមានកិត្តិយសក្រៃលែង ចំពោះអំណោយដ៏សប្បុរសរបស់អគ្គរាជទូត ហេលដ្ត្រែស ដែលនឹងចូលរួមចំណែកនៅក្នុងការអប់រំយុវជន យុវនារីកម្ពុជា អ្នកស្រាវជ្រាវ និងសាធារណជន។ មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏សូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានគាំទ្រ និងជួយសម្រួលដល់ការផ្ទេរឯកសារទាំងនេះ ទៅកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា។
គម្រោងចងក្រងឯកសារ និងលទ្ធិប្រជាធិបតេយ្យរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ទទួលបានជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ពីក្រសួងការបរទេសសហរដ្ឋអាមេរិក រួមជាមួយនឹងការគាំទ្រចម្បងពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍន៍អន្តរជាតិ៕