(តាកែវ)៖ លោក នៅ ឌីណា ប្រធានក្រុមការងារយុវវិស្វករកម្ពុជា នៃគណៈវិស្វករកម្ពុជា និងលោក ប៉ែត សារ៉ាត់ អនុប្រធានក្រុមការងារយុវវិស្វករកម្ពុជា នៃគណៈវិស្វករកម្ពុជា បានសហការជាមួយសហភាពសហព័ន្ធ យុវជនកម្ពុជា ស្រុកអង្គបុរី ដឹកនាំក្រុមការងារចុះជួសជុល និងសាងសង់ផ្ទះ២ខ្នង ព្រមទាំងបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាក្នុងម្នាក់១០ម៉ឺនរៀល ជូនចាស់ជរាគ្មានទីពឹង នៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ។
ក្នុងឱកាស ចុះជួសជុល និងសាងសង់ផ្ទះ ជូនចាស់ជរាគ្មានទីពឹង នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ លោក នៅ ឌីណា បានថ្លែងថា កត្តាសុខសន្តិភាព និងការអភិវឌ្ឍបានផ្តល់ឱកាស ឲ្យយុវជនគ្រប់មជ្ឈដ្ឋាន ទទួលបាននូវការអប់រំសិក្សារៀនសូត្រ និងរួបរួមកម្លាំងគ្នាទាំងស្មារតី សម្ភារចូលរួមចំណែកជួយដល់សង្គម និងការអភិវឌ្ឍទាំងនៅក្នុងស្រុកអង្គរបុរី ក៏ដូចជានៅទូទាំងប្រទេសផងដែរ។
លោក នៅ ឌីណា បន្ដទៀតថា កត្តាសន្តិភាព និងភាពរីកចម្រើន របស់ប្រទេសជាតិ បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យមានសេចក្តីសុខទាំងផ្លូវកាយ ផ្លូវចិត្ត និងមានសិទ្ធិពេលលេញ ក្នុងការធ្វើស្រែចំការ ប្រកបរបររកស៊ី ធ្វើការងារ និងធ្វើដំណើរកំសាន្តនៅទូទាំងប្រទេស បានគ្រប់ពេលវេលាទាំងយប់ទាំងថ្ងៃ។
បន្ទាប់មក លោក នៅ ឌីណា ក៏បានបន្តចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ រួមនឹងថវិកាចំនួន ១៨០,០០០រៀល ជូនប្អូនប្រុសជួបគ្រោះថ្នាក់ចរចរាណ៍ ហើយមានជីវភាពទីទាល់ក្រ។
លោក ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយត្ន័ខ្ពស់ចំពោះគ្រោះថ្នាក់ចរចរាណ៍ និងសំណូមពរដល់បងប្អូនត្រូវគោរពច្បាប់ចរាចរណ៍ បើកបរក្នុងល្បឿនកំណត់ និងពាក់មួកសុវត្ថិភាពគ្រប់ពេលធ្វើដំណើរ ជាពិសេសជៀសឲ្យផុតពីគ្រឿងញៀន ដែលជាមេរោគសង្គមយ៉ាងសាហាវបំផុត ដែលចូលមកបំផ្លាញជីវិត គ្រួសារ ការសិក្សា និងសង្គមរបស់យើងបន្តិចម្តងៗដោយមិនដឹងខ្លួន។
លោក ពួយ រដ្ឋា អភិបាលរងស្រុកអង្គបុរី តំណាងអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណដល់ក្រុមការងារយុវវិស្វករកម្ពុជា ដែលដឹកនាំដោយ លោក នៅ ឌីណា និង លោក ប៉ែត សារ៉ាត់ ដែលជានិច្ចជាកាល តែងតែដឹកនាំក្រុមការងារចុះមកស្រុកអង្គរបុរី ដើម្បីចូលរួមចំណែកជួយការងារសង្គម
លោក ពួយ រដ្ឋា បន្ដទៀតថា ជាពិសេសលើការអប់រំផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ជូនសិស្សានុសិស្ស នៅក្នុងស្រុកអង្គរបុរី និងចែកអំណោយសម្ភារសិក្សា ហើយពេលនេះ ក៏បានឆ្លៀតពេលចុះមកជួសជុលផ្ទះចំនួន០២ខ្នង និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ រួមនឹងថវិកាជូនដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង នៅក្នុងស្រុកអង្គបុរី ខេត្តតាកែវ៕