(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបញ្ចេញទេពកោសល្យ សមត្ថភាពដែលខ្លួនមានពីកំណើត ឬសិក្សាពីសាលា ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។
ការអំពាវនាវរបស់លោក កែវ រ៉េមី បានធ្វើឡើងនាព្រលប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ ក្នុងឱកាសអញ្ជើញអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ក្រោមប្រធានបទ «ទីកក់ក្តៅ» ស្ថិតនៅ Futures Factory រាជធានីភ្នំពេញ។
ក្នុងនាមជា្រធានសិទ្ធិមនុស្សកម្ពុជា លោក ក៏បានអំពាវនាវដល់ឪពុក ម្តាយ ទាំងអស់ ប្រសិនបើមានកូនចៅខ្លួនមានអារម្មណ៍ស្រឡាញ់ និងមានមនោសញ្ចេតនាជាមួយភេទដូចគ្នា មេត្តាកុំរើសអើង និងប្រើប្រាស់អំពើហិង្សាឱ្យសោះ ព្រោះការស្រឡាញ់ភេទដូចគ្នារបស់បុគ្គលមួយចំនួន គឺកើតចេញពីធម្មជាតិរបស់ពួកគាត់។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ មេត្តាកុំមានការរើសអើងដល់អ្នកស្រឡាញ់ភេទដូចគ្នាឱ្យសោះ ដើម្បីឱ្យសហគមមានការរួបរួមគ្នាដោយភាពសុខដុមរមនាទាំងអស់គ្នា។
ជាមួយគ្នា លោក កែវ រ៉េមី ក៏បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ចូលរួមគាំទ្រ និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ កុំឱ្យមានការរើសអើងដល់អ្នកស្រឡាញ់ភេទដូចគ្នា ហើយលោកក៏បានក្រើនរំលឹកដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា រស់នៅក្នុងសង្គមជាតិកម្ពុជា កុំបង្កបាតុភាពណាមួយ ដែលបង្កឱ្យមានភាពជ្រួលច្របល់ ដើម្បីភាពសុខសាន្តទាំងអស់គ្នាផងដែរ។
ពាក់ព័ន្ធការបើកសិទ្ធិដល់អ្នកស្រឡាញ់ភេទដូចគ្នានេះដែរ លោក កែវ រ៉េមី ក៏ទទួលស្គាល់ថាសង្គមកម្ពុជា មានការរើសអើងការស្រឡាញ់ភេទដូចគ្នា ពីសំណាក់ក្រុមគ្រួសារ សហគម និងមនុស្សនៅជុំវិញខ្លួនផងដែរ។ ក៏ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំមកនេះ ការស្រឡាញ់ភេទដូចគ្នា ត្រូវបានយករាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន លោកបានផ្ញើសារមកថា «យើងត្រូវឈានមុខលើការមិនរើសអើង»។ នេះគឺជាសារដ៏មានសារៈសំខាន់ដែលមិនអាចកាត់ថ្លៃបាន សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងសហគមន៍ឥន្ទធនូកម្ពុជាទាំងមូលផងដែរ។
យោងតាមមាត្រា១ នៃសេចក្តីប្រកាសជាសកលស្តីពីសិទិ្ធមនុស្ស អះអាងថា មនុស្សទាំងអស់កើតមកមានសេរីភាព និងសមភាព ក្នុងផ្នែកសេចក្ដីថ្លៃថ្នូរ និងសិទ្ធិ ហើយថាមនុស្សម្នាក់ៗ មានសិទ្ធិសេរីភាពគ្រប់យ៉ាងដោយមិនប្រកាន់បែងចែកឡើយ។ គោលការណ៍ទាំងនេះ ស្តីពីសកលភាពភាពស្មើគ្នា និងការមិនរើសអើង នៅក្នុងធម្មនុញ្ញអង្គការ សហប្រជាជាតិ និងសន្ធិសញ្ញាសិទ្ធិមនុស្ស។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ បញ្ជាក់ជាថ្មីអំពីគោលការណ៍ទាំងនេះ ដោយការទទួលស្គាល់ និងការគោរពសិទ្ធិមនុស្ស ដូចមានចែង ក្នុងសន្ធិសញ្ញាអន្តរជាតិ ដោយចែងថាប្រជាពលរដ្ឋខ្មែរគ្រប់រូបមាន «ភាពសិទ្ធិស្មើគ្នាចំពោះមុខច្បាប់មានសិទ្ធិសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់» ដោយមិនគិតពីឋានៈសង្គមផ្សេងគ្នាហើយ «មានសិទ្ធិចូលរួម យ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ» (មាត្រា៣៥)។
កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើម ដើម្បីរួមបញ្ចូលមនុស្សស្រឡាញ់ភេទដូចគ្នាក្នុងផែនការ និងកម្មវិធីផ្សេងៗ។ តាមការសិក្សាស្រាវជ្រាវអំពីសហគមន៍ អ្នកស្រឡាញ់ភេទដូចគ្នា ដែលបានធ្វើឡើង ដោយអង្គភាពសម្របសម្រួលគាំពារសង្គម នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទក្នុងឆ្នាំ២០១៣ ហើយផែនការយុទ្ធសាស្ត្រជាតិ ស្តីពី មេរោគអេដស៍/ជំងឺអេដស៍ ព្រមទាំងផែនការសកម្មភាព ជាតិលើកទី២ បង្ការទប់ស្កាត់អំពើហិង្សាប្រឆាំងនឹងស្រ្តីដោះស្រាយជាពិសេសនូវតម្រូវការ របស់មនុស្សស្រឡាញ់ភេទដូចគ្នា៕