(កំពង់ស្ពឺ)៖ មកដល់ត្រឹមខែធ្នូ ឆ្នាំ២០១៩នេះ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជានោះ សម្រេចបានជាង ៧ភាគរយហើយ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្លូវល្បឿនលឿននេះ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។
ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើនឹងត្រូវសាងសង់រហូតដល់ ២៤.៥ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ ដែលក្នុងនោះរួមមាន៖
* គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លង ទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គ.ម ក្នុងមួយម៉ោង។
* ឃឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ។
* ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ ទទឹង ២,៥០ម៉ែត្រ សងខាង និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៧៥ម៉ែត្រសងខាង។
* សាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូចចំនួន ៥កន្លែង ប្រវែងសរុប ១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែង ប្រវែងសរុប ៦០១៥ម៉ែត្រ។
* សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៧កន្លែង ផ្លូវប្រសព្វចំនួន ២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿនចំនួន ២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន ២០កន្លែង។
* សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្តចំនួន១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង។
* បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍។
គម្រោងខាងលើត្រូវបានផ្តល់ការប្រឹក្សាបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ដោយប្រើរយៈពេលសាងសង់ចំនួន៤៨ខែ ដោយគិតចាប់ពីខែមីនា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២៣។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាខ្សែផ្លូវទី១ និងដំបូងគេបំផុតពុំធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលទើបតែលេចចេញជារូបរាងនៅក្នុងសម័យសម្តេចតេជោ ហ៊ុន សែន នេះ នឹងក្លាយជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ។
ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សំដៅសម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងផលិតផលកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគ និងប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស ទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅរបស់យើង ប្រកបដោយភាពងាយស្រួល ចំណាយតិច និងឆាប់រហ័ស សំដៅបង្កើនសមត្ថភាពប្រកួតប្រជែងធុរកិច្ច និងទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនលើសលប់ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តំបន់ និងពិភពលោក៕