(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកពេលកំពុងលេងអុកជាមួយ ដៃគូលេងអុករបស់សម្តេច គឺនាយឧត្តមសេនីយ៍ មួង សារ៉ន កាលពី១០ឆ្នាំមុន។
ជាមួយការបង្ហោះរូបពេលកំពុងលេងអុកនេះ សម្តេចតេជោ ហ៊ុន សែន ឆ្លៀតបកស្រាយរូបភាពដណ្តើមកូនអុកជាមួយដៃគូ។ សម្តេចតេជោ បានរំលឹកថា កាលពី១០ឆ្នាំមុន ពេលកំពុងលេងអុកនោះដៃគូរបស់សម្តេច បានលេងខូចដោយដណ្តើមយកកូនវិញ ពេលយកសេះមកអុកបំបែកទូកសម្តេចដោយមិនបានមើលឱ្យច្បាស់ ហើយចំជើងត្រីបក សម្តេចក៏ប្រញាប់ស៊ីបកវិញ។ សម្តេចតេជោបានបញ្ជាក់ថា តាមវិន័យលេងនាពេលនោះ គឺកាន់មួយណាត្រូវតែយកមួយហ្នឹងហើយ តែដៃគូសម្តេចបានដណ្តើមយក ទើបសម្តេចបានដណ្តើមមកវិញ។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា ជាទម្លាប់របស់សម្តេចបើទោះបីនោះជាការលេងអុកក៏ដោយ តែសម្តេចឱ្យតម្លៃខ្ពស់ទៅលើវិន័យ ទៅលើច្បាប់នៃការលេង ដូច្នេះសម្តេចមិនព្រមឱ្យដៃគូយកសេះទៅវិញនោះឡើយ ហើយសម្តេចត្រូវតែសុីសេះដាក់ក្នុងកំប៉ុង។
សម្តេចតេជោ បានរៀបរាប់យ៉ាងដូច្នេះ «ថ្ងៃអាទិត្យនេះសុំជូនរូបថតកាលពី១០ឆ្នាំមុន ពេលលេងអុកជាមួយដៃគូរដែលលេងខូច។ រូបភាពដែលកាន់ដៃគ្នានេះគឺដណ្តើមកូនគ្នាបណ្តាលមកដៃគូយកសេះ មកអុកបំបែកទូកខ្ញុំដោយមិនបានមើលឱ្យច្បាស់និងចំជើងត្រីបក ខ្ញុំក៏ប្រញ៉ាប់សុី តាមវិន័យកាន់មួយណាយកមួយហ្នឹងតែដៃគូមកដណ្តើមយកទៅវិញ។ ជាមួយខ្ញុំត្រូវតែសុីសេះយកដាក់ក្នុងកំប៉ុងដោយមិនយល់ព្រមឱយវិធាន នៃការលេងនេះត្រូវបានបំពាននោះឡើយ»។
ក្រៅពីរៀបរាប់រឿងលេងអុកនោះហើយ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតបង្ហាញពីចរិតនៃការធ្វើនយោបាយរបស់សម្តេចផងដែរ។ សម្តេចបានលើកឡើងថា សម្តេចមិនបណ្តោយឱ្យអ្នកនយោបាយណា ឬក្រុមណាលេងខុសពីច្បាប់បានចែងនោះឡើយ។ ពោលអ្នកនយោបាយធ្វើខុសច្បាប់ ត្រូវតែអនុវត្តន៍ច្បាប់។
សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ការធ្វើនយោបាយមិនខុសពីការលេងអុកនោះទេ ខ្ញុំមិនបណ្តោយឱ្យអ្នកណាឬក្រុមណាលេងខុសពីច្បាប់បានចែងនោះឡើយ។ កូនអុកសុីដាក់ចូលកំប៉ុងអ្នកនយោបាយអនុវត្តន៍តាមច្បាប់»។
គេមិនដឹងថាសារនយោបាយរបស់សម្តេចនាព្រឹកនេះចង់សម្តៅទៅអ្នកនយោបាយរូបណានោះឡើយ។ នាពេលកន្លងទៅអ្នកនយោបាយដែលមានទោសទាំងលោក កឹម សុខា និងលោក សម រង្ស៉ី សុទ្ធតែហាក់បង្ហាញសុទិដ្ឋិនិយមខ្ពស់ទៅលើការអន្តរាគមន៍ ឬការដាក់សម្ពាធពីឆាកអន្តរជាតិ ដើម្បីឱ្យពួកគេបានរួចផុតពីទោសទណ្ឌទាំងឡាយ។
សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានចេញមកអះអាងជារឿយៗផងដែរ នឹងគ្មានសម្ពាធ ឬការអន្តរាគមន៍ណាមួយមានអនុភាពទៅលើការអនុវត្តន៍ច្បាប់របស់កម្ពុជានោះឡើយ។
ដូច្នេះសារនយោបាយនាព្រឹកនេះ គេអាចសន្និដ្ឋានបានថា សម្តេចតេជោ ហ៊ុន សែន ចង់ផ្ញើដល់ក្រុមមេដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយទៅនោះថា គ្មានអនុភាពណាមួយមកសម្របសម្រួលលើបញ្ហាទោសទណ្ឌរបស់ពួកគេ ក្រៅតែពីការអនុវត្តន៍តាមច្បាប់របស់កម្ពុជាដែលមានជាធរមាននោះឡើយ៕