(សៀមរាប)៖ នាថ្ងៃអនាគតឆាប់ៗខាងមុខ រមណីយដ្ឋានអង្គរ នឹងមានផ្លូវសម្រាប់ឲ្យភ្ញៀវទេសចរជិះកង់កម្សាន្តដែលមានទទឹង ២ម៉ែត្រ បណ្ដោយ ២៣គីឡូម៉ែត្រ ចេញពីកន្លែងឆែកសំបុត្រចាស់កាត់ក្រោយប្រាសាទអង្គរវត្ត បន្តទៅប្រាសាទក្រវ៉ាន់កាត់ខាងត្បូងប្រាសាទបន្ទាយក្ដី បត់ទៅខាងជើងប្រាសាទតាព្រហ្មឆ្ពោះទៅស្ពានប្រាសាទតាកែវ។
ចំណែកតំបន់ផ្លូវវង់ធំ គឺចេញដំណើរពីស្រះស្រង់ រហូតដល់ខ្លោងទ្វារដីឆ្នាំង។
បច្ចុប្បន្ន ផ្លូងកង់ដែលកំពុងស្ថិតក្នុងគម្រោងសាកល្បងនៅឡើយ ដោយបានស្ថាបនារួចរាល់ប្រវែង ៣០០ម៉ែត្រ ហើយនឹងបន្តធ្វើទៀតក្រោយពីកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរនាពាក់កណ្ដាលខែធ្នូនេះតទៅ
អាជ្ញាធរជាតិអប្សរាស្ថាបនាផ្លូវនេះឡើងក្នុងបំណងដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាសម្រួលចរាចរណ៍ដល់ទេសចរណ៍ជិះកង់ រួមនិងកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវធំផងដែរ។
ផ្លូវនេះកសាងក្នុងទិសដៅស្របនឹងផ្លូវកៅស៊ូដែលមានស្រាប់ និងឃ្លាតពីផ្លូវកៅស៊ូមានប្រមាណ ២៥ម៉ែត្រដោយអាស្រ័យទៅតាមទីតាំង និងស្ថានភាពដី។
ខណៈក្រុមការងារកំពុងសាងសង់ផ្លូវកង់នេះ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ក្រុមអ្នកជំនាញការចំពោះកិច្ចគណៈកម្មធិការអាយស៊ីស៊ី-អង្គរ ឬហៅថា អាដហុក បានចុះទៅពិនិត្យនៅការដ្ឋានស្ថាបនាផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ។
ក្នុងការចុះពិនិត្យនោះ ក្រុមអ្នកជំនាញការបានសាទរចំពោះគំនិតផ្តួចផ្តើមរបស់អាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំផ្លូវកង់នេះ និងថែមទាំងបានគិតគូរខ្ពស់ចំពោះសុវត្ថិភាពក្នុងការធ្វើដំណើរទៅមកប្រកបដោយសុវត្តិភាពចំពោះប្រជាជន សិស្សានុសិស្ស ភ្ញៀវទេចរ ក៏ដូចជាយកចិត្តទុកដាក់ខ្ពស់លើបញ្ហាបរិស្ថាន។
លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមអ្នកជំនាញការអាដហុករបស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ បានកោតសរសើរជាខ្លាំងចំពោះការបង្កើតថ្មី និងបានសាទរចំពោះបច្ចេកទេសធ្វើផ្លូវកង់នេះ ព្រោះអាជ្ញាធរជាតិអប្សរាបានគិតគូរច្បាស់ពីការលើតម្លៃបរិស្ថាន តម្លៃវប្បធម៌ ក៏ដូចជាតម្លៃបេតិកភណ្ឌបែបជនបទ ពិសេសផ្លូវកង់នេះកសាងជាប្រភេទផ្លូវស្រាលមិនប៉ះពាល់ដល់ស្រទាប់ដី និងមានភាពបត់បែនទៅតាមដើមឈើតូចធំជាច្រើន៕