(ភ្នំពេញ)៖ លោក អ៊ុង សំអាត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ បណ្តាប្រទេសផ្តល់ជំនួយ សហគមន៍មូលដ្ឋាន មេត្តាចូលរួមសហការជាមួយរដ្ឋបាលព្រៃឈើ ដើម្បីរួមចំណែកជួយពង្រឹងដល់ការអនុវត្តច្បាប់ និងការគ្រប់គ្រងព្រៃឈើ ជាពិសេសការអភិវឌ្ឍសហគមន៍ព្រៃឈើ ដោយស្មារតីទទួលខុសត្រូវខ្ពស់។
ការអំពាវនាវរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ធ្វើឡើងក្នុងអញ្ជើញបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦ របស់គណៈកម្មការសម្របសម្រួល កម្មវិធីសហគមន៍ព្រៃឈើជាតិ នៅខេត្តសៀមរាបអង្គរ ។
លោកបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យព្រៃឈើ ដោយចីរភាពថា ជារបៀបវារៈនយោបាយដ៏មានអាទិភាពមួយ សម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន កាត់បន្ថយភាពក្រីក្ររបស់ប្រជាសហគមន៍នៅជនបទ ក៏ដូចជារក្សាឲ្យបាននូវតុល្យភាពជីវចម្រុះក្នុងធម្មជាតិ និងជាពិសេសចូលរួមដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជាឡើងកំដៅភពផែនដីនាកាលៈទេសៈនេះ។
លោកបន្តថា រាជរដ្ឋាភិបាលក៏បានចាត់ទុក ការងារសហគមន៍ព្រៃឈើ ជាការងារចាំបាច់ក្នុងវិស័យព្រៃឈើ ដើម្បីចូលរួមលើកកម្ពស់កំរិតជីវភាពប្រជាជនជនបទ ថែរក្សាចីរភាពព្រៃឈើ និងជំរុញការអនុវត្តសហគមន៍ព្រៃឈើ ឲ្យកាន់តែទូលំទូលាយថែមទៀត។ ដើម្បីសម្រេចបាននូវកិច្ចការទាំងនេះ ច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២ បានក្លាយជាឧបករណ៍គតិយុត្តិដ៏សំខាន់មួយ ដែលបានផ្តល់នូវសិទ្ធិអំណាចដល់រដ្ឋបាលព្រៃឈើក្នុងការសិក្សា រៀបចំព្រៃបំរុងទុកអចិន្រ្តៃយ៍ ដើម្បីបង្កើតជាព្រៃសហគមន៍ សម្រាប់សហគមន៍មូលដ្ឋានធ្វើការគ្រប់គ្រង និងទាញយកផលប្រយោជន៍ពីធនធានព្រៃឈើ ដែលនេះ គឺជាការធ្វើវិមជ្ឈការនៃការគ្រប់គ្រង ដល់សហគមន៍មូលដ្ឋានដោយពិតប្រាកដ។
លោករដ្ឋលេខាធិការបានលើកឡើងថា ព្រៃឈើគឺជាបញ្ហាសាកលដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃភពផែនដីរបស់យើង។ ការគ្រប់គ្រងព្រៃឈើត្រូវបាន និងកំពុងកែទំរង់ និងគ្រប់គ្រងប្រកបដោយចីរភាព។ ការបណ្តុះកូនឈើចែកជូនប្រជាពលរដ្ឋសម្រាប់ដាំ នៅតាមចម្ការ ទីសាធារណៈ និងតាមលំនៅដ្ឋាន ការស្តារព្រៃឈើឡើងវិញ ការដាំដុះព្រៃឈើនៅលើដីព្រៃរេចរឹល និងការពង្រឹងការអនុវត្តច្បាប់ ជាពិសេសការគ្រប់គ្រងព្រៃឈើតាមរយៈសហគមន៍ព្រៃឈើ គឺជាការចូលរួមចំណែកដ៏ធំធេងមួយ ក្នុងការធានាបាននូវការគ្រប់គ្រងធនធានព្រៃឈើ ប្រកបដោយចីរភាព ដែលមានការចូលរួមពីអ្នកពាក់ព័ន្ធ។
លោកបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើបានថ្លែងថា កិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការសម្របសម្រួល កម្មវិធីសហគមន៍ព្រៃឈើជាតិនេះ រៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ចែករំលែកបទពិសោធន៍ និងស្វែងរកនូវយុទ្ធសាស្រ្តគន្លឹះ ដើម្បីជំរុញដល់ការអភិវឌ្ឍសហគមន៍ព្រៃឈើ នៅកម្ពុជាទទួលបានជោគជ័យ សំដៅចូលរួមចំណែកក្នុងការគ្រប់គ្រងធនធានព្រៃឈើដោយនិរន្ដភាព លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ និងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុជាសាកល។
លោកបន្តថា គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើជាតិ ហៅកាត់ថា (គសកសជ) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ដែលដឹកនាំដោយការិយាល័យសហគមន៍ព្រៃឈើ និងមានការចូលរួមពីអង្គការដៃគូនៅថ្នាក់ជាតិ។ នេះគឺជាយន្តការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ព្រមទាំងស្វែងរកយុទ្ធសាស្រ្តគាំទ្រ ដល់ការអភិវឌ្ឍសហគមន៍ព្រៃឈើ នៅកម្ពុជាឱ្យមានប្រសិទ្ធភាព។
លោកបន្តថា រដ្ឋបាលព្រៃឈើ ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងមានការចូលរួមពីអាជ្ញាធរដែនដី សហគមន៍មូលដ្ឋាន បានរៀបចំឲ្យមានជាសហគមន៍ព្រៃឈើ តាំងពីពាក់កណ្តាលទសវត្ស៍ឆ្នាំ១៩៩៤ ដែលរហូតមកដល់បច្ចុប្បន្ននេះ មានសហគមន៍ព្រៃឈើសរុបចំនួន៦៣៦សហគមន៍ គ្របដណ្តប់លើផ្ទៃដីព្រៃទំហំ ៥១៦,៨១៧ហិកតា ស្ថិតនៅក្នុង២១ខេត្ត ៩៩ស្រុក ៣១២ឃុំ ៩៥៤ភូមិ និងមានការចួលរួមពីសហគមន៍នៅមូលដ្ឋានចំនួន ១៦៩,២៤៨គ្រួសារ ស្មើនឹង ៤៩៣,១៩៧នាក់ ដែលក្នុងនោះស្រ្តីប្រមាណ៤៩%។ ក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់ព្រៃសហគមន៍ចំនួន ៤៩៤សហគមន៍ គ្របដណ្តប់លើផ្ទៃដីព្រៃទំហំ ៤៤៣,៣២៩ហិកតា និងបានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ រវាងខណ្ឌរដ្ឋបាលព្រៃឈើសាមី និងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើចំនួន ៤៤៩សហគមន៍ គ្របដណ្តប់លើផ្ទៃដីព្រៃទំហំ ៣៦៨ ២៨៣ហិកតា។
សហគមន៍ព្រៃឈើ មិនត្រឹមតែផ្តោតទៅលើការរៀបចំបង្កើតសហគមន៍ព្រៃឈើប៉ុណ្ណោះទេ តែការភិវឌ្ឍសហគមន៍ និងការអភិវឌ្ឍព្រៃឈើ គឺជាការចាំបាច់មួយមិនអាចអត់បាន ដែលរួមមានទាំង ការគ្រប់គ្រងព្រៃឈើ ការការពារព្រៃឈើ ការស្តារព្រៃឈើឡើងវិញ ការដាំដើមឈើ និងការលើកកម្ពស់ជីវភាពសមាជិកសហគមន៍ព្រៃឈើ។ នៅឆ្នាំ២០១៩ សហគមន៍ព្រៃឈើចំនួន៥កន្លែង នៅខេត្តកំពតបានអនុវត្តសាកល្បង នូវប្រព័ន្ធកសិរុក្ខកម្មនៅក្នុងព្រៃសហគមន៍ ហើយនៅក្នុងឆ្នាំ២០២០ខាងមុខ យើងនឹងអនុវត្តគំរូកសិរុក្ខកម្មនេះ នៅក្នុងព្រៃសហគមន៍ចំនួន៨បន្ថែមទៀត ដើម្បីចូលរួមចំណែកដល់ការស្តារព្រៃឈើព្រៃឈើឡើងវិញ និងជាពិសេសបង្កើនប្រាក់ចំណូល ដល់សមាជិកសហគមន៍ព្រៃឈើ និងរួមចំណែកដល់ការគ្រប់ព្រៃសហគមន៍ ប្រកបដោយនិរន្តរភាព។
លោកបញ្ជាក់ទៀតថា តាមរយៈគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើជាតិ រដ្ឋបាលព្រៃឈើនឹងខិតខំពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធនានា ដើម្បីធានាបាននូការអភិវឌ្ឍសហគមន៍ព្រៃឈើ ប្រកបដោយប្រសិទ្ធភាពទាំងការគ្រប់គ្រងដីព្រៃឈើ ការគ្រប់គ្រងព្រៃឈើ ការប្រើប្រាស់ផល អនុផលព្រៃឈើ និងការបង្កើនប្រាក់ចំណូល ដល់សមាជិកសហគមន៍ព្រៃឈើ។
ក្នុងកិច្ចប្រជុំនោះ លោក អ៊ុង សំអាត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម បានជំរុញឲ្យអង្គប្រជុំ ត្រូវយកចិត្តទុកដាក់ពិចារណាលើចំណុចគន្លឹះមួយចំនួនដែលជាអនុសាសន៍ដូចតទៅ៖
ទី១៖ ត្រូវជំរុញ និងបង្កើនផលិតភាពកសិកម្ម តាមរយៈការធ្វើប្រពលវប្បកម្ម និងពិពិធកម្មកសិកម្ម ទាំងលើ ដំណាំ ការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី កសិ-រុក្ខកម្ម និងអនុផលព្រៃឈើ ដែលបម្រើឲ្យវិស័យស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងលើកស្ទួយការវិនិយោគទុកឯកជន និងបង្កើនការងារនៅតាមមូលដ្ឋាន។
ទី២៖ ពង្រឹង និងពង្រីកសហគមន៍ព្រៃឈើ និងក្រុមជួយខ្លួនឯងដូចជា ក្រុមសន្សំ ធនាគារស្រូវ ធនាគារសត្វ ក្រុមឥណទាន ជាដើម ឲ្យបានទាំងគុណភាព និងបរិមាណ។
ទី៣៖ ត្រូវជំរុញ និងអនុវត្តនូវជម្រើសបង្កើនជីវភាពសហគមន៍ នៅក្នុងសហគមន៍ព្រៃឈើតាមរយៈការបង្កើនការអប់រំ បណ្តុះបណ្តាល ផ្សព្វផ្សាយពីបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាពកសិកម្ម ការកែច្នៃផល អនុផលព្រៃឈើ ដែលជាការរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ និងបង្កើនសេដ្ឋកិច្ចជាតិ។
ទី៤៖ ត្រូវជំរុញបងប្អូនប្រជាពលរដ្ឋឲ្យដាំដើមឈើនៅតាមភ្លឺស្រែ ព្រំដីចម្ការ ជុំវិញលំនៅដ្ឋាន តាមទីសាធារណៈ ដែលនឹងអាចផ្តល់ជាឈើសម្រាប់សំណង់ អុស ធ្យូង។ល។ ជាពិសេសជួយបង្កើនជីវជាតិដល់ដីផងដែរ។
ទី៥៖ ពង្រឹងយន្តការតាមដាន និងទប់ស្កាត់បទល្មើសព្រៃឈើ និងការកាប់រានព្រៃយកដីដោយល្មើសច្បាប់តាមគ្រប់រូបភាព។
ទី៦៖ សូមអំពាវនាវដល់ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិនានាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តកិច្ចសហប្រតិបត្តិការឲ្យបានជាអតិបរមា ដើម្បីចូលរួមកាត់បន្ថយជាវិជ្ជមាន នូវអសន្តិសុខស្បៀងអាហារ និងចូលរួមកាត់បន្ថយភាពក្រីក្រ ប្រជាជននៅជនបទ៕