(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរដែលតែងតែនិយមទៅធ្វើត្រីប្រហុកទុកហូបចុកនោះ នៅក្នុងពេលប៉ុន្មានថ្ងៃចាប់ផ្តើមសម្រុកនាំគ្នាទៅធ្វើត្រីប្រហុកដូចទម្លាប់នាឆ្នាំកន្លងទៅនៅតាមដងទន្លេសាប ក្នុងឃុំកំពង់ហ្លង ស្រុកពញាឭ ខេត្តកណ្តាល។

នៅទីតាំងកាត់ត្រីប្រហុកដែលរៀបចំជារៀងរាល់ឆ្នាំនោះ គេបានសង្កេតឃើញប្រជាពលរដ្ឋយ៉ាងច្រើនកុះករទៅកាត់ត្រីប្រហុកដោយប្រើមធ្យោបាយមានរថយន្ត ម៉ូតូ រ៉ឺម៉កជាដើម។ បើទោះបីជាយ៉ាងណាត្រីសម្រាប់ធ្វើប្រហុកនៅឆ្នាំនេះមានតម្លៃជាងបណ្តាឆ្នាំកន្លងទៅដោយត្រីតូចមានតម្លៃ ២ពាន់រៀលក្នុងមួយគីឡូ និងត្រីធំបន្តិចមានតម្លៃរហូតដល់ទៅ៧ពាន់ ឬ៨ពាន់ក៏មាន។

តម្លៃត្រីធ្វើប្រហុកឡើងថ្លៃនេះ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបានត្អូញត្អែរ ហើយខ្លះទៀតក៏ត្រូវបន្ថយទម្ងន់ត្រីដែលត្រីធ្វើប្រហុកផងដែរ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញចុះទៅពិនិត្យការចាប់ត្រីនៅតាមដាយនីមួយៗ។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ត្រីនៅឆ្នាំនេះរៀងខ្សត់ជាងឆ្នាំកន្លងទៅ ដោយសារតែនៅរដូវវស្សាឆ្នាំនេះ ទឹកធំឡើងយឺត ហើយនៅពេលស្រកវិញលឿន ដែលជាហេតុធ្វើឱ្យត្រីពងកូនមិនបានច្រើន។

បើតាមលោករដ្ឋមន្ត្រី វេង សាខុន ការខ្សត់ត្រីនេះហើយ ដែលជាហេតុនាំតម្លៃត្រីប្រហុកឆ្នាំនេះ ត្រូវឡើងថ្លៃជាងឆ្នាំកន្លងទៅ។

សូមទស្សនាវីដេអូសកម្មភាពនៃការធ្វើត្រីប្រហុករបស់ប្រជាពលរដ្ឋ៖