(ពោធិ៍សាត់)៖ ក្នុងអំឡុងពេលជាង៥ឆ្នាំ ចាប់តាំងពីលោក ម៉ៅ ធនិន មកកាន់ជាអភិបាលខេត្តពោធិ៍សាត់មក លោកបានបំពេញតួនាទីពីរ គឺទី១៖ តួនាទីរដ្ឋបាល គឺលោកមានភារកិច្ចបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្ថិភាព និងធានាឱ្យប្រជាពលរដ្ឋ រស់នៅក្នុងភាពសុខដុមរមនា និងការអភិវឌ្ឍ និងទី២៖ តួនាទីគ្រួសារ ជាសាច់ញាតិ ជាបង ជាប្អូន ជាកូន ជាក្មួយ ក្នុងសមាជិកគ្រួសារប្រជាពលរដ្ឋជាង៤៧ម៉ឺននាក់ ទូទាំងខេត្តពោធិ៍សាត់ ដែលត្រូវជួយចែករម្លែកនូវសេចក្តីសុខ និងទុក្ខលំបាកជាមួយគ្នា គ្រប់ពេលវេលា។
ជាក់ស្តែងនៅរៀងរាល់២ថ្ងៃ ក្នុងមួយសប្តាហ៍ លោកបានទទួលដោះស្រាយ បញ្ហាប្រឈម ក៏ដូចជាសំណូមពរ ព្រមទាំងផ្តល់ជាស្បៀង ឬថវិកាបន្តិចបន្តួច ជូនជនចាស់ជរាគ្មានទីពឹង ជនពិការ អ្នកជំងឺ និងគ្រួសារទីទ័លខ្លាំង ដែលតែងតែចូលមកដល់សាលាខេត្តផ្ទាល់ ក៏ដូចជាទូរស័ព្ទមកឯកឧត្តមដោយផ្ទាល់។ ដោយឡែកប្រជាពលរដ្ឋដែលមានបញ្ហាទំនាស់ក្នុងក្រុមគ្រួសារ ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ឬជម្លោះផ្សេងៗ ក៏ត្រូវបានលោករកដំណោះស្រាយជូន ជាលក្ខណៈគ្រួសារ មុននឹងឈានដល់ផ្លូវតុលាការផងដែរ។
ថ្លែងក្នុងឱកាសទទួលដោះស្រាយក្នុងសប្តាហ៍នេះ លោកបានឱ្យដឹងថា លោកមិនចង់ឃើញប្រជាពលរដ្ឋណាម្នាក់ មានភាពអយុត្តិធម៌ ឬប្រព្រឹត្តភាពសាហាវឃោរឃៅ នៅក្នុងខេត្តរបស់លោកឡើយ។ ជាទូទៅព័ត៌មានដែលផ្តល់ពីប្រជាពលរដ្ឋ នៅមូលដ្ឋាន តាមរយៈទូរស័ព្ទផ្ទាល់របស់លោក គឺត្រូវបានដោះស្រាយ និងចាត់វិធានការបានទាន់ពេលវេលា។ លោកអភិបាលខេត្ត បានបញ្ជាក់ថា គ្មានរឿងអីដែលត្រូវពិបាកដោះស្រាយនោះទេ ឱ្យតែយើងមានឆន្ទៈក្នុងការដោះស្រាយ កុំឱ្យតែមានអំពើពុករលួយមោបាំង នៅពីក្រោយខ្នងយើង។
បងប្អូនពុកម៉ែប្រជាពលរដ្ឋ បានសម្តែងការសាទរយ៉ាងខ្លាំង ចំពោះវត្តមានរបស់លោក មកទទួលការគ្រប់គ្រងដឹកនាំនៅក្នុងខេត្តពោធិ៍សាត់ ដែលពីមុនពុំធ្លាប់បានឃើញទាល់តែសោះ។ ក្រោមការដឹកនាំរបស់លោក បានធ្វើឱ្យខេត្តពោធិ៍សាត់ មានការកែប្រែមុខមាត់គួរជាទីមោទន ប្រជាពលរដ្ឋរស់នៅដោយគ្មានភាពភ័យខ្លាច ជាពិសេសមានកម្មវិធីសប្បាយៗជាច្រើន ដូចជាកម្មវិធីបុណ្យអុំទូក អកអំបុក រៀបចំតាមបែបបទប្រពៃណីជាតិខ្មែរ ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ៕