(កណ្ដាល)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីដង្ហែព្រះគម្ពីត្រៃបិដកវេរ ប្រគេនព្រះសង្ឃគង់នៅវត្តឧត្តរមានជ័យ ឋិតនៅឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ និងពុទ្ធបរិស័ទចំណុះជើងវត្តប្រមាណ៤០០នាក់។
ព្រះគម្ពីត្រៃបិដកដែលបានដង្ហែ និងវេរប្រគេនវត្តខាងលើ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ មានចំនួន១១០គម្ពី ដើម្បីអាចឲ្យព្រះសង្ឃ ឧបាសក ឧបាសិកា និងអ្នកសំណាក់ធម៌ទាំងឡាយ អាចសិក្សារៀនសូត្រអំពីវិន័យបិដកដែលជាព្រះ គម្ពីរខាងព្រះពុទ្ធសាសនា ដែលបានចារិកទុកនូវពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញាត។
ជាមួយគ្នានោះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាននាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងគ្រឿងបរិក្ខាផ្សេងៗទៅប្រគេនព្រះសង្ឃសម្រាប់ប្រើប្រាស់ ក៏ដូចជាដើម្បីឧទ្ទិសបុណ្យកុសលផលបុណ្យជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យជួបតែសេចក្តីសុខគ្រប់ប្រការផងដែរ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ អាងហែលទឹកកោះធំ ដែលមានទទឹង២២ម៉ែត្រ បណ្តោយ៤២ម៉ែត្រ ឋិតនៅក្នុងបរិវេណកីឡដ្ឋានស្រុកកោះធំ ក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល គ្រោងចំណាយថវិកាអស់សរុបប្រមាណ៣០ម៉ឺនដុល្លារ សម្រាប់សិស្សានុសិស្ស ក៏ដូចជាកីឡាករហែលទឹកអាចហ្វឹកហាត់កីឡា ដើម្បីសុខភាព និងត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ខាងមុខ៕