(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានចាត់ទុកថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា គឺមានបេះដូងមនុស្សធម៌គួរឱ្យកោតសរសើរបំផុត ដោយខិតខំចូលរួមការងារមនុស្សធម៌ ទាំងពេលកន្លងមក ពេញ១ឆ្នាំនេះ និងបន្តទៅមុខទៀត។
ការថ្លែងបែបនេះ របស់លោក ជាម ច័ន្ទសោភ័ណ បានធ្វើឡើងនៅ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសលោក និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាព ប្រារព្ធទិវាអន្ដរជាតិ នៃអ្នកស័្មគ្រចិត្ត ក្រោមប្រធានបទ «ស្ម័គ្រចិត្ត ដើម្បីអនាគតប្រកបដោយបរិយាប័ន្ន) នៅបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី លោក ហង់ ចាន់សាណា ប្រធានការិយាល័យសុខភាពគ្រាអាសន្ន នៃនាយកដ្ឋានសុខភាព ព្រមទាំងសមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត ក្រុមប្រត្តិបត្តិសាខា អនុសាខា យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ៣០០នាក់។
លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា អ្នកស្ម័គ្រចិត្តកាកបាទក្រហម បានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញា ជំនាញ ដោយផុសចេញពីសុឆន្ទៈ ជួយដល់អ្នកកំពុងលំបាក ឬអ្នកងាយរងគ្រោះ ដោយពុំគិតចង់បានផលប្រយោជន៍ ការតបស្នងមកវិញ រឺរង្វាន់អ្វីនោះឡើយ។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត ក៏ដូចជាប្អូនៗយុវជនកាកបាទក្រហមទាំងអស់ ដែលខិតខំចូលរួមយ៉ាងសកម្ម នូវការងារមនុស្សធម៌ ដោយឈរលើគោលការ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាប្រធាន គឺបង្ការ និងបន្ថយទុក្ខលំបាកវេទនា ដោយភាពមិនលំអៀង ដោយពិតប្រាកដ ឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសាជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។
ជាមួយគ្នានេះលោក ជាម ច័ន្ទសោភ័ណ បានសំណូមពរអ្នកស្ម័គ្រចិត្ត និងយុវជនទាំងអស់ រួមសាមគ្គីគ្នា តាមរយៈការណែនាំ របស់សាខា អនុសាខាកាកបាទក្រហមខេត្ត ដើម្បីបន្ដនូវប្រពៃណី នៃសកម្មភាពមនុស្សធម៌ ជាបន្ដទៅទៀត ក្នុងខេត្តត្បូងឃ្មុំ ឱ្យកាន់តែផុសផុលបន្ថែមទៀត។
បើតាម លោក រស់ សុខន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តស្តីទី បានឱ្យដឹងថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមខេត្តត្បូងឃ្មុំ បានចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០១៦ ដោយអនុវត្ត នៃគម្រោងកសាងភាពធន់ក្នុងសហគមន៍ ក្នុងស្រុកគោលដៅត្បូងឃ្មុំ និងក្រូចឆ្មារ និងបន្តចុះសួរសុខទុក្ខ ចុះជួយ និងផ្តល់អំណោយមនុស្សធម៍ ដល់ជនងាយរងគ្រោះ ពេលមឋនគ្រោះមហន្តរាយ រាប់ពាន់គ្រួសារ នៅទូទាំងខេត្ត។
ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណ ក្នុងឱកាសនោះ គណៈអធិបតីបានប្រគល់លិខិតសរសើរដល់ តំណាងអ្នកស្ម័គ្រចិត្ត តាមបណ្តាក្រុងស្រុក ក៏ដូចជាពិសារអាហារសាមគ្គីជុំគ្នា ប្រកបដោយភាពស្និទ្ធស្នាលបំផុត៕