(ភ្នំពេញ)៖ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា និងអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន២៥គ្រួសារ មកពីសង្កាត់ទាំង ០៥ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោក សួន សិទ្ឋី នាយករដ្ឋបាលខណ្ឌចំការមន បានឲ្យដឹងថា អំណោយដែលអនុសាខានាំយកនាពលនេះ ដោយក្នុងមួយគ្រួសារៗទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, មី១កេស, ត្រីខ៤កំប៉ុង, ទឹកដោះគោ២កំប៉ុង, ស្ករស ២គីឡូក្រាម, និងថវិកាមួយចំនួនផងដែរ។
ជាមួយគ្នានេះដែរ លោក ថេង សុថុល អភិបាលខណ្ឌបានពាំនាំប្រសាសន៍សួរសុខទុក្ខប្រជាពលរដ្ឋពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ និងស្នើឲ្យប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានដល់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាននូវរាល់មុខសកម្មភាពខុសច្បាប់ផ្សេងៗ ដូចជាមុខសញ្ញា ដែលធ្វើសកម្មភាពក្មេងទំនើង ល្បែងស៊ីសង មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន មុខសញ្ញាចេញពីពន្ធនាគា ដើម្បីមានវិធានការទប់ស្កាត់កុំឲ្យជនទាំងនោះបង្កអសន្តិសុខក្នុងមូលដ្ឋាន។ លោកបន្តថា ការផ្តល់ព័ត៌មានដល់អាជ្ញាធរ សមត្ថកិច្ច គឺមានន័យថា បងប្អូនពិតជាមានឆន្ទៈ ក្នុងការចូលរួមអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព»ឲ្យមានប្រសិទ្ធិភាពផងដែរ។
សូមបញ្ជាក់ផងដែរថា សកម្មភាពមនុស្សធម៌ចុះចែកអំណោយដោយមិនប្រកាន់និន្នាការនយោបាលនេះ ដឹកនាំដោយលោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌ និងជាអភិបាលខណ្ឌចំការមន លោក លោកស្រីអភិបាលរងខណ្ឌ ចៅសង្កាត់ទាំង៥ លោកនាយករដ្ឋបាលខណ្ឌ រួមជាមួយក្រុមការងារជាច្រើនអ្នកទៀត៕