(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរបន្ថែមពីខេត្ត និងទីក្រុងផ្សេងៗទៀត របស់ជប៉ុនមកកាន់រាជធានីភ្នំពេញ ព្រមទាំងមកកាន់ខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរ នៃប្រទេសទាំងពីរ និងភ្ញៀវនៃប្រទេសទី៣ បន្ថែមទៀត។
ការជំរុញរបស់លោកបណ្ឌិត ថោង ខុន យ៉ាងដូច្នេះ បានធ្វើឡើងក្នុងពិធីបើកពិព័រណ៍ទេសចរណ៍ជប៉ុន (Japan Travel Fair) លើកទី៣ ជាមួយលោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក Eigo Onuma អគ្គនាយកនៃអង្គការទេសចរណ៍ជប៉ុន ប្រចាំទីក្រុងបាងកក នៅផ្សារទំនើប AEON សែនសុខ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោកបណ្ឌិត ថោង ខុន បានបន្ថែមថា ការតភ្ជាប់ជើងហោះហើរត្រង់ប្រចាំថ្ងៃ តូក្យូ-ភ្នំពេញ-តូក្យូ ដោយក្រុមហ៊ុន ANA បានដំណើរការប្រកបដោយជោគជ័យ អស់រយៈពេលប្រមាណ៣ឆ្នាំកន្លងមកនេះ គឺមិនត្រឹមតែផ្តល់នូវជម្រើសដ៏ល្អ និងកាន់តែងាយស្រួលសម្រាប់ទេសចរជប៉ុន និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមពង្រឹងទំនាក់ទំនង រវាងប្រជាជនទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត។
លោកបណ្ឌិត ថោង ខុន បានថ្លែងថា ទេសចរជប៉ុន នៅតែជាប្រភពទីផ្សារមួយដ៏សំខាន់សម្រាប់កម្ពុជា តួយ៉ាងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនភ្ញៀវទេសចរជប៉ុននៅកម្ពុជាឈរនៅលំដាប់លេខ៧ ក្នុងចំណោមទីផ្សារសំខាន់ៗទាំង១០របស់កម្ពុជា។ ឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរជប៉ុន ជាង២១ម៉ឺននាក់ កើនឡើង ៣.៥% ក្នុងចំណោមទេសចរអន្តរជាតិសរុបជាង ៦លាននាក់។ នៅរយៈពេល៩ខែ នៃឆ្នាំ២០១៩នេះ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាជាង ៤.៨លាននាក់ កើនឡើង ១០% ក្នុងនោះទេសចរជប៉ុនមានជិត ១៥ម៉ឺននាក់ ជាមួយនឹងកំណើន ២.៨% ធៀបនឹងឆ្នាំ២០១៨។ ដោយឡែក នៅឆ្នាំ២០១៨ មានទេសចរកម្ពុជាប្រមាណ ២ម៉ឺននាក់ បានទៅទស្សនាប្រទេសជប៉ុនដ៏ស្រស់ស្អាតផងដែរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ បានបន្តថា ការសម្រេចបាននូវកំណើនប្រចាំឆ្នាំដ៏ល្អនៃការមកដល់របស់ចំនួនភ្ញៀវទេសចរអន្តរជាតិ ពិសេសទេសចរជប៉ុន គឺអាស្រ័យដោយមានមូលដ្ឋានកំណត់ជាយុទ្ធសាស្រ្តច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការអនុវត្តគោលនយោបាយបើកចំហជើងមេឃ និងការសម្រួលការធ្វើដំណើររវាងប្រភពទីផ្សារសំខាន់ៗ ពិសេសរវាងកម្ពុជា-ជប៉ុន ដូចជាការផ្តល់ទិដ្ឋការ On Arrival, E-Visa, Multiple Visa ចូលច្រើនដង សម្រាប់រយៈពេល១ឆ្នាំ ២ឆ្នាំ និង៣ឆ្នាំ (ចាប់អនុវត្តតាំងពី២០១៣)។
ខណៈដែលនៅឆ្នាំ២០១៩នេះ គឺជាខួបលើកទី៦៦នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រជប៉ុន ការរៀបចំពិព័រណ៍ទេសចរណ៍ជប៉ុនលើកទី៣នេះ គឺមិនត្រឹមតែជួយផ្សព្វផ្សាយ និងជំរុញទេសចរណ៍រវាងកម្ពុជា និងជប៉ុនប៉ុណ្ណោះទេ តែថែមទាំងបានឆ្លុះបញ្ចាំងនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសមិត្តទាំងពីរ ដែលមានប្រវត្តិទំនាក់ទំនងល្អនឹងគ្នាដ៏យូរលង់ ហើយបន្តមកទល់បច្ចុប្បន្ននេះលើគ្រប់វិស័យ ក្នុងនាមជាដៃគូផ្លាស់ប្តូរខាងផ្នែកវប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម។ល។
ទន្ទឹមនឹងនេះ លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ថា កម្ពុជាក៏បាននឹងកំពុងខិតខំប្រឹងប្រែងពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍគោលដៅទេសចរណ៍ដែលមានស្រាប់ តាមរយៈការរៀបចំផែនការមេនៅតំបន់ប៉ូលទេសចរណ៍សំខាន់ ដូចជាសៀមរាប-អង្គរ តំបន់ឆ្នេរខេត្តកែប និងតំបន់អេកូទេសចរណ៍ ខេត្តមណ្ឌលគិរី រួមជាមួយនឹងការកៀរគរឱ្យមានការវិនិយោគលើការបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗបន្ថែមទៀត ពិសេសគម្រោងបង្កើតឱ្យមានតំបន់ទេសចរណ៍ពិសិដ្ឋ ដែលក្នុងនោះមានការអភិវឌ្ឍទេសចរណ៍ផ្ទះទី២ (Second Home Tourism) ទេសចរណ៍វ័យចំណាស់ សហគមន៍ទេសចរណ៍ ផ្ទះស្នាក់ទេសចរណ៍។ល។
ក្នុងនាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោកបណ្ឌិត ថោង ខុន ជឿជាក់យ៉ាងមុតមាំថា តាមរយៈពិព័រណ៍ទេសចរណ៍ជប៉ុនលើកទី៣នេះ កម្ពុជា-ជប៉ុននឹងអាចផ្សព្វផ្សាយបានកាន់តែទូលាយអំពីសក្តានុពលទេសចរណ៍ ក៏ដូចជាវប្បធម៌ ប្រពៃណីរបស់ជប៉ុន ហើយក៏ជាការចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ជប៉ុន ពិសេសបង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពយ៉ាងសំខាន់នៃប្រភពទីផ្សារកម្ពុជា សម្រាប់វិស័យទេសចរណ៍ជប៉ុន ហើយជាពិសេសក៏ជំរុញលំហូរទេសចរកម្ពុជាទៅជប៉ុនកាន់តែច្រើនផងដែរ។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ថោង ខុន បានប្រាប់ទៅលោក Mikami Masahiro ឱ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជួយលក់សំបុត្រដែលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកនៅឆ្នាំ២០២០ ដែលអាចនឹងមានរៀបចំជាស្តង់លក់សំបុត្រនៅ NOCC ផងដែរ៕