(ភ្នំពេញ)៖ ក្នុងខែវិច្ចិកា ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងគោលដៅចូលរួមធានានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា បានទទួលថវិកាបរិច្ចាគពីសប្បុរសជននានា នូវទឹកប្រាក់សរុបចំនួន៨៧,៣៧៩,៥៨២រៀល និង ១៣០,៥៦៧ដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ។
បើតាមមូលនិធិគន្ធបុប្ផា ថវិកាបរិច្ចាគសរុបក្នុងខែវិច្ជិកានេះ ទទួលបានពីសមាជិកសរុបចំនួន ៧,៥៨៩រូបដែលរួមមាន សមាជិកកិត្តិយសចំនួន៣រូប, សមាជិកគាំទ្រចំនួន ៥,១៧៩ រូប និងសប្បុរសជនផ្សេងៗចំនួន ២,៤០៧រូប។
តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា។
ក្នុងករណីលោក លោកស្រី អ្នកនាងកញ្ញា មានបំណងចូលរួមបរិច្ចាគដោយផ្ទាល់ នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជា មុនមកលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារយើងអាចរៀបចំកត់ត្រា ថវិកាបរិច្ចាគទាំងអស់ក្នុងបញ្ជីរួមតែមួយ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕